ខ្ញុំផ្ដល់ទឹក ផ្ដល់ត្រី ផ្ដល់ព្រៃ ផ្ដល់អ្វីៗគ្រប់យ៉ាងដល់មនុស្សគ្រប់គ្នា មិនថាពេលណា វេលាណា អ្នកជានរណា ឬអ្នកជាជាតិសាសន៍ណានោះទេ!
ខ្ញុំផ្ដល់គ្រប់យ៉ាងព្រោះតែខ្ញុំស្រលាញ់អ្នករាល់គ្នា ព្រោះយើងរស់នៅក្នុងធម្មជាតិតែមួយ យើងប្រៀបបានជាគ្រួសារតែមួយ អ្នកប្រៀបបានជាកូនៗរបស់ខ្ញុំ ហើយខ្ញុំប្រៀបបានជាអងរក្សដែលមើលថែផ្គត់ផ្គង់អ្នក។ ពីខ្ញុំ បឹងទន្លេសាបនៃទឹកដីខេត្តពោធិ៍សាត់ ទីឋាននៃស្ថានប្រពន្ធ័ដ៏រុងរឿង និងសម្បូរបែប។
សួស្ដី ខ្ញុំ Switching – ចម្លាស់ ថ្ងៃនេះខ្ញុំចង់ចែករំលែកបទពិសោធន៍មួយចំនួនទាក់ទងនឹងបឹងទន្លេសាបទៅកាន់អ្នករាល់គ្នា។
តាមរយះរូបភាពខាងលើ អ្នកទាំងអស់គ្នាប្រហែលជាភ្ញាក់ផ្អើលនឹងសម្រស់ដ៏ស្រស់ត្រកាលរបស់បឹងទន្លេសាប ភ្ញាក់ផ្អើលនឹងជីវចម្រុះដ៏សម្បូរបែបនៅទីនោះ ភ្ញាក់ផ្អើលនឹងស្ថានជម្រករបស់ប្រជាជននៅទីនោះ។
ប៉ុន្ដែអ្នកទាំងអស់គ្នាពុំបានចាប់អារម្មណ៍នឹងការប្រែប្រួល និងភាពខូចខាតរបស់បឹងទន្លេសាបដែលកំពុងជួបប្រទះនោះទេ។ កម្រិតទឹកនៅទីនោះនារដូវវស្សា ហាក់មានសភាពធ្លាក់ចុះយ៉ាងខ្លាំងបើធៀបជាមួយនឹងឆ្នាំមុនៗ ដែលធ្វើអោយប្រជាពលរដ្ឋនៅទីនោះពិបាកធ្វើដំនើរ ព្រមទាំងប្រកបរបរនេសាទត្រី នាំអោយប៉ះពាល់ដល់កត្ដាជីវភាពរបស់ពួកគាត់ជាខ្លាំង។
រីឯ បរិមាណជីវចម្រុះនៅទីនោះក៏ត្រូវបានបំផ្លាញ ដោយសារការបំពុលទឹក នេសាទខុសច្បាប់ ឬការបិទផ្លូវចរាចរណ៍បម្លាស់ទីរបស់មច្ឆាជាតិ។
នេះក៏ដោយសារការលោភលន់របស់មនុស្ស ដោយសារការមិនខ្វាយខ្វល់របស់មនុស្សពីធម្មជាតិ ដោយសារការគិតតែពីប្រយោជន៍របស់មនុស្ស ទើបធ្វើអោយសម្បត្ដិធម្មជាតិទាំងនោះត្រូវបាត់បង់បន្ដិចម្ដងៗដោយមិនដឹងខ្លួន។
អ្នកខឹងប្រជាជាននៅទីនោះណាស់មែនទេ? អត់ទេ អ្នកគ្រប់គ្នាសុទ្ធតែមានចំនែកខុសទាំងអស់ បូករួមទាំងខ្ញុំដែលកំពុងសរសេរអត្ថបទនេះផងដែរ។
កំណើនកម្ដៅក្នុងពិភពលោក ជាកត្ដាមួយក្នុងចំណោមកត្ដាដទៃទៀតដែលធ្វើអោយកម្រិតទឹកនៅទីនោះធ្លាក់ចុះ ព្រមទាំងជីវចម្រុះនៅទីនោះបាត់បង់។ ហើយចុះយើងគ្រប់់គ្នាបានជួយអ្វីខ្លះហើយដើម្បីទប់ស្កាត់នឹងការកើនឡើងកម្ដៅនៃពិភពលោក ក្រៅពីការប្រើប្រាស់យានយន្ដដោយមិនគិតពីផ្សែងប៉ះពាល់ដល់បរិយាកាស? ឡានមួយជិះម្នាក់ឯង? ផ្ទះមួយឡាន១០? ធ្វើអ្វីខ្លះ ក្រៅពីការប្រើប្រាស់ទឹកខ្ជះខ្ជាយ បើកទឹកចោលដោយមិនខ្វល់អោយតែមានលុយបង់ទឹក? ធ្វើអ្វីខ្លះ ក្រៅពីការប្រើប្រាស់ប្លាស្ទិចដោយមិនសំចៃដៃ? ធ្វើអ្វីខ្លះ ក្រៅពីការប្រើប្រាស់សម្ភារះខ្ជះខ្ជាយទិញហើយទិញទៀតតែមិនប្រើ ហើយសួរថាសម្រាមទាំងនោះយកទៅណា? ធ្វើអ្វីខ្លះ ក្រៅពីប្រើប្រាស់ថាមពលអគ្គិសនីដោយមិនគិតពីធនធានដែលនៅសល់?
សុំទោសប្រសិនបើខ្ញុំប្រើប្រាស់ពាក្យលើសលប់ក្នុងអត្ថបទមួយនេះ ប៉ុន្ដែវាល្មមដល់ពេលដែលយើងគ្រប់គ្នាចូលរួមថែរក្សា និងសន្សំសំចៃការប្រើប្រាស់ធនធានធម្មជាតិហើយ ព្រោះធម្មជាតិមិនត្រូវការយើងជាមនុស្សទេ យើងជាមនុស្សទេដែលត្រូវការធម្មជាតិ។