រាជធានីភ្នំពេញ ៖ អ្នកវិនិយោគធនាគារដីធ្លី ឬហៅថា Land Banking សញ្ជាតិអាមេរិក លោក John Jacob Astor និងលោក Songsakdi បានប្រើប្រាស់យុទ្ធសាស្ត្រ Land Banking វិនិយោគរយៈពេលវែងដោយផ្តោតលើដីធ្លីដែលមានសក្តានុពលខ្ពស់នៅតំបន់ជាយក្រុង បានជោគជ័យរហូតក្លាយជាមហាសេដ្ឋីអចលនទ្រព្យដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លា។
លោក ង៉ែត ជូ អ្នកជំនាញខាងវិស័យហិរញ្ញវត្ថុ និងអចលទ្រព្យមួយរូបនៅកម្ពុជា បានលើកឡើងថា «កម្ពុជាក៏ជាប្រទេសមួយដែលវិស័យដីធ្លីមានសក្តានុពលខ្លាំងដែរ ដូច្នេះខ្ញុំជឿជាក់ថា លោកអ្នក ជាពិសេសប្អូនៗយុវជនអាចប្រើយុទ្ធសាស្ត្រនេះ ដើម្បីអាចចូលនិវត្តន៍បានដោយធ្វើការត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ» ។ លោកបានបន្តថា «ឧទាហរណ៍ ប្រសិនបើអ្នកមានអាយុ២៥ឆ្នាំ ហើយអ្នកសន្សំប្រាក់បាន១ខែ៥០០ដុល្លា ឬ៦០០០ដុល្លាក្នុង១ឆ្នាំៗ ដើម្បីវិនិយោគលើដីធ្លីដែលមានកំណើនតម្លៃ២០% ក្នុង១ឆ្នាំ នោះ១៥ឆ្នាំក្រោយ (នៅពេលដែលអ្នកមានអាយុ៤០ឆ្នាំ) អ្នកអាចមានទ្រព្យសម្បត្តិប្រហែលកន្លះលានដុល្លា ។
ទ្រព្យសម្បត្តិត្រឹមកន្លះលានដុល្លាមិនច្រើនទេ ប៉ុន្តែអាចអោយអ្នកចូលនិវត្តន៍បានប្រសិនបើអ្នកចេះរស់នៅក្នុងជីវិតសាមញ្ញ (ពោល គឺចំណាយតិច) ហើយចេះចាត់ចែងទ្រព្យទាំងនោះ ដើម្បីបន្តបង្កើនចំណូល ឬជាទ្រព្យបន្ថែម ។ ឧទាហរណ៍ខាងលើគ្រាន់តែជាករណីដ៏សាមញ្ញ១ ប៉ុណ្ណោះ ជាក់ស្តែងប្រសិនបើអ្នកជាបុគ្គលដែលមានភាពអំណត់ ពូកែសន្សំ ឬប្រើប្រាស់ប្រភពទុនពីធនាគារ និងមានភាពវៃឆ្លាតខ្លាំងក្នុងការវិនិយោគក្នុងរយៈពេល១៥ឆ្នាំ អ្នកអាចសន្សំទ្រព្យបានរាប់លានដុល្លារតាមរយៈធនាគារដីធ្លី» ។
ដើម្បីសម្រេចបាននូវលទ្ធផលខាងលើ អ្នកគប្បីអនុវត្តន៍នូវជំហានទាំង៤ខាងក្រោម ៖ ជំហានទី១ គឺកសាងសមត្ថភាព (building skills) ៖ អ្នកត្រូវរៀនសូត្រពីការវិនិយោគ និងរបៀបធ្វើធនាគារដីធ្លីពីបុគ្គលដែលមានបទពិសោធន៍ ស្វែងយល់ពីផ្លូវច្បាប់ ទីផ្សារ និងជំនាញដទៃទៀតដូចជា ការចរចា។ល។ ជាពិសេសអ្នកគួរមានបុគ្គលដែលមានបទពិសោធន៍អនុវត្តផ្ទាល់ធ្វើជាអ្នកប្រឹក្សាយោបល់ (mentor) ដើម្បីជួយតំរង់ទិស និងផ្តល់យោបល់ដល់អ្នក ។ ជំហានទី២ គឺធ្វើផែនការវិនិយោគ (planning) ៖ អ្នកត្រូវប្រើពេលវេលារយៈពេលវែងរបស់អ្នកអោយមានប្រសិទ្ធិភាពខ្ពស់ ។
ក្នុង១ឆ្នាំៗ តើអ្នកនឹងវិនិយោគដីធ្លីប៉ុន្មានកន្លែង? ទំហំដីប៉ុណ្ណា? នៅតំបន់ណា?ទំហំទុនវិនិយោគប៉ុណ្ណា ? តើអ្នកបានប្រភពទុនពីណា ? ក្នុង១ឆ្នាំៗ អ្នកត្រូវគេតំឡើងប្រាក់ខែប៉ុន្មានភាគរយ ដើម្បីបង្កើនលទ្ធភាពវិនិយោគ ? ជំហានទី៣ គឺ ការបង្កើនទ្រព្យ (wealth accumulation) ៖ អ្នកចាប់ផ្តើមសិក្សាពីជំរើសនៃការវិនិយោគទៅតាមផែនការដែលបានគ្រោងទុក ។ ជារៀងរាល់ឆ្នាំអ្នកអនុវត្តតាមផែនការ និងមានភាពបត់បែនខ្លះៗទៅតាមសភាពការណ៍ជាក់ស្តែង ។ រួចអ្នករង់ចាំមើលការវិវត្តតាមរយៈភាពរីកចំរើននៃសេដ្ឋកិច្ច និងការកសាងហេដ្ឋារចនាសម្ពន្ធ័ដូចជា ផ្លូវ ទឹក ភ្លើង សំណង់លំនៅដ្ឋាន និងរោងចក្រជាដើម។ល ។ កំណើនប្រជាជនចាប់ផ្តើមកើនឡើងខ្លាំង តំរូវការដីធ្លីក៏មានកាន់តែខ្លាំង រីឯតម្លៃក៏ឡើងតាមនោះដែរ។
ជំហានទី៤ គឺការបែងចែកទ្រព្យសម្បត្តិ (wealth distribution)៖ ប្រមាណ១៥ឆ្នាំក្រោយជាដំណាក់កាលដែលអ្នកប្រមូលផលពីការវិនិយោគលើធនាគារដីធ្លីប្រកបដោយចក្ខុវិស័យ ។ អ្នកអាចលក់ដីធ្លីមួយចំនួន ដើម្បីបង្កើតជាចំណូលប្រចាំខែ ឬលក់ដីធ្លីខ្លះទៀតយកទុនទៅវិនិយោគលើឃ្លាំង ឬអគារសំរាប់ជួល ឬវិនិយោគក្នុងក្រុមហ៊ុននានាយកភាគលាភប្រចាំឆ្នាំ (annual dividend) ដើម្បីចិញ្ចឹមគ្រួសារ និងរីករាយជាមួយជីវិតដែលមានសេរីភាពហិរញ្ញវត្ថុ ។ សកម្មភាពវិនិយោគទាំងនេះសុទ្ធតែជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ចំណែកដីធ្លីខ្លះទៀត ដែលនៅមានសក្តានុពលកើនតម្លៃខ្ពស់គួរបន្តរក្សាទុកជាការបង្កើនទ្រព្យ ។ សូមបញ្ជាក់ថា អត្ថបទខាងលើ គឺជាលទ្ធផលនៃការអនុវត្តជាក់ស្តែង ការសិក្សាស្រាវជ្រាវ និងការវិភាគទៅតាមបរិបទនៃទីផ្សារ និងសេដ្ឋកិច្ចកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖កោះសន្តិភាព