ខ្សែបម្រើប្រយុទ្ធ Santi Cazorla យល់ព្រមផ្លាស់ទៅចូលរួមជាមួយក្លិប Al Sadd នៅឯប្រទេសកាតាបន្ទាប់ពីកុងត្រាកីឡាកររូបនេះបានអស់សុពលភាពជាមួយក្លិបអេស្ប៉ាញ Villarreal។
អតីតកីឡាកររបស់ក្លិប Malaga និង Arsenal រូបនេះ នឹងត្រូវផ្លាស់ទៅលេងក្រោមការដឹកនាំរបស់លោក Xavi គ្រូបង្វឹកក្លិប Al Sadd ក្នុងពេលឆាប់ៗខាងមុខ។ Cazorla បានចំណាយពេល ២ រដូវកាលចុងក្រោយរបស់ខ្លួនលេងឱ្យ Villarreal ដែលជាក្លិបរូបគេប្រកបអាជីពដំបូងកាលពីឆ្នាំ២០០៣ មុនផ្លាស់ទៅលេងនៅបណ្តាក្លិបផ្សេង។
Tweet ផ្លូវការរបស់ក្លិប Al Sadd បានបង្ហាញចំណាប់អារម្មណ៍ជុំវិញការផ្លាស់មកចូលរួមជាមួយពួកគេដោយសរសេរថា «យើងបានឈានដល់កិច្ចព្រមព្រៀងជាមួយ Santi Cazorla ហើយ។ គាត់នឹងមកដល់ទីក្រុងដូហាក្នុងពេលឆាប់ៗនេះ ដើម្បីបំពេញបែបបទនិងចូលរួមជាមួយក្រុម។ សូមស្វាគមន៍មកកាន់ Al Sadd Santi!»៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore