រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់មានផ្ទៃពោះប្រហែល២ខែ តូចចិត្តនឹងបុរសម្នាក់មិនព្រមទទួលស្គាល់កូនក្នុងផ្ទៃ ក៏ផឹកស្រាស្រវឹង រួចជិះម៉ូតូមកពីទួលសង្កែ ដោយយកដុំថ្មគប់ទៅលើបុរសនោះ ធ្វើឲ្យបុរសនោះទ្រាំមិនបានក៏ប្រវាយប្រតប់វិញរហូតសន្លប់នៅនឹងកន្លែងកើតហេតុ។
ការភ្ញាក់ផ្អើលនេះកើតឡើង កាលពីម៉ោង៧ និង៣0នាទីយប់ ថ្ងៃទី២0 ខែកក្កដា ឆ្នាំ2020 តាមបណ្តោយផ្លូវ552 កែងផ្លូវ289 នៅចំណុចក្រោយប៉េអឹមលើផ្ទៃប្រទេស ស្ថិតនៅក្នុងសង្កាត់បឹងកក់1 ខណ្ឌទួលគោក។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ វ័យជាង30ឆ្នាំ បានផឹកស៊ីនៅទួលសង្កែ១ លុះពេលដែលស្រវឹងស្រា ស្រាប់តែពឹងឱ្យគេជួយដឹកតាមម៉ូតូមកដល់កន្លែងកើតហេតុ ក៏ឃើញបុរសជាដៃគូរ របស់គាត់ ភ្លាមនោះស្រាប់តែស្ត្រីរូបនោះស្ទុះ ទៅយកដុំថ្មគប់ ហើយប្រវាយតប់គ្នាឡើងផ្អើលពេញផ្លូវ រហូតដល់ខាងខាងប្រុសខឹងទ្រាំលែងបានក៏វាយតបតទៅវិញ បណ្តាលឱ្យជ្រុលដៃរវាយស្ត្រីនោះសន្លប់នៅនឹងកន្លែង កើតហេតុអស់រយៈពេលជិត1១៥នាទី ទើបដឹងខ្លួនវិញ។
ស្ត្រីនោះបាននិយាយថា ខ្លួនបានស្គាល់គ្នាជាមួយបុរសនោះ តាំងពីមុនចូលឆ្នាំខ្មែរ រហូតមកដល់ពេលនេះមានផ្ទៃពោះបានប្រហែល២ខែទៅហើយ ប៉ុន្តែខាងប្រុសមិនទទួលខុសត្រូវនោះទេ ដោយទុកគាត់ចោល ទើបគាត់ទ្រាំលែងបានក៏ធ្វើរឿងបែបនេះតែម្តងទៅ ហើយគាត់មិនចង់បានអីច្រើននោះទេ គ្រាន់តែចង់ឱ្យខាងប្រុសចេញមកដោះស្រាយជាមួយគាត់តែប៉ុណ្ណោះ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា បុរសដែលគេស្គាល់ថា ឈ្មោះស្មី ជាមេការសំណង់នៅក្នុងការដ្ឋានខាងលើនេះ គឺគាត់មានប្រពន្ធរស់នៅជាមួយគ្នា ហើយប្រពន្ធគាត់មិនដែលរករឿងគាត់នោះទេ មកពីខាងប្រពន្ធចុងចេះតែមកទាក់ទងជាមួយគាត់ខ្លួនឯង រួចហើយមុនកើតហេតុមួយថ្ងៃ គឺប្រពន្ធចុងនេះបានមករករឿង និងឈ្លោះគ្នាជាមួយនឹងខាងបុរសជាមេការសំណង់នេះម្តងហើយតាំងពី4ល្ងាច ហើយគាត់ខឹងក៏មិនបានទៅប្តឹង ឬមួយតបតអ្វីនោះទេ មិនតែប៉ុណ្ណឹងហើយនៅតែរករឿងគាត់ទៀត។ ហើយភ្លាមៗនោះដែរ ក៏មានរថយន្តសង្គ្រោះបានមកដល់កន្លែងកើតហេតុចំនួន២គ្រឿង ប៉ុន្តែប្រពន្ធចុងមិនព្រមឡើងនោះទេ សុខចិត្តដេកយំស្រែកនៅលើដីអោយផ្អើលគេឯង ។
ក្រោយពេលកើតហេតុខាងលើនេះ គឺសមត្ថកិច្ចបានហៅម៉ូតូកង់បីអោយដឹកយកស្ត្រីប្រពន្ធចុងយកទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកក់១ ដើម្បីដោះស្រាយគ្នានៅពេលក្រោយទៀត៕ ត្នោត