រាជធានីភ្នំពេញ ៖ បុរសជនជាតិម៉ាឡេស៊ី២នាក់ និងខ្មែរ២នាក់ ជាម្ចាស់ក្រុមហ៊ុនផ្ដល់ប្រាក់កម្ចីត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធបទល្មើស «គំរាមកំហែងថានឹងសម្លាប់ និងកំហែកយក» ។
ជនសង្ស័យដែលបញ្ជូនមកតុលាការ ទី១- ឈ្មោះ tong chin Kun ហៅ ck ជនជាតិចិន ។ ទី ២- ឈ្មោះ yong Zheng how ជនជាតិចិន ។ ទី៣- ឈ្មោះ លីម៉ាលិច ជនជាតិខ្មែរ ។ ទី៤- ឈ្មោះ ស៊ីវ តាំងយ៉ាន់ ជនជាតិខ្មែរ ។ ដើមបណ្ដឹងក្នុងរឿងក្ដីនេះឈ្មោះ អ៊ឹម ពុទ្ធាវី ភេទស្រី និងឈ្មោះ ទ្រិន ជេនីហ្វ័ ភេទស្រី ។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា កាលពីថ្ងៃទី០៤ កញ្ញា ឆ្នាំ២០២០ ក្រុមគ្រួសារជនរងគ្រោះបានខ្ចីប្រាក់ពីក្រុមហ៊ុនកម្ចីប្រាក់ភ្នំពេញ ដោយទំនាក់ទំនងទូរស័ព្ទលេខ ០៩៦ ៣០ ៦៣ ២៥៨ មានតេឡេក្រាម និងគណនីហ្វេសបុកឈ្មោះ TOTA និងឈ្មោះ Eric chia ចំនួន៣០០០ ដុល្លារក្នុងរយៈពេល១០ថ្ងៃ ដោយគិតការប្រាក់ និងសេវាផ្សេងៗចំនួន១ ៦០០ដុល្លារ ហើយខ្លួនបានទទួលប្រាក់ពីក្រុមហ៊ុនតែ១៤០០ដុល្លារប៉ុណ្ណោះ ហើយត្រូវបង់អោយក្រុមហ៊ុនវិញចំនួន៣០០ដុល្លារក្នុងមួយថ្ងៃ ហើយបើបង់យឺតមួយថ្ងៃ ក្រុមហ៊ុននិងពិន័យមួយគុណនិង២ដង ។
ដោយមានការតឹងតែងពេកខ្លួនបានស្នើអោយក្រុមហ៊ុនបន្ធូបន្ថយខ្លះ តែក្រុមហ៊ុនមិនព្រម ។ លុះដល់ថ្ងៃទី០៧ កញ្ញា ឆ្នាំ២០២០ ខ្លួនមានការខកខានមិនបានបង់ប្រាក់ព្រោះរកប្រាក់មិនបាន ក៏ស្រាប់តែមានជនជាតិចិនម៉ាឡេ២នាក់ និងខ្មែរ២នាក់ នៅក្នុងក្រុមហ៊ុន បានមកគំរាមកំហែងដល់ផ្ទះថា នឹងសម្លាប់ក្រុមគ្រួសារខ្លួន និងបង្ហោះរូបភាពក្នុងហ្វេសបុកឈ្មោះ TOTA តាមឆាត និងតេឡេក្រាម ព្រមទាំងបោះត្រាក់រូបភាពក្រុមគ្រួសារដាក់ស៊ុម រូបថតដូចជា មនុស្សស្លាប់ ក្នុងន័យគំរាមកំហែងថា នឹងសម្លាប់នៅខាងមុខផ្ទះរបស់ខ្លួនទៀតផង ។
លុះដល់ថ្ងៃទី១២ កញ្ញា ឆ្នាំ២០២០ ខាងក្រុមហ៊ុនបានបញ្ជូនបុរសជនជាតិម៉ាឡេ២នាក់ និងខ្មែរ២នាក់ ទៅគំរាមកំហែងជនរងគ្រោះដល់ផ្ទះទៀតក៏ត្រូវជនរងគ្រោះប្ដឹងសមត្ថកិច្ចមកចាប់ក្រុមជនសង្ស័យតែម្ដង ។ ឥឡូវនេះព្រះរាជអាជ្ញាអមតុលាការកំពង់ធ្វើការសាកសួរជនសង្ស័យទាំង៤នាក់នៅឡើយ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព