ពិភពលោកមិននៅនឹងមួយកន្លែងទេ ដូច្នេះអាជីវកម្មត្រូវតែចេះសម្របខ្លួនទៅតាមការផ្លាស់ប្តូរដើម្បីបង្កើនប្រាក់ចំណូល និងប្រសិទ្ធភាពការងារ។ វិធីងាយមួយក្នុងការធ្វើដូច្នេះគឺការបង្រៀនជំនាញទន់ដល់បុគ្គលិករបស់ខ្លួន។ តើអាជីវករអាចធ្វើដូច្នេះបានដោយវិធីណា?
១. បណ្តុះផ្នត់គំនិតចង់រៀន
ការបង្រៀនជំនាញទន់ដូចជាការរឹងមាំ ចំណេះដឹងផ្នែកសតិអារម្មណ៍ និងភាពរហ័សរហួនគឺជាជំហានល្អមួយដែលជួយត្រៀមអាជីវកម្មរបស់អ្នកសម្រាប់ការផ្លាស់ប្តូរផ្សេងៗ។ ប៉ុន្តែជាដំបូង អ្នកត្រូវដឹងថាអ្នកមិនអាចបង្ខិតបង្ខំបុគ្គលិករបស់អ្នកឲ្យរៀនបានទេប្រសិនបើពួកគេមិនមានចិត្តចង់រៀន។យ៉ាងណាក្តី អ្នកអាចធ្វើជាឧទាហរណ៍ដល់ពួកគេដើម្បីឲ្យពួកគេមើលឃើញគំរូដែលខ្លួនអាចធ្វើតាមបាន។
២. ជំរុញឲ្យមានការឆ្លុះបញ្ចាំងពីខ្លួនឯង
មុនពេលសម្រេចចិត្តផ្តល់ការហ្វឹកហាត់ដល់បុគ្គលិករបស់អ្នក អ្នកត្រូវគិតសិនថាជំនាញអ្វីដេលបុគ្គលិករបស់អ្នកត្រូវការជាងគេ។ អ្នកគួរតែជំរុញឲ្យបុគ្គលិកគិតពីជំនាញដែលពួកគេមាន និងជំនាញដែលពួកគេចង់រៀនសូត្របន្ថែម។
៣. ពង្រីកចំណេះដឹង និងការយល់ដឹង
មានពេលខ្លះ បុគ្គលិករបស់អ្នកគ្រាន់តែត្រូវការការអប់រំបន្តិចបន្តួចតែប៉ុណ្ណោះមុននឹងអាចធ្វើការបានដោយមានប្រសិទ្ធភាពជាងមុន។ ដូច្នេះវគ្គខ្លីៗអាចជាជ្រើសល្អមួយសម្រាប់ពួកគេបានដែរ។ ប្រសិនបើបុគ្គលិករបស់អ្នកនៅវ័យក្មេង អ្នកក៏អាចជំរុញទឹកចិត្តពួកគេឲ្យរៀនអនឡាញបានដែរ។
៤. ផ្តល់ឱកាសឲ្យពួកគេអនុវត្ត
ការអនុវត្តមានសារៈសំខាន់ណាស់ ដូច្នេះបន្ទាប់ពីអ្នកផ្តល់ឱកាសរៀនហើយ អ្នកត្រូវផ្តល់ឱកាសឲ្យពួកគេអនុវត្តអ្វីដែលពួកគេបានរៀនដែរ។ ជាទូទៅ ការហ្វឹកហាត់ជាក្រុម ឬការធ្វើទស្សនកិច្ចអនុញ្ញាតឲ្យបុគ្គលិកអនុវត្ត និងរៀនធ្វើការជាក្រុមបានល្អជាងមុនបាន៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព