ព្យុះសង្ឃរាកំណាចឈ្មោះ Sally កំពុងតែធ្វើដំណើរទៅកាន់តែកៀកតំបន់ឆ្នេរសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃពុធនេះ ដោយគំរាមកំហែងដល់បណ្តារដ្ឋធំៗជាច្រើន ពីគ្រោះទឹកជំនន់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក នាំឲ្យរដ្ឋធំៗចំនួន ៤ ជំរុញពលរដ្ឋចាកចេញពីតំបន់ឆ្នេរដើម្បីសុវត្ថិភាព។
តំបន់ឆ្នេរក្នុងរដ្ឋ Alabama, Florida និង Mississippi បានរងការវាយប្រហារដោយព្យុះ Sally ចាប់ពីថ្ងៃពុធនេះ កំពុងបង្កឲ្យមានទឹកជំនន់កើនឡើងខ្ពស់មិនធ្លាប់មានក្នុងសហរដ្ឋ ជាមួយកម្ពស់ទឹកដល់ទៅ ៧ហ្វីត ស្មើប្រមាណ ២មែត្រ តាមតំបន់មួយចំនួន។ នេះបើយោងតាមសេចក្តីប្រកាសពីមជ្ឈមណ្ឌលគ្រប់គ្រងព្យុះសង្ឃរាជាតិ NHC។
គួរបញ្ជាក់ថា ព្យុះសង្ឃរា Harvey ដែលវាយប្រហារអាមេរិក កាលពីឆ្នាំ ២០១៧ ក៏បង្កឲ្យមានទឹកជំនន់តាមតំបន់ជាច្រើនក្នុងទីក្រុង Houston នឹងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ ខណៈព្យុះ Sally នៅពេលនេះ គឺខ្លាំងជាព្យុះ Harvey កាលពីពេលមុនទៅទៀត ដោយកម្ពស់ទឹក រំពឹងខ្ពស់ជាង ដល់ទៅ ២ហ្វីតឯណោះ៕ ដោយ៖ ត្នោត