រាជធានីភ្នំពេញ ៖ ថ្មីៗនេះមានព្រះសង្ឃជាង១២០អង្គបានក្តៅខ្លួន ហៀរសំបោរ និងមានអាការៈក្អក នៅខេត្តចំនួន៤ ដែលក្រោយមកក្រសួងសុខាភិបាលបានយកសំណាកមួយចំនួនធ្វើតេស្ត រកឃើញថា ជាជំងឺផ្តាសាយធំ មិនមែនជាជំងឺកូវីដ ១៩ ឡើយ ។
ជាថ្មីម្តងទៀតលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានពន្យល់លម្អិតនៅថ្ងៃទី ១៦ ខែកញ្ញា នូវស្ថានភាពជំងឺគ្រុនផ្តាសាយធំនៅទូទាំងប្រទេសកម្ពុជា ថា កន្លងមកតាមការសរុបខេត្តចំនួនបួន (តាកែវ ត្បូងឃ្មុំ បាត់ដំបង និងបន្ទាយមានជ័យ) ដែលមានព្រះសង្ឃអាពាធរោគាកន្លងមក និងក្នុងពេលថ្មីៗនេះ មានចំនួនប្រមាណជាង១២០អង្គហើយ ដែលឆ្លងជំងឺផ្តាសាយធំ ។
ព្រះសង្ឃដែលអាពាធស្ទើរតែទាំងអស់បានព្យាបាលជាសះស្បើយហើយនៅសេសសល់ចំនួនតិចតួចប៉ុណ្ណោះដែលនៅបន្តការព្យាបាល តែស្ថានភាពបានធូរស្រាលហើយដែរ ។ លោកស្រីបានបញ្ជាក់អំពីមូលេហតុនៃការកើតមានជំងឺផ្តាសាយធំ ក្នុងចំណោមព្រះសង្ឃយ៉ាងដូច្នេះថា «ជាទូទៅកត្តាដែលឲ្យមានបញ្ហាសុខភាពបែបនេះ គឺមានកត្តាជាច្រើនដូចជា ការប្រែប្រួលអាកាសធាតុ ការវិវត្តបម្រែបំរួលនៃវីរុស ឫមេរោគផ្សេងៗនៅក្នុងបរិស្ថានដែលផ្តល់អំណោយផលគួបផ្សំនឹងការបម្រែបម្រួលអាកាសធាតុ ឫមានការប៉ះពាល់ជាមួយពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ និងពពួកសត្វបក្សី ដែលអាចចម្លងវីរុសណាមួយមកបុគ្គល ឫការបរិភោគពពួកសត្វទាំងនេះដែលចម្អិនមិនបានឆ្អិន និងមានកង្វះការអនុវត្តអនាម័យដៃ និងខ្លួនប្រាណ ឆ្លងតាមការក្អកកណ្តាស់ ដែលមិនបានខ្ទប់មាត់ និងច្រមុះបានត្រឹមត្រូវ ឫឆ្លងតាមការប៉ះពាល់ទឹកផ្លូវដង្ហើមអ្នកដែលឈឺ ជាដើម» ។
លោកស្រីអ្នកនាំពាក្យបានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងព្រះសង្ឃ លោកតាអាចារ្យ លោកយាយជី និងគណកម្មការវត្តទូទាំងប្រទេសកម្ពុជា ចូលរួមអនុវត្តន៌វិធានការ ៖ ត្រូវមានអនាម័យខ្លួនប្រាណ ជាពិសេសអនាម័យដៃឲ្យបានស្អាតជាប់ជានិច្ច ដោយលាងសម្អាតឲ្យបានញឹកញាប់ តាមបច្ចេកទេសណែនាំរបស់ក្រសួងសុខាភិបាល ។ ប្រើម៉ាស់ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារ៉ាម ឫកន្លែងដែលមានមនុស្សម្នាច្រើន ហើយពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់នុងច្រមុះ ដោយប្រេកន្សែង ក្រម៉ា ក្រដាសជូតមាត់ ឫកែងដៃ ជាដើម ។
ត្រូវចេះរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើងទៅ ចៀសវាងការប៉ះពាល់ជាមួយសត្វដែលបំបៅកូនដោយទឹកដោះ និងសត្វបក្សី ដោយផ្ទាល់។ ប្រសិនបើបានប៉ះពាល់ ត្រូវតែលាងដៃជាមួយសាប៊ូ ឲ្យឆាប់ មុននឹងចាប់កាន់របស់របរ ឫមុននឹងប៉ះពាល់ផ្ទៃមុខរបស់បុគ្គល ។ ត្រូវបរិភោគម្ហូបអាហារឆ្អិនល្អ រក្សាអនាម័យចំណីអាហារ និងទុកដាក់ម្ហូបអាហារដាច់ដោយឡែកពីគ្នា តាមការណែនាំបច្ចេកទេសរបស់ក្រសួងសុខាភិបាលជារឿយៗរួចមកហើយ ។ បើមានបញ្ហាសុខភាព មិនត្រូវចូលរួមពិធី ឫកម្មវិធីណាមួយនោះឡើយ ដោយត្រូវស្នាក់ក្នុងកុដិ ឫទីកន្លែងណាមួយដាច់ដោយឡែកពីគេកុំឲ្យមានការចម្លងបន្តគ្នា ហើយស្វែងរកការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នក ។ រាយការណ៌ទៅលេខ ១១៥ (មិនមានថវិកា ក៏អាចហៅចូលបានដែរ) ឫទៅមន្ទីរសុខាភិបាលខេត្ត ឫទៅមណ្ឌលសុខភាពដែលនៅជិតលោកអ្នក ។
សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ ចៀសផុតនូវជំងឺឆ្លងនានា ជាពិសេសជំងឺកូវីដ-១៩ និងជំងឺគ្រុនផ្តាសាយធំនេះ ។ សូមរីករាយក្នុងក្រុមគ្រួសារ ក្នុងថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះផងដែរ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព