រាជធានីភ្នំពេញ ៖ បច្ចុប្បន្នក្រសួងបរិស្ថានមានយុត្តការណ៍ធិការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិជាង ៦០កន្លែង ដែលមានផ្ទៃដីសរុប ៧,៣ លានហិកតា ដែលស្មើប្រមាណ ៤១%នៃផ្ទៃដីប្រទេសកម្ពុជា ដែលសម្បូរទៅដោយជីវៈចម្រុះគ្រប់ប្រភេទ។នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នេះ។
ក្នុងការទទួលជួបក្រុមអេកូយុវទូត ដែលជានិស្សិតមកពីសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ និងមកពីតាមខេត្តដែលលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថា ក្រុមអេកូយុវទូត មានបំណងស្វែងយល់ពីតួនាទីភារកិច្ចក្រសួងបរិស្ថានជាពិសេសពាក់ព័ន្ធនឹងការអភិរក្សតំបន់ការពារធម្មជាតិ ស្ថិតនៅក្នុងអាងទន្លេមេគង្គក្នុងប្រទេសកម្ពុជា និងការអភិរក្សសត្វព្រៃក៏ដូចជា ការងារអប់រំ និងផ្សព្វផ្សាយបរិស្ថាន។
លោក នេត្រ ភក្ត្រា បានបន្ថែមថា ពួកគាត់ពិតជារីករាយដែលបានទទួលព័ត៌មានសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងការការពារ និងអភិរក្សធនធានធម្មជាតិ និងបានចោទសំណួរជាច្រើន ដើម្បីជាការយល់ដឹងបន្ថែម ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ប្រាប់ដល់ក្រុមអេកូយុវទូត អំពីសរសរស្តម្ភទាំង ៤ របស់ក្រសួងបរិស្ថាន គឺកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ។
ជាមួយគ្នានេះ ក្រុមអេកូយុវទូតក៏បានស្តាប់បទបង្ហាញពីកិច្ចការអភិរក្សជីវៈចម្រុះពីលោក ស្រី ស៊ុនលាង ប្រធាននាយកដ្ឋានអភិរក្សដីសើមទឹកសាប និងការអបរំបរិស្ថានពីសំណាក់លោកស្រី មាស ច័ន្ទធីតា អគ្គនាយិការងនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានផងដែរ ៕ ត្នោត