ព្រះបាទជ័យវរ្ម័នទី៧ បានកសាងសំណង់ប្រាសាទ, ស្ពានថ្នល់, សាលាសំណាក់ និងសមិទ្ធផលជាច្រើនរាប់មិនអស់ក្នុងនោះមានមន្ទីរ១០២នៅទូទាំងអាណាចក្រខ្មែរនាសម័យអង្គរ។
ក្នុងនោះប្រាសាទក្រពុំឈូក គឺជាសំណង់មន្ទីរពេទ្យមួយក្នុងចំណោម១០២របស់ព្រះអង្គ។ ប្រាសាទក្រពុំឈូក ស្ថិតនៅក្នុងឃុំរំដោះ ស្រុករវាង ខេត្តព្រះវិហារ មានចម្ងាយប្រមាណ៤៥ គ.ម ពី ទីរួមខេត្តព្រះវិហារ។
ប្រាសាទនេះសាងសង់ពីថ្មបាយក្រៀម និងថ្មភក់ត្រូវបានកសាងឡើងនាចុងស.វទី១២ និងដើមស.វទី១៣ តាមលំនាំរចនាបថបាយ័ន។ តួប៉មមានកម្ពស់ប្រមាណ១២ម៉ែត្រ និងកំពែងព័ទ្ធជុំវិញនៅសេសសល់លក្ខណៈល្អបង្គួរ លើកលែងតែគោបុរៈនៅទិសខាងកើតបានបាក់បែកស្ទើរទាំងស្រុង។
អ្នកបុរាណវិទ្យាយល់ថាប្រាសាទក្រពុំឈូកជាសំណង់ប្រាសាទមិនទាន់សម្រេចចប់សព្វគ្រប់ ដោយផ្អែកតាមការធ្វើកំណាយទៅលើតំបន់នៃប្រាសាទទាំងមូលឃើញថា សសរពេជ្រ ផ្ដែរ និងទ្វារចូលទៅក្នុងប្រាសាទ គឺនៅមិនទាន់មានការដាប់ ឬឆ្លាក់រចនាលម្អអ្វីនោះឡើយ៕
អត្ថបទ៖ WowCambodian /រូបភាព៖ ទី សារឿន x Unknown