ប្រទេសអ៊ីរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់IRNA រាយការណ៍ថា នាខែកន្លងទៅឧប្បត្តិហេតុនៅតាមបណ្ដាទីតាំងរស៊ើបអ៊ីរ៉ង់កើតមានកាន់តែច្រើន ។ នាថ្ងៃទី១៩ កក្កដា មានការផ្ទុះឆេះថ្មី កើតមាននៅក្នុងមជ្ឈមណ្ឌលអគ្គិសនីមួយនៃខេត្ត អ៊ីស្បា៉ហានភាគកណ្ដាលប្រទេស ។
ការផ្ទុះឆេះនៅក្នុងទីតាំងមជ្ឈមណ្ឌលអគ្គិសនីនោះ កើតមានកាលពីថ្ងៃទី១៩ កក្កដា ដោយពុំបណ្ដាលឲ្យមានជនរងគ្រោះណាម្នាក់ឡើយ ។
អគ្គនាយករបស់ក្រុមហ៊ុនអគ្គិសនីខេត្តអ៊ីស្ប៉ាហានថ្លែងប្រាប់ IRNA ថា ការផ្ទុះឆេះបណ្ដាលមក
ពីភាពចាស់ទ្រុឌទ្រោមនៃត្រង់ស្វ័រម៉ាទ័រមួយរបស់មជ្ឈមណ្ឌលនោះ ។ កិច្ចដំណើរការរបស់ទីតាំងនោះត្រូវដាច់រយៈពេល២ម៉ោង ។ អគ្គិភ័យកើតមានក្នុងថ្ងៃជាមួយគ្នានោះដែរ ក្នុងរោងចក្រមួយនាភាគពាយ័ព្យអ៊ីរ៉ង់ ដោយតាមរយៈវីដេអូមួយ គេឃើញផ្សែងខ្មៅយ៉ាងក្រាស់ហុយចេញពីទីតាំងនោះ ។ ការឆេះនេះកើតមានក្នុងទីក្រុងSHEIKH HASSAN ខេត្តអាហ្សែរបៃហ្សាន់ខាងកើត ។
មានការផ្ទុះឆេះជាច្រើនកើតមាននៅជុំវិញ បណ្ដាទីតាំងយោធា នុយក្លេអ៊ែរ និងឧស្សាហកម្ម
អ៊ីរ៉ង់ ចាប់តាំងពីដំណាច់ខែមិថុនាមក ។ អគារមួយរងការខូចខាតធ្ងន់ធ្ងរដោយសារការផ្ទុះឆេះ ក្នុងទីតាំងនុយក្លេអ៊ែរអីុរ៉ង់ NATANZ ។ រួចអគ្គិភ័យធំមួយកើតមានកាលពីថ្ងៃទី១៥ កក្កដា នៅការដ្ឋាននាវាមួយនាកំពង់ផែ BOUCHHR បណ្ដាលឲ្យនាវាជាច្រើនគ្រឿងដែលកំពុងកសាងរងការខូចខាត តែមិនបណ្ដាលឲ្យមានអ្នកស្លាប់ឡើយ ។
ចំណែកការផ្ទុះឆេះ២កើតមាននៅក្រុងតេហេរ៉ង់ ដោយមួយនៅក្បែរទីតាំងយោធាសំខាន់មួយ និងមួយទៀតក្នុងគ្លិនិកមួយដែលបណ្ដាលឲ្យមនុស្សស្លាប់ដល់១៩នាក់ ។ ការផ្ទុះឆេះទី៣កើតមានក្នុងរោងចក្រមួយនាភាគខាងត្បូងក្រុងបណ្ដាលឲ្យមនុស្សស្លាប់២នាក់ ។
ព្រឹត្តិការណ៍ទាំងនោះត្រូវបានបកស្រាយជាផ្លូវការថា មកពីឧប្បត្តិហេតុតែពលរដ្ឋអ៊ីរ៉ង់ជាច្រើនយល់ថានោះជាលទ្ធផលនៃសកម្មភាពលួចលាក់របស់អ៊ីស្រាអែល ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព