រយៈពេល៨ខែ រាជរដ្ឋាភិបាលផ្តល់ថវិកា៧៨.៧ ពាន់លានរៀលដល់ស្ត្រីសម្រាលកូនជាសមាជិក ប.ស.ស
រាជធានីភ្នំពេញ ៖ គិតចាប់ពីថ្ងៃដាក់ឲ្យដំណើរការនៃការផ្តល់ជូនគោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល គឺមានរយៈពេល៨ខែ (ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០) ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៧៨.៧ ពាន់លានរៀល ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បើកផ្តល់ជូនស្ត្រីសម្រាលកូនចំនួន១៩៥ ៥៣០នាក់ ក្នុងនោះកូន ចំនួន១៩៦ ៨៦៦នាក់ ។
យោងតាមរបាយការណ៍របស់ការិយាល័យតាវកាលិក នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ចេញផ្សាយកាលពីថ្មីៗកន្លងមកនេះបានរៀបរាប់ថា គ្រាន់តែក្នុងខែសីហា ឆ្នាំ២០២០ ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលជាង២.២ ពាន់លានរៀល ដែល ប.ស.ស បានបើកផ្តល់ជូនសមាជិក ប.ស.ស ជាស្ត្រីសម្រាលកូនចំនួន៥ ៦៦២ នាក់ ដែលមានចំនួនកូនសរុបចំនួន៥ ៦៩៩ នាក់ ។
សូមរំលឹកថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សមាជិក ប.ស.ស. ជាស្ត្រីទាំងក្នុង និងក្រៅប្រ័ពន្ធ ពេលសម្រាលត្រូវអនុវត្តតាមសេចក្តីណែនាំដូចខាងក្រោម ៖ ទី១ -កម្មករនិយោជិតជាស្ត្រី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស. ក្នុងរាជធានី ខេត្ត ក្នុងអំឡុងពេលយ៉ាងយូរ៣ខែ មុនសម្រាលកូន ។ ទី២-សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវលិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់ កាលបរិច្ឆេទត្រូវសម្រាល (អេកូ) ប័ណ្ណសមាជិក ប.ស.ស. ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួនដែលអាចទំនាក់ទំនងបាន ។
ទី៣-ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស. ក្នុងអំឡុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស. យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន ។ និងទី៤-សាមីខ្លួន ឬសាច់ញាតិត្រូវជូនដំណឹងមក ប.ស.ស. តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស.៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព