រាជធានីភ្នំពេញ ៖ នៅក្នុងវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្នហាក់នៅតែមានសន្ទុះ បើទោះបីពិភពលោកកំពុងរងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្តី ប៉ុន្តែក្នុងប្រទេសកម្ពុជាការលក់ដីធ្លី ឬផ្ទះសំបែងនានាហាក់ដំណើរការជាធម្មតា ។ ក៏ដូចគ្នានេះដែរ មាស ក៏ដូចជា សំភារៈមួយចំនួន ដូចជាកង់ ក៏មានការបញ្ជាទិញពីប្រជាជនផងដែរ ។ រីឯខាងផ្នែកកសិកម្មឯនោះវិញ ហាក់មានសន្ទុះខ្លាំងក្លា រហូតការភ្ញាស់ ការផលិតមិនទាន់អ្នកទិញនោះទេ ។
យ៉ាងណាមិញ ក្នុងគ្រានេះ យើងសូមលើកយកគន្លឹះខ្លះៗ នៃការតស៊ូធ្វើយ៉ាងណា ដើម្បីឱ្យខាងផ្នែកអចលនទ្រព្យរបស់បងប្អូន អាចទទួលបានផលខ្លះៗ បើទោះបីជាមិនបាន១០០ភាគក្តី តែនេះជាការលើកឡើង និងលើកទឹកចិត្តចំពោះអ្នកចង់បានភាពជោគជ័យក្នុងវិស័យនេះផងដែរ ។
យោងតាម លោក គីម ហ៊ាង គឺជានាយកក្រុមហ៊ុន ខ្មែរ រៀលអេស្ទេត (Khmer Real Estate Co., Ltd.) និង ជាប្រធានសមាគមនអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានចែករំលែកបទពិសោធន៍របស់លោកផ្ទាល់ដែលលោកបានឆ្លងកាត់វិស័យនេះជាង១៥ឆ្នាំហើយ ។
លោក គីម ហ៊ាង និយាយថា ដើម្បីឱ្យមានភាពជោគជ័យក្នុងវិស័យអចលនទ្រព្យ លោកណែនាំ១០ចំណុច ដូចបានរៀបរាប់ខាងក្រោមនេះ ៖ ១ – ត្រូវមានសេចក្តីស្មោះត្រង់ ៖ ក្នុងន័យថា មិនប្រាកដថា មនុស្សរៀនបានជ្រៅជ្រះ មានភាពជោគជ័យនោះទេ ក្នុងវិស័យនេះអ្វីដែលសំខាន់ គឺភាពស្មោះត្រង់ ។ នៅពេលយើងជាមនុស្សស្មោះត្រង់ ចឹងគេនឹងទុកចិត្ត ព្រោះថា រឿងដីធ្លីនេះសំខាន់ណាស់មានរបស់ត្រឹមត្រូវឱ្យគេមើលទើបមិនបោកគេ ចឹងពេលយើងមានកេរ្តិ៍ឈ្មោះល្អនោះការទុកចិត្តក៏កាន់តែមានច្រើនដូចនេះមិនប្រាកដថា យើងជាក្រ ឬមិនមានចំណេះខ្ពស់ មិនអាចទទួលបានភាពជោគជ័យនោះទេ ។
២- ហ៊ានធ្វើទើបអាចជោគជ័យ ៖ កាលខ្ញុំរកស៊ីដំបូងខ្ញុំមិនមានអ្វីច្រើននោះទេ តែអ្វីដែលខ្ញុំមានច្រើន គឺហ៊ាន ហើយការលំបាកសម្រាប់ខ្ញុំ គឺមិនមានទេ ព្រោះពាក្យនេះខ្ញុំមិនបានដាក់វាក្នុងបេះដូងទេ ខ្ញុំធ្វើវាតាមក្តីប្រាថ្នាមិនថា លំបាកប៉ុណ្ណា ខ្ញុំមិនដែលយកពាក្យនេះមកក្បែរខ្លួនទេ ។ ពីព្រោះមកពីយើងខ្លាចពាក្យនឹងទើបមិនមានភាពរីកចំរើន និងមិនអាចមានភាពជោគជ័យ ។
៣- ស្គាល់ខ្លួនឯងឱ្យបានច្បាស់សិន ៖ ចង់ធ្វើអាជីវកម្មអ្វីមួយ ត្រូវស្គាល់ថាខ្លួនឯងមានសមត្ថភាពប៉ុណ្ណា ចង់ទៅដល់ណា មានការប្តេជ្ញាចិត្តដូចម្តេច ក្នុងការប្រកបអាជីកម្មនោះ។ ដូចនេះនៅពេលយើងស្គាល់ខ្លួនឯង នោះយើងអាចធ្វើអាជីវកម្ម ដោយដឹងពីផ្នែកហិរញ្ញវត្ថុ និងកំរិតបទពិសោធន៍របស់យើង។ ៤- ចាប់ផ្តើមធ្វើនូវអ្វី ដែលខ្លួនអាច ៖ ខ្ញុំបានចាប់ផ្តើមត្រឹមអ្វីដែលខ្ញុំមាន ពីតូចទៅធំ សន្សឹមៗឬតក់ៗ ហើយអនុវត្តនូវវិធីសាស្ត្រនានាដែលខ្លួនមាន រៀនបន្ថែមជានិច្ច និងការយល់ដឹងក្នុងការវិវឌ្ឍន៍របស់សង្គមឬប្រទេស ។ ខ្ញុំចាប់ផ្តើមក្រុមហ៊ុនជាបុគ្គលិកខ្លួនឯងផងជាថៅកែខ្លួនឯងផង។
៥- ជានិច្ចកាល មិនបោះបង់ចោល ៖ ខ្ញុំតែងតែរក្សាពាក្យថា គ្មានអ្វីដែលមនុស្សយើងធ្វើមិនបាននោះទេ។ ហើយខ្ញុំមិនដែលបោះបង់រាល់ការងារដែលបរាជ័យក្តី ឬជោគជ័យក្តី កាន់តែមានបញ្ហា ខ្ញុំកាន់តែប្រឈមមុខនឹងវា ។ ភាគច្រើននៃមនុស្សបរាជ័យ គឺចេញមកពីមនុស្សខ្ជិលច្រអូស និងព្យាយាមមិនដល់កំរិត ការរារែក និងការបោះបង់ចោលពេលមានបញ្ហាអ្វីមួយ។ ៦- ធ្វើឱ្យអស់ពីសមត្ថភាព ៖ គ្មានអ្នកណាម្នាក់កើតមកគ្រាន់បើជាងនណាទេ ចឹងហើយបានជាខ្ញុំតែងតែធ្វើអ្វីមួយឱ្យអស់ពីសមត្ថភាពខ្ញុំជាមុនសិន ជាពិសេសសូមប្រើប្រាស់ពេលវេលាឱ្យចំគោលដៅ និងមិនចំណាយពេលណាមួយទៅប្រព្រឹត្តិអ្វីមួយដែលសង្គមមិនទទួលស្គាល់។
មានន័យថាបើរៀន រៀនឱ្យអស់ពីចិត្ត បើធ្វើការ ធ្វើឱ្យអស់ពីសមត្ថភាព។ ៧)- ពេលសិក្សាត្រូវផ្សាភ្ជាប់នឹងការអនុវត្តន៍ ៖ អ្នកដែលពូកែរៀន និងពូកែអានសៀវភៅ ហើយគាត់មិនដែលចូលប្រលូកក្នុងសង្គម ដូចនេះខ្ញុំជឿជាក់ថាគាត់ប្រហែលជាមិនអាចជោគជ័យនោះទេ សិក្សាហើយត្រូវមានការអនុវត្តន៍ជាក់ស្តែង ប្រលូក និងមើលទៅប្រទេសដទៃឬពិភពលោក។ ការអនុវត្តន៍គឺជាបទពិសោធន៍មិនត្រឹមតែក្នុងជីវិតនោះទេ គឺទាំងអាជីវកម្មផងដែរ។
ដូចនេះ ការសិក្សានិងអនុវត្តន៍ត្រូវតែមកទន្ទឹមគ្នា។ ៨- ហ៊ានជំនះខ្លួនឯង ៖ គ្មានអាជីវកម្មណាដែលមិនជួបបញ្ហានោះទេ គ្រាន់តែវាអាចមានទំហំប៉ុណ្ណា ដូចនេះយើងត្រូវដឹងរាល់បញ្ហា ការដោះស្រាយបញ្ហាកាន់តែច្រើន ធ្វើបញ្ញារបស់យើងក៏កាន់ឆ្លាតវៃ។ ចឹងបើជួបមួយដោះមួយ ជួបកាន់តែច្រើន ដោះកាន់តែច្រើន។ សម្រាប់ខ្ញុំ ឧបសគ្គគឺជាគ្រូបង្រៀនរបស់ខ្ញុំ។ ៩- ហ៊ានពិបាកមុន ទើបអាចស្រណុកក្រោយ ៖ យើងសុខចិត្តការចាប់ផ្តើមដំបូងឱ្យវាលំបាក នៅពេលយើងជួបលំបាកឆ្អែតហើយ នោះវានឹងក្លាយជាភាពងាយស្រួលសម្រាប់យើងវិញ ។ មានន័យថាជួបឆ្អែតជួបឆ្អន់ហើយ នោះវានឹងក្លាយជាបញ្ហាធម្មតា។ នៅពេលជំនះខ្លួនពីភាពក្រ នោះនៅពេលយើងក្លាយជាអ្នកមានហើយយើងនឹងស្រួលវិញ និងអាចរហូតទៀត។ តើយើងចង់ឱ្យជីវិតចាប់ផ្តើមមកស្រួល ហើយលំបាករហូតឬលំបាកមុនទើបស្រួលក្រោយ។
១០- មានការតាំងចិត្តមោះមុត ៖ ឧទាហរណ៍ ប្រសិនបើយើងធ្វើអ្វីមួយមានភាពបរាជ័យ នោះមិនមែនជាថ្ងៃអាវសាននៃជីវិតនោះ ដរាណានៅមានដង្ហើម យើងនៅតែមានសង្ឃឹម។ នៅពេលដែលយើងដើរដួល តើត្រូវងើបឡើងដើរទៅមុខឬមិនទៅ សម្រាប់ខ្ញុំនៅពេលខ្ញុំដួល ខ្ញុំងើបឡើងមិនមែនដើរទៀតទេ ខ្ញុំរត់តែម្តង ដើម្បីឱ្យទាន់សភាពការណ៍ ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព