ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីគ្រោះចរាចរណ៍ផ្លូវទឹកមួយបានកើតឡើងរវាងកាណូតស្មាច់ និងកាណូតស្មាច់២គ្រឿងពន្លះគ្នាពេញទំហឹង បណ្តាលឱ្យភាគីអ្នកបើកកាណូតម្ខាងត្រូវបាត់បង់ជីវិត និងម្ខាងទៀតរត់គេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្រោមអូរប្រាំជាន់ ស្ថិតនៅចុងភូមិតាច្រនៀង ឃុំកំពង់ ឃ្លាំង ស្រុកសូទ្រនិគម។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើឈ្មោះ រឿម ប៉ូ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិព្រែកស្រម៉ោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម (បាត់បង់ជីវិត) ចំណែកម្ខាងទៀត ឈ្មោះ ព្រុំ ឆាន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិតាអួស ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម (រត់គេចខ្លួនបាត់)។
បើតាមការបញ្ជាក់ពីមន្ត្រីនគរបាលស្រុកសូទ្រនិគម បានឱ្យដឹងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែកញ្ញានេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយបានកើតឡើងកាលពីម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៤ កញ្ញា នៅចំណុចក្រោមអូរប្រាំជាន់ ស្ថិតក្នុងភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម គឺរវាងកាណូតម៉ាកកាវ៉ា សំបកស្មាច់ បានបុកគ្នាជាមួយកាណូតម៉ាកដូចគ្នា បណ្ដាលឱ្យអ្នកបើកកាណូតម្ខាងត្រូវបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ រីឯអ្នកបើកកាណូតម្ខាងទៀតបានបើករត់គេចខ្លួនបាត់ស្រមោលតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យ។
ប្រភពដដែលបន្តថា ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ខាងលើនេះ គឺមកពីបើកបរពេលមេឃងងឹត គ្មានភ្លើង ហើយបើកក្នុងល្បឿនលឿនទៀត ដោយខ្វះការប្រុងប្រយ័ត្ន ទើបធ្វើឱ្យមានគ្រោះថ្នាក់រវាងកាណូត២គ្រឿងបុកគ្នា បណ្តាលឱ្យភាគីម្ខាងបាត់បង់ជីវិត និងភាគីម្ខាងទៀតរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ កាណូតជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកប៉ុស្តិ៍រដ្ឋបាលនគរបាលកំពង់ឃ្លាំង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕