ថ្ងៃបុណ្យភ្ជុំធំនៅសល់ប៉ុន្មានថ្ងៃទៀតនឹងមកដល់។ ជាផ្លូវការក្រុមហ៊ុននិងស្ថាប័នរដ្ឋ ឈប់សម្រាកចាប់ពីថ្ងៃទី១៦កញ្ញាទៅ ប៉ុន្តែនៅពេលនេះ មានពលរដ្ឋមួយចំនួន ដែលបានសម្រាកការងារមុនថ្ងៃកំណត់ បានធ្វើដំណើរចេញពីរាជធានីទៅស្រុកកំណើតជាបណ្តើរៗហើយ ដើម្បីជួបជុំក្រុមគ្រួសារ រៀបំពិពីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រចំាឆ្នាំដ៍ធំបែបសាសនានោះ។
នៅតាមច្រកចេញពីរាជធានីទៅបណ្តាខេត្តផ្សេងៗ មានផ្លូវជាតិលេខ១ ទៅព្រៃវែង ស្វាយរៀង ផ្លូវជាតិលេខ៦ ទៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប និងផ្លូវជាច្រើនទៀតហាក់មានការកកស្ទះបណ្តើរៗ និងមមាញឹកប្លែកថ្ងៃធម្មតា នៅពេលមានការធ្វើដំណើរទៅស្រុករបស់ពលរដ្ឋ។ នៅច្រកចេញពីក្រុងសំខាន់ៗទំាងនោះ គេសង្កេតឃើញអាជ្ញាធរ បានដាក់ពង្រាយដើម្បីជួយសម្រួលការធ្វើដំណើររបស់ពលរដ្ឋ។
ស្រ្តីម្នាក់ ដែលជាបុគ្គិលចាក់សំាង នៅស្ថានីយ៍ចាក់សំាងមួយ ស្ថិតនៅលើផ្លូវជាតិលេខ១ បានឲ្យដឹងថាពលរដ្ឋបានផ្តើមសម្រុកចេញពីទីក្រុង ចាប់តំាងពីល្ងាចថ្ងៃទី១៤កញ្ញាមក។ អ្នកចាក់សំាង ដដែលនេះឲ្យបានដឹងថា ពលរដ្ឋបានប្រុងប្រៀងធ្វើដំណើរផ្លូវឆ្ងាយ បាននាំគ្នាមកចាក់សំាង ដើម្បីធ្វើដំណើរ។ អ្នកស្រីថាស្ថានីយ៍ចាក់សំាងរបស់គាត់បានលក់សំាងអស់ពីស្កុក កាលពីព្រលប់ថ្ងៃចន្ទទី១៤កញ្ញា ដោយសារអ្នកប្រើប្រាស់រថយន្តមកចាក់សំាងច្រើន ប្លែកថ្ងៃធម្មតា។ “នៅលើដងផ្លូវផ្តើមស្ទះចរាចរណ៍។ មិនថាគេ ថាខ្ញុំចង់ចង់ទៅស្រុកណាស់។ ចំណែកខ្ញុំ នៅថ្ងៃភ្ជុំធំតែម្តង ទើបមានឱកាសបានទៅស្រុក ដោយសាររវល់ការងារ។ យើងឆ្លាស់គ្នាឈប់ ដើម្បីចូលរួមបុណ្យភ្ជុំនេះ”។
អ្នកស្រីសុផល ជាបុគ្គលិកលក់កាហ្វេ នៅហាងកាហ្វេមួយនៅភ្នំពេញ។ ឆ្នាំនេះអ្នកស្រីមិនបានចូលរួមបុណ្យភ្ជុំបិណ្ឌនៅស្រុកទេ ដោយសារហាងរបស់គាត់បើកដំណើរលក់ធម្មតានៅថ្ងៃភ្ជុំ។ អ្នកស្រីត្រូវបានម្ចាស់ហាងអនុញ្ញាតឲ្យឈប់សម្រាកមុននេះពីរថ្ងៃរួចមកហើយ។
នៅក្នុងហាងរបស់គាត់ ដែលមានចាក់បទចម្រៀងភ្ជុំឆ្នាំនេះ អូនទៅវត្តណា និងបទផ្សេងៗទៀតទាក់និងរដូវភ្ជុំផងនោះ ធ្វើអ្នកបានឭបទចម្រៀងនេះ លាន់មាត់ថានឹកស្រុក ចងទៅស្រុក ក្នុងនោះមានអ្នកស្រីសុផលម្នាក់ដែរ។
សុផល ដែលរវល់លើកកាហ្វេឲ្យភ្ញៀវផង ពេលខ្លះទៅគិតលុយពីភ្ញៀវផង បាននិយាយថា “បទចម្រៀងទាក់ទងភ្ជុំ កាន់តែពិរោះនៅក្នុងរដូវនេះ។ ឭបទទំាងអស់នេះ ខ្ញុំនឹកស្រុកណាស់ ចងទៅស្រុក ជួបជុំគ្រួសារ សប្បាយណាស់”។
ភ្ជុំបិណ្ឌជាឱកាសជួបជុំក្រុមគ្រួសារខ្មែរក្នុងការធ្វើបុណ្យ សម្រាប់ឧទ្ទិសកុសលដល់អ្នកដែលបានស្លាប់បាត់បង់ជីវិត មានមាតាបិតា ជីដូនជីតា ញាតិសន្ដានទំាងឡាយ។ ប៉ុន្តែសម្រាប់អ្នកនៅមានមាតាបិតា ញាតិសន្តាន រស់នៅ គេត្រូវជូនថវិកា សម្លៀកបំពាក់ថ្មី និងគ្រឿងប្រើប្រាស់ផ្សេងទៀតដល់ពួកគាត់។ បុរាណខ្មែរពោលថា “ភ្ជុំបិណ្យធ្វើបុណ្យសម្រាប់អ្នកស្លាប់ តែមិនភ្លេចព្រះរស់នៅផ្ទះ”។ពលរដ្ឋខ្មែរ ឲ្យតែដល់រដូវនេះ តែងតែស្វះស្វែងធ្វើដំណើរទៅស្រុកភូមិ ពីព្រោះបានជួបជុំគ្រួសារ ធ្វើបុណ្យទាន ទោះខ្លួននៅឆ្ងាយឬជិត។ សូម្បីពលករខ្មែរ ដែលធ្វើចេញទៅធ្វើការនៅប្រទេសគេ ក៍បានព្យាយាមធ្វើដំណើរមកស្រុកកំណើតដែលនៅក្នុងរដូវភ្ជុំនេះ។
លោកសុធី អ្នកស្រី ស្រុកសន្ធរ ខេត្តកំពង់ចាម បាននិយាយថានៅថ្ងៃទី១៥ស្អែកនេះ លោកនិងក្រុមគ្រួសារនឹងធ្វើដំណើរទៅស្រុកកំណើត។ លោកតែងតែទៅស្រុកនៅរដូវភ្ជុំនេះ ពីព្រោះជាឱកាសដែលលោកជួបជុំក្រុមគ្រួសារ។
សុធីនិយាយថា “ភូមិកំណើតខ្ញុំនៅរដូវភ្ជុំបែបនេះ លិចបានឡើងលិចព្រៃ លិចបឹងហើយបានបង្កើតជាទិដ្ឋភាពស្រសស្អាត។ អ្នកស្រីបានប្រើប្រាស់កូនទូកតូចៗជំនួស ការធ្វើដំណើរដោយម៉ូតូ ឬរថយន្ត។ កូនៗរបស់ខ្ញុំពួកគេចង់ទៅស្រុកណាស់ នៅពេលនេះ ដោយសារបានជិះទូកក្នុងភូមិ។ តែលោកថាខ្ញុំនេះ ឭថាទឹកមិនលិចភូមិដូចរាល់ឆ្នាំទេ”។
លោកសុធី ដែលជាគ្រូបង្រៀនផងនោះ លោកបានសរសើរស្មាដៃនិពន្ធបទចម្រៀង របស់ចាស់ៗសម័យមុន ថាបានអន្ទងអារម្មណ៍មនុស្សឲ្យនឹកស្រុក តាមរយៈទឹកប៉ាកការបស់គាត់។ “បទមច្រៀងតាមរដូវកាលដូចជាបទភ្ជុំបិណ្ឌ និងបទពេលចូលឆ្នាំថ្មីនោះ ពិតជាពិរោះណាស់។ ដូនតាខ្មែរពូកែណាស់ គាត់តែងបទចម្រៀង ហាក់បានភ្ជាប់ជាមួយអារម្មណ៍របស់យើងគ្រប់សម័យកាល។ ពេលដល់រដូវភ្ជុំ យើងស្តាប់បទទាក់ទងភ្ជុំ។ ពេលចូលឆ្នាំយើងស្តាប់បទចូលឆ្នាំ។ បទចម្រៀងទំាងអស់ធ្វើឲ្យយើងចូលរួមពិធីបុណ្យទំាងនោះដោយរីករាយ និងមិនអាចរំលងបានទេ “។
ពិធីបុណ្យភ្ជុំឆ្នាំនេះ បានប្រារព្ធធ្វើឡើងនៅក្នុងបរិបទដែលសកលលោកប្រឈមនឹងជំងឺកូវីដ១៩។ ដូច្នេះពេលធ្វើដំណើរតាមរថយន្តរួម ពេលទៅធ្វើបុណ្យនៅវត្តអារាម ពេលជួបជុំក្រុមគ្រួសារ ពលរដ្ឋគួរមានការប្រុងប្រយ័ត្នការពារជំងឺកូវីដ១៩ ដែលមិនអាចធ្វេសប្រហែសបានឡើយ។ ពាក់ម៉ាស់ ឧស្សាហ៍លាងសម្អាតដៃ រក្សាគម្លាត ជាអ្វីដែលមន្រ្តីជំនាញបានក្រើនរំលឹកជានិច្ច៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព