ខេត្តបាត់ដំបង ៖ គ្រាប់មីនប្រឆាំងមនុស្សចំនួន៥គ្រាប់ ត្រូវបានអ្នកភូមិប្រទះឃើញនិងបានប្រមូលយកទុកមួយកន្លែង នៅចំណុចហុងទី៥ កាលពីព្រឹកថ្ងៃទី១៥ កញ្ញា នៅក្នុងឃុំព្រែកជីក ស្រុករុក្ខគិរី ។ នេះបើតាមសេចក្ដីរាយការណ៍ពីមន្ត្រីមូលដ្ឋាន។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ស្រែឈ្មោះឡាប ជាប់ អាយុ៥៥ឆ្នាំ រស់នៅភូមិព្រែកជីក ជាអ្នកប្រទះឃើញគ្រាប់មីនប្រឆាំងមនុស្សនេះ ពេលគាត់ទៅមើកស្រែ ដែលស្ថិតនៅណុចហុងទី៥ ។ សមត្ថកិច្ចបានបញ្ជាក់ថា គ្រាប់មីនទាំង០៥គ្រាប់នោះ ជាប្រភេទគ្រាប់មីនប្រឹងមនុស្ស (មីនសញ្ញាលេខបូក) ដែលផលិតនៅអតិតសហភាពសូវៀត។ ក្រោយពីប្រទះឃើញ គាត់ក៏បានប្រមូលគ្រាប់មីនទាំងនោះយកទៅរក្សាទុកមួយកន្លែង ហើយក៍រាយការណ៏ទៅមន្ត្រីមូលដ្ឋាន ដើម្បីចុះពិនិត្យ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ កញ្ញា ប្រជាពលរដ្ឋម្នាក់ក៏បានប្រទះឃើញគ្រាប់មីនប្រភេទនេះចំនួន២៦គ្រាប់ម្ដងហើយ ដែលនៅរាយប៉ាយក្នុងព្រៃនៅចំណុចហុងទី៥ ខាងលើនេះ។ គ្រាប់មីនទាំងនោះ ត្រូវគេអះអាងថា ជាគ្រាប់មីនសេសសល់ពីសម័យសង្គ្រាម ហើយតំបន់នោះជាទីតាំងទាហាន ទើបមាននៅសល់គ្រាប់តាមព្រៃបែបនេះ។
យ៉ាងណាក៏ដោយ បើតាមសមត្ថកិច្ចបានបញ្ជាក់ថា គ្រាប់ទាំងនោះនៅមានគុណភាពនៅឡើយ ហើយពេលនេះត្រូវបានមន្ត្រីជំនាញចុះទៅពិនិត្យ និងប្រមូលយកទៅរក្សារទុកកន្លែងមានសុវត្ថិភាពហើយ៕