ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសវង្វេងស្មារតីម្នាក់ បានធ្វើសកម្មភាព យកសាំងដុតខ្លួនឯង បណ្តាលឱ្យរលាកពេញខ្លួនប្រាណ រងរបួសយ៉ាងធ្ងន់ធ្ងរ។
ហេតុកាណ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៩ កក្កដា ឆ្នាំ២០២០ នៅចំណុចមុខរោងចក្រញ៉ូវស្តា ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
រងគ្រោះឈ្មោះ ជៀវ ម៉េងឆាយ ហៅលូ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បើតាមសាក្សី ដែលបានឃើញហេតុការណ៍នេះបានឱ្យដឹងថា ជនរងគ្រោះជាបុរសពោះម៉ាយជាង៥ឆ្នាំមកហើយ និងបានប្រើប្រាស់ថ្នាំញៀនហួសកម្រិត។ អ្នកជិតខាងបានសង្ស័យថា បុរសខាងលើអាច និងបាត់ស្មារតី ក្រោយពេលប្រើថ្នាំញៀនហួសកម្រិត ទើបបណ្តាលឱ្យវង្វេងវង្វាន់។
ជានិច្ចកាលបុរសខាងលើតែងមានអាការៈ យកកាំបិតចាក់ខ្លួនឯង ឬដើរនិយាយតែម្នាក់ឯង។ រហូតមកដល់ថ្ងៃកើតហេតុស្រាប់តែជនរងគ្រោះបាននិយាយម្នាក់ឯង ខឹងសម្បារួចក៏យកសាំងចាក់ដុតខ្លួនឯងតែម្តង៕ ដោយ៖ត្នោត