ខេត្តតាកែវ ៖ នៅរមណីយដ្ឋានទន្លេបាទី គេបានឃើញមានបុរសម្នាក់សុំទានដោយមុជងើបៗក្នុងទឹកតាមខ្យូស «ផ្ទះទឹក»។ ភ្ញៀវដែលមកកំសាន្តនៅលើផ្ទះទឹកតែងតែបានគិតថា បុរសនេះជាមនុស្សមិនល្អ និងកាចមិនមែនសុំទានទេ គឺចាំលួចរបស់របរ ឬក៏ធ្វើទុកបុកម្នេញភ្ញៀវមិនអោយគេកំសាន្តសប្បាយ បានតែការពិតជួបផ្ទាល់ទើបដឹង។
បុរសសុំទាននេះសម្បុរខ្មៅ មានមាឌធំ វ័យកណ្តាល ជាអ្នកភូមិថ្នល់ទណ្សិន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
បើតាមបងប្រុសឈ្មោះស៊ី ថា រស់នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ បានប្រាប់អោយដឹងថា សុ ឃឿន ប្រកបរបរសុំទាននៅរមណីយដ្ឋានទន្លេបាទីនេះតាំងពីក្មេង បើនិយាយពីរយៈពេលជាង២០ឆ្នាំមកហើយ មិនដែលប៉ះពាល់របស់របរអ្នកណាទេ តែបើមើលរូបរាងគាត់គួរឱ្យខ្លាចមែន ប៉ុន្តែការពិតគាត់ស្លូតត្រង់។ អ្នកទេសចរណ៍សឹងគ្រប់គ្នាដែលមកដើរលេងនៅរមណីយដ្ឋានទន្លេបាទី ជាពិសេសអ្នកអង្គុយលេងផ្ទះទឹកសុទ្ធតែបានឃើញ និងជួបហើយមានអារម្មណ៍ភ័យខ្លាចចំពោះបុរសមុជទឹកសុំទានរូបនេះ។
ជួបជាមួយបុរសមុជទឹកសុំទានខាងលើ ឈ្មោះ សុខ ឃឿន បានរៀបរាប់ឱ្យដឹងថា ឆ្នាំនេះ ខ្ញុំអាយុ៤០ឆ្នាំហើយនៅលីវ មានបងប្អូន៧នាក់ សព្វថ្ងៃរស់នៅជាមួយឪពុកអាយុ៧៥ឆ្នាំ និងម្តាយអាយុ៧៤ឆ្នាំ មានជំងឺប្រវចាំកាយនៅភូមិថ្នល់ទណ្សិននេះ។ ហើយរបរសុំទានរបស់គាត់គឺ២៥ឆ្នាំមកហើយ គឺនៅតែក្នុងរមណីយដ្ឋានទន្លេបាទីនេះទេ។ តែកាលពីដំបូងឡើយ គាត់ដើររើសអេតចាយ «សំបកកំប៉ុង» តាមមាត់ទន្លេ និងផ្ទះទឹក លុះក្រោយមកក៏ចាប់ផ្តើមសុំទានតាមគេតាមឯងតែម្តង។ ដោយខ្យូស «ផ្ទះទឹក» គេសង់លើទឹក គាត់ក៏ដើរសុំលុយតាមទឹក។
បុរសជុមទឹកខាងលើបានឱ្យដឹងថា ខ្ញុំមុជទឹកសុំទាននេះ ខ្ញុំសុំតែលុយគេទេ ហើយបើគេឱ្យបានយក អត់សំឡុត ឬគំរាមគេនោះទេហើយរបស់របរគេ ខ្ញុំក៏មិនប៉ះពាល់ដែរ ទោះមិនមានមនុស្សនៅក៏ដោយ។ ហើយខ្ញុំសុំទាននេះ គឺយកលុយមកទិញថ្នាំព្យាបាលជំងឺឪពុកម្តាយខ្ញុំ និងមិនលេងល្បែង ជក់ថ្នាំញៀនទេ។
បុរសខាងលើបន្តទៀតថា ជាង២០ឆ្នាំមកនេះ ខ្ញុំបានឃើញ និងដឹងច្បាស់ថា ភ្ញៀវណាស្លូតភ្ញៀវណាកាច។ ភ្ញៀវដែលកាច គឺភ្ញៀវដែលមានដៃគូរបានយកខ្យូសជាកន្លែងរួមភេទ។ មកដល់ថ្ងៃនេះ ខ្ញុំត្រូវគេយកកាំភ្លើងភ្ជង់៣លើក និងយកប៊ិចចាក់ចំថ្ងាស២លើក ព្រោះតែចង់មើលគេនែបនិត្យគ្នា។ តែយ៉ាងណា ខ្ញុំនៅតែសុំទាននៅទីនេះ ដើម្បីចិញ្ចឹមខ្លួនឯង និងកំដរជីវិតឪពុកម្តាយខ្ញុំរហូតដល់ថ្ងៃអស់សង្ខារ និងមិនទៅប្រព្រិត្តអំពើដែលសង្គមស្អប់ខ្ពើមឡើយ។ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព