ក្រសួងការងារអនុញ្ញាតឱ្យបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ចាប់ពីថ្ងៃទី២១កញ្ញា
(ភ្នំពេញ) ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំ លេខ១៣០/២០ ក.ប/ស.ណ.ន.គ.គ.ស ស្តីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងកាងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល។
ដើម្បីធានាបានសុវត្ថិភាព និងប្រសិទ្ធភាពនៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួងសូមធ្វើការណែនាំដល់មន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈរាជធានី-ខេត្ត និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ចូលរួមសហការ និងអនុវត្ត ដូចខាងក្រោម៖ ត្រូវពង្រឹងវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ-១៩ របស់ ក្រសួងសុខាភិបាល ដូចជា៖ រៀបចំធ្វើអនាម័យបោសសម្អាតតាមបន្ទប់រៀន សាលសហសិក្សាសាលប្រជុំ បណ្ណាល័យ អន្តេវាសិកដ្ឋាន រោងជាង បន្ទប់ពិសោធន៍ អាហារដ្ឋាន បង្គន់អនាម័យ សួនកម្សាន្ត ទីលានកីឡា សម្ភារប្រើប្រាស់ និងកាកសំណល់ផ្សេងៗទុកដាក់ ឱ្យបានត្រឹមត្រូវ។ រៀបចំកៅអីអង្គុយឱ្យមានគម្លាតពីគ្នាយ៉ាងតិច ១,៥ម៉ែត្រ ព្រមទាំងកំណត់ចំនួន សិក្ខាកាម សិស្ស និស្សិត ទៅតាមទំហំនៃបន្ទប់រៀន។ រៀបចំគ្រែក្នុងបន្ទប់ស្នាក់នៅនៃអន្តេវាសិកដ្ឋាន ដោយរក្សាគម្លាតតាមវិធានការរបស់ក្រសួងសុខាភិបាល។ បាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណគ្រឹះស្ថាន តាមបន្ទប់រៀន សាលសហសិក្សា សាលប្រជុំ បណ្ណាល័យ អន្តេវាសិកដ្ឋាន រោងជាង បន្ទប់ពិសោធន៍ អាហារដ្ឋាន បង្គន់អនាម័យ សួនកម្សាន្ត និងទីលានកីឡា។ ណែនាំដល់បុគ្គលិក មន្ត្រីរាជការ គ្រូ សិក្ខាកាម សិស្ស និស្សិត ឱ្យពាក់ម៉ាស និងកុំឱ្យមានការប្រមូលផ្ដុំ ត្រូវមានគម្លាតពីគ្នាយ៉ាងតិច ១,៥ម៉ែត្រ។ បើកបង្អួចឱ្យមានខ្យល់ និងពន្លឺចេញចូលបានល្អ នៅតាមបន្ទប់រៀន សាលសហសិក្សា សាលប្រជុំ បណ្ណាល័យ អន្តេវាសិកដ្ឋាន រោងជាង បន្ទប់ពិសោធន៍ និងអាហារដ្ឋាន។ រៀបចំឱ្យមានកន្លែងលាងដៃជិតបន្ទប់រៀន សាលសហសិក្សា សាលប្រជុំ បណ្ណាល័យ អន្តេវាសិកដ្ឋាន រោងជាង បន្ទប់ពិសោធន៍ អាហារដ្ឋាន និងបង្គន់អនាម័យ ។ ចាត់តាំងឱ្យមានក្រុមការងារទទួលបន្ទុកការវាស់កំដៅ និងលាងសម្អាតដៃ នៅគ្រប់ ច្រកចេញ-ចូលនៃបរិវេណគ្រឹះស្ថាន។ ករណីរកឃើញមានកម្តៅចាប់ពី៣៧,៥ អង្សាសេឡើងទៅ មិនត្រូវអនុញ្ញាតឱ្យចូលក្នុងបរិវេណគ្រឹះស្ថានឡើយ ហើយត្រូវ ណែនាំឱ្យទៅសម្រាកនៅផ្ទះ ឬទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។ លើកទឹកចិត្តឱ្យបុគ្គលិក មន្ត្រីរាជការ គ្រូ សិក្ខាកាម សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ ឱ្យយកទឹកស្អាតមកពីផ្ទះសម្រាប់ទុកទទួលទានផ្ទាល់ខ្លួន។ ត្រូវសហការជាមួយមាតា បិតា អាណាព្យាបាល សិក្ខាកាម សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ ផ្តល់ព័ត៌មានអំពីសុខភាព និងប្រវត្តិនៃការធ្វើដំណើរក្រៅប្រទេសរបស់សិក្ខាកាម សិស្ស និស្សិត ត្រូវសហការជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដើម្បីចុះត្រួតពិនិត្យ និងជំរុញការ អនុវត្តវិធានការអនាម័យ ការទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ-១៩ របស់ ក្រសួងសុខាភិបាល។ ត្រូវសម្របសម្រួល និងអន្តរាគមន៍ ទៅគ្រប់អង្គភាពពាក់ព័ន្ធ ក្នុងករណីមានការសង្ស័យ មានអ្នកឆ្លងជំងឺកូវីដ -១៩ នៅក្នុងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ត្រូវរៀបចំពាក្យស្នើសុំបើកគ្រឹះស្ថានឡើងវិញបញ្ជូនមកមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ (សម្រាប់គ្រឹះស្ថានដែលបានចុះបញ្ជីកានៅមន្ទីរ ) និង ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ តាមរយៈនាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា (សម្រាប់គ្រឹះស្ថានដែលបានចុះបញ្ចិកានៅក្រសួង) ត្រូវធ្វើរបាយការណ៍ប្រចាំខែស្ដីពីសកម្មភាពដំណើរការគ្រឹះស្ថាន និងវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ-១៩ ផ្ញើមកក្រសួង (នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា) ឱ្យបានទៀងទាត់រៀងរាល់ថ្ងៃសុក្រនៃសប្តាហ៍ទី៣នៃខែនីមួយៗ។
ទទួលបានសេចក្តីណែនាំនេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី -ខេត្ត និងគ្រឹះស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួងទាំងអស់ ត្រូវចូលរួមសហការអនុវត្តដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕