ខេត្តបន្ទាយមានជ័យ៖ អ្នកស្រុកក្នុងភូមិចំនួន២ នៅសង្កាត់និងក្រុងប៉ោយប៉ែត កំពុងមានការភ្ញាក់ផ្អើល ពេលឃើញក្មេង-ចាស់ បានធ្លាក់ខ្លួនឈឺនិងឡើងកម្តៅខុសធម្មតាខ្លះរហូតប្រកាច់។ ភូមិទាំង២ខាងលើ គឺភូមិក្បាលកោះ និងភូមិប៉ោយប៉ែត សង្កាត់ ក្រុងប៉ោយប៉ែត។
អ្នកស្រុកនិយាយថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានក្មេងចាស់ក្នុងភូមិទាំង២ខាងលើ បានធ្លាក់ខ្លួនឈឺ ខ្លះបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ និងភាគច្រើនទៅគ្លីនិកឯកជន។ យោងសម្ភាសន៍ផ្ទាល់ដល់ចំណុចកើតហេតុ អ្នកស្រុករៀបរាប់ថា គ្រប់គ្នាមិនដឹងកើតជំងឺអ្វីទេប៉ុន្តែប្រាប់ពីមីលហេតុថា ដំបូងមានអការ ទន់ដៃទន់ជើង បន្ទាប់មកក្តៅសន្ធំ ហើយឡើងកន្ទួលលើដងខ្លួន ឬសាច់មានពណ៏ក្រហម ហើយពេលទៅគ្លីនិកឈ្នួលពិនិត្យកំដៅខ្លះឡើងដល់៣៨,៣៩ឬ៤០អង្សាសេ។
មិនតែប៉ុណ្ណោះ គ្រួសាខ្លះអះអាងថា កូនចៅពួកគាត់ប្រកាច់ដោយសារឡើងកម្តៅខ្លាំងពេកក៏មានដែរ។ ទោះជាយ៉ាងណា ភ្លាមៗអាជ្ញាធរនិងក្រុមគ្រូពេទ្យមិនព្រងើយកន្តើយទេ បានចុះទៅភូមិកើតហេតុធ្វើការសាកសួរ និងជួយសង្គ្រោះអ្នកភូមិខ្លះត្រូវទទួលថ្នាំទៅលេបឯអ្នកឡើងកម្តៅខ្លាំងត្រូវក្រុមគ្រូពេទ្យដឹកតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការព្យាបាលនិងតាមដានថាតើអ្នកជម្ងឺកើតរោគអ្វីឲ្យពិតប្រាកដ។
សាកសួរករណីនេះ លោកវេជ្ជបណ្ឌិតខេ ពិសិដ្ឋ ប្រធានមណ្ឌលសុខភាពប៉ោយប៉ែត១ដែល ចុះផ្ទាល់ដល់ចំណុចកើតហេតុមិនប្រាប់លម្អិតពីអការៈរោគ ឬអ្នកជំងឺមានប៉ុន្មាននាក់ឡើយ ដោយនិយាយថា លោកមិនសូវច្បាប់ទេ។
ដោយឡែក មន្ត្រីការិយាល័យស្រុកប្រត្តិបត្តក្រុងប៉ោយប៉ែត លោកវិជ្ជបណ្ឌិត សឹង្ហសុភាព ប្រាប់តាមទូរស័ព្ទថា លោកមិនបានដឹងពីចំនួនអ្នកជំងឺបញ្ជូនពីភូមិទាំង២ខាងលើទៅកាន់មន្ទីរពេទ្យកាលពីម្សិលមិញទេព្រោះលោកទើបចុះដលើកន្លែងកើតហេតុថ្ងៃនេះ។
លោកថា អ្នកជំងឺបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតនៅថ្ងៃទី២០ កក្កដា គឺមាន៤នាក់ (ប្រុស២ស្រី២) តែ៣នាក់មានសញ្ញាសង្ស័យត្រូវតាមដានបន្ត ។ ដោយឡែក ម្នាក់គ្រាន់គ្រុនធម្មតា។
ចំណែកមន្ត្រីក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតប្រាប់ថា អ្នកជំងឺដែលបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី១៩ កក្កដា មានចំនួន៧នាក់ ស្រី៤ភាគច្រើនជាកុមារ។ សាកសួរចង់ដឹងពីជំងឺចម្លែកដែលបង្កភ្ញាក់ផ្អើលពេញភូមិនេះ លោកវេជ្ជបណ្ឌិតឪក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា មិនទាន់ដឹងទេ ដោយបញ្ជាក់ថា ត្រូវពិនិត្យមើលឈាមឬតាមដានអការៈរោគអ្នកជម្ងឺសិន ។ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព