ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៦នាក់ មកពីប្រទេសកម្ពុជាត្រូវអាជ្ញាធរថៃចាប់បាននៅចំណុចត្រួតពិនិត្យតាមដងផ្លូវមួយក្នុងខេត្ត Sa Kaeo កាលពីថ្ងៃអាទិត្យ។
ខេត្ត Sa Kaeo គឺជាចំណុចក្តៅពិសេសមួយដែលមានជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើនបានព្យាយាមឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់។ ជាមួយនឹងការព្រួយបារម្ភអំពីការរីករាលដាលនៃមេរោគកូវីដ១៩ ប៉ុស្តិត្រួតពិនិត្យជាច្រើនត្រូវបានដាក់ពង្រាយពាសពេញខេត្តនេះ។ ភូមិមូលដ្ឋាននៅតាមព្រំដែនក៏ត្រូវបានណែនាំឱ្យរាយការណ៍អំពីជនចម្លែកដែលបានលួចចូលមកខេត្តនេះផងដែរ។ លោក Kajornsak Sonsom អាយុ ៤៨ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទបើកបរជូនជនជាតិខ្មែរទាំង ៦នាក់ ដោយទទួលបានប្រាក់កម្រៃចំនួន ៣៥០០បាត សម្រាប់មនុស្សម្នាក់ដើម្បីរត់ពន្ធពួកគេតាមព្រំដែនក្នុងស្រុក Ta Prayha ហើយដឹកជញ្ជូនទៅខេត្ត Phetchabun។
យោងតាមប៉ូលិសខេត្ត Sa Kaeo បានឱ្យដឹងថាលោក Kajornsak ប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនទាក់ទងនឹងការរត់ពន្ធជនអន្តោប្រវេសន៍ខុសច្បាប់ឱ្យចូលមកក្នុងប្រទេសខ្លួនឯង(ថៃ)ក៏ដូចជាការចោទប្រកាន់ពីបទប្រឆាំងនឹងការទប់ស្កាត់ជំងឺឆ្លងផងដែរ។ ចំណែកជនចំណាកស្រុកខុសច្បាប់ទាំង ៦នាក់នឹងត្រូវបានធ្វើតេស្តមេរោគកូវីដ១៩ ព្រមទាំងត្រូវនិរទេសទៅប្រទេសកំណើតរបស់ពួកគេវិញ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The pattaya news