ខេត្តមណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានចេញលិខិតបដិសេធលើលិខិតកាន់កាប់ដីធ្លី ដែលចេញដោយមេភូមិ មេឃុំ ចំនួន៤៧៣ហិចតា ក្នុងស្រុកអូររាំង ក្រោយរកឃើញថា ដីទាំងនោះ ជាប់ពាក់ព័ន្ធដីស្រល់កម្មសិទ្ធិរបស់រដ្ឋ និងដីក្រុមហ៊ុនដែលទទួលសិទ្ឋវិនិយោគពីរដ្ឋ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ដីចំការស្រល់រដ្ឋ និងស្រល់របស់ក្រុមហ៊ុនរាប់រយហិចតា ត្រូវបានក្រុមឈ្មួញខិលខូច និងមន្ត្រីគ្រាក់ៗ ដែលចូលចិត្តរកស៊ីលួចបន្លំរបស់រដ្ឋ ប្រើយុទ្ធសាស្ត្រខ្ចីដៃប្រជាពលរដ្ឋ កាប់ឆ្ការដើមស្រល់រាប់ម៉ឺនដើមសម្អាតដី រួចឃុបឃិតជាមួយអាជ្ញាធរមូលរដ្ឋធ្វើលិខិតកាន់កាប់ ទុកលក់ឲ្យថៅកែៗឧកញ៉ាដែលសម្បូរលុយ សំបូរអំណាច ។ល។
សេចក្តីរាយការណ៍បន្តថា ក្រោយគម្រោងសាងសង់ព្រលានយន្តហោះនៅស្រុកអូររាំង ត្រូវបានប្រកាសជាសាធារណៈ និងព័ត៌មានពីជនជាតិចិន ចូលទៅរកស៊ីនៅទឹកដីខេត្តមណ្ឌលគិរី តម្លៃដីចាប់ផ្តើមឡើងថ្លៃកប់ពពក ហើយដីរដ្ឋដែលកាលកន្លងមកស្ទើរគ្មានអ្នកយកភ្នែកមើល ស្រាប់តែមានបង្គោលរបងហោះទៅហ៊ុំព័ទ្ឋដីទាំងនោះព្រោងព្រាតតែម្តង។
មិនត្រឹមតែដីរដ្ឋនោះទេ សូម្បីដីដែលព្រះមហាក្សត្រយាងដាំកូនឈើនាឆ្នាំ២០០៤ ក៏មានគេលួចយករបងទៅបោះដែរ តែត្រូវអាជ្ញាធរខេត្តចុះចាត់វិធានការភ្លាមៗ។ ជុំវិញករណីខាងលើនេះ កន្លងមកគេបានសង្កេតឃើញថា មន្ត្រីជំនាញក៏បានធ្វើប្រតិបត្តិការបង្ក្រាបនិងដកហូតដីទាំងនោះមកទុកជាសម្បត្តិរដ្ឋវិញជាច្រើនករណីផងដែរ ប៉ុន្តែអ្នកពាក់ព័ន្ឋហាក់មិនត្រូវបានបញ្ជូនសំនុំរឿងដល់ដៃស្ថាប័នតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ឡើយ។
ដោយឡែកកាលពីអំឡុងខែមិថុនា ២០២០ ផ្ទះកុងតឺណ័រចំនួន៧ខ្នងត្រូវបានជំនាញរដ្ឋបាលព្រៃឈើ ចាប់រឹបអូសក្រោយមានអ្នកយកទៅសាងសង់ក្នុងព្រៃចំការស្រល់មួយកន្លែងក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង។ កន្លងមក ដីដែលគេបម្រុងសង់ផ្ទះកុងតឺណ័រនេះ ធ្លាប់ត្រូវបានអតីតអភិបាលស្រុកអូររាំង ដែលបច្ចុប្បន្នគាត់ គឺជាប្រធានក្រុមប្រឹក្សាស្រុកអូររាំងលោក នង ទុណ្ណារី ជាអ្នកអះអាងថា ដីស្របច្បាប់ម្ចាស់ដីមានលិខិតស្នាមកាន់កាប់ត្រឹមត្រូវទើបគាត់ស៊ីញ៉េបោះត្រាលើការផ្ទេរលក់ដីនោះប្រមាណ៥០ហិចតាឯណោះ។តែបច្ចុប្បន្នលោក នង ទុណ្ណារី កំពុងផុងខ្លួនក្នុងសំនុំរឿងដីធ្លីនៅតុលាការ ដែលក្នុងពេលលោកនៅជាអភិបាលស្រុកស៊ីញ៉េលក់ជាច្រើនកន្លែង។ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព