អ្នកជំនាញផ្នែកវិស័យហិរញ្ញវត្ថុ បានព្រមានថា អ្នកខ្ចីលុយធនាគារ ដោយមិនបានគិតពីហានិភ័យ ឬក៏លទ្ធភាពនៃការសងត្រឡប់មកវិញ គឺអាចជំរុញឱ្យក្លាយជាបំណុលវ័ណ្ឌក កាន់តែច្រើននៅក្នុងសង្គម។
បើតាមលោកង៉ែត ជូ អ្នកជំនាញខាងវិស័យហិរញ្ញវត្ថុមួយរូបនៅកម្ពុជា បានបកស្រាយថា បំណុលវ័ណ្ឌកគឺជាទំហំ នៃបំណុលដែលកូនបំណុល មិនអាចមានលទ្ធភាព ក្នុងការសងត្រលប់ ទៅម្ចាស់ បំណុល ហើយមូលហេតុ នៃការមិនអាចសងត្រលប់នោះ គឺភាគច្រើនខ្ចីលើសពីប្រាក់ចំណូលរបស់ពួកគាត់។
លោកបញ្ជាក់ថា “ដើម្បីគេចផុតពីបំណុលនេះ អ្នកប្រើប្រាស់បំណុលទាំងអស់ មិនគួរប្រើបំណុលលើសពីពាក់កណ្ដាល នៃប្រាក់ចំណូលនោះឡើយ ក៏ប៉ុន្តែអ្នកខ្លះ បានប្រើប្រាស់បំណុលលើសច្រើនរហូតដល់ជិត១០០ភាគរយ នៃប្រាក់ចំណូលរបស់ខ្លួនទៅហើយ”។
បំណុលវ័ណ្ឌក អ្នកណាក៏អាចកើតមានបញ្ហានេះដែរ មិនថាអ្នកជំនួញ អ្នកធ្វើការទទួលប្រាក់ខែឬសហគ្រិននោះទេ បើសិនជាពួកគាត់យកកម្ចីមកប្រើប្រាស់ខុស និងធ្វើអាជីវកម្មមិនរីកចម្រើន ។ ដូច្នេះដើម្បីជៀសវាងបានគួរតែសិក្សា ឱ្យបានច្បាស់មុននឹងទទួលកម្ចី ពីប្រភពណាមួយ ។
ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ហានិភ័យនៃបំណុលវ័ណ្ឌកអាចនឹងកើនឡើងខ្លាំង ដោយសារតែបណ្ដាក្រុមហ៊ុនជាច្រើនរកស៊ីខាត បុគ្គលិកកម្មករជាច្រើនបាត់បង់ការងារ បាត់ប្រាក់ចំណូល ខណៈពួកគេក៏ជាអ្នកខ្ចីបុលដើម្បីសង់ផ្ទះ ឬទិញរបស់របរប្រើប្រាស់ផងដែរ។ “អ្នកខ្លះមិនយល់ពីការប្រើប្រាស់បំណុល ដោយយកទៅទិញសម្ភារប្រើប្រាស់ ឬក៏យកទៅដើរលេងឡូយឆាយហ៊ឺហារ និងមួយទៀតគឺការខ្ចីប្រាក់ដោយកាលៈទេសៈបង្ខំ ដូចជាមានសមាជិកគ្រួសារមានជំងឺជាដើម”។ ដោយ៖ ត្នោត