Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកអុឹម សុខ​រិ​ទ្ធី​ ៖ ទម្លាប់​នៃ​ការ​ចូល​ប្រាសាទ​​ពី​បុរាណកាលមាន​ត្រណម​ច្រើន​

ខេត្ត​សៀម​រា​ប ៖ ដូនតា​ខ្មែរ​បាន​កសាង​ប្រាសាទ​ខ្លះ​មាន​ខ្លោងទ្វារ​ចេញចូល​៤​ទិស ខ្លះ​២​ទិស និង​ខ្លះ​១​ទិស ដែល​ឱ្យ​មនុស្ស​ចេញចូល​តាម​ទិស​ខាងកើត​ឬ​ខាងលិច​ដែល​កំណត់​ថា​ជា​ខ្លោង​ទ្វារធំ ដោយ​យោង​ទៅ​លើ​ប្រាង្គ​សំខាន់​បែរមុខ​ទៅ​ទិស​ណា​។

ដូច​ករណី​នៅ​បា​យ័ន្ត​និង​កំពែង​ក្រុង​អង្គរធំ គឺ​មាន​ខ្លោងទ្វារ​ច្រើន ដែល​ខ្លះ​ចូល​ចំ​ប្រាសាទធំ​ពី​ខាងកើត តែ​មនុស្ស​ពុំ​សូវ​ចេញចូល គេ​ហៅ​ថា​ខ្លោងទ្វារ​ខ្មោច​ឬ​ខ្លោងទ្វារ​ខ្វាក់ ហើយ​ច្រក​ដែល​មនុស្ស​ចេញចូល​ជា​ប្រចាំ គេ​ហៅ​ខ្លោងទ្វារ​ជ័យ​។ រីឯ​ប្រាង្គ​ប្រាសាទ​ខ្លះ​មាន​ទ្វារ​ទាំង​៤​មែន តែ​បិទ​ជិតឈឹង​ឬ​ចំហ ហៅ​ថា​ទ្វារបញ្ឆោត ក៏​មិន​អនុញ្ញាត​ឱ្យ​ចេញចូល​ដែរ ដោយសារ​មា​នក​សិន្ធុ​ជុំវិញ​។ ការ​កសាង​ខ្លោង ទ្វារ​និង​កំពែង​ច្រើន​ដូច្នេះ គឺជា​ការ​រៀបចំ​តាម​ក្បួន​កិច្ច​ពិធី​ផង សាសនា​ផង និង​ឋានានុក្រម​សង្គម​ផង​ដែល​ចាស់​បុរាណ​ប្រកាន់ខ្ជាប់​បំផុត​។

ប៉ុន្តែ​សព្វថ្ងៃ ទម្លាប់​នៃ​ការ​ចេញចូល​ច្រក​ទ្វារ​ខ្លះ ហាក់​ប្រាសចាក​ពី​បុរាណកាល ហើយ​ក៏​មាន​ភាព​សេរី ដោយ​មិន​បាន​បែងចែក​ថា​ខ្លោងទ្វារ​នេះ​សម្រាប់​ព្រះមហាក្សត្រ ខ្លោងទ្វារ​នោះ​សម្រាប់​រាស្ត្រ​សាមញ្ញ​ចេញចូល​ឡើយ​។ ជាក់ស្តែង​នៅ​ប្រាសាទអង្គរវត្ត មនុស្ស​មួយ​ចំនួន​និយម​ចេញចូល​តាម​ច្រក​ខាងកើត ជំនួស​ឱ្យ​ច្រក​ចេញចូល​ខាងលិច​វិញ ដើម្បី​ទៅ​ធ្វើបុណ្យ​និង​ទៅ​ទស្សនា​ប្រាសាទ ដែល​ពេល​ខ្លះ​បង្ក​ភាព​កកស្ទះ​និង​ការ​ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ​ផង​។

តាម​ការ​បញ្ជាក់​របស់​លោក​សាស្ត្រាចារ្យ អ៊ឹម សុខ​រិ​ទ្ធី ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ឱ្យ​ដឹង​ថា ច្រក​ចេញចូល​សំខាន់​នៃ​ប្រាសាទអង្គរវត្ត គឺ​មាន​តែ​មួយ​គត់ គឺ​នៅ​ខាងលិច ឯ​ច្រក​ខាងកើត​គ្រាន់តែ​ធ្វើ​បណ្តោះអាសន្ន​សម្រាប់​កិច្ចការ​អភិរក្ស​ដើម្បី​យក​គ្រឿងចក្រ​ទៅ​ជួសជុល​ប្រាសាទ​ខាងក្នុង ជា​ពិសេស​ថែវ​ខាងត្បូង​ដែល​បែកបាក់​កាលសម័យ​បារាំង និង​សម័យ​ក្រោយ​ៗ​មក​ទៀត ព្រមទាំង​ការ​ចេញចូល​របស់​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អង្គរ​ខាងជើង​និង​ខាងត្បូង​ប៉ុណ្ណោះ​។

លោកបាន​បន្ត​ថា បើ​នៅ​ខាងកើត​អង្គរ​វត្តមាន​ច្រកចូល​សំខាន់​មែន​នោះ គឺ​ច្បាស់​ជា​មាន​ស្ពាន​ហាល ផ្លូវ​ចូល​ក្រាល​ថ្ម មាន​របង​ល្អ​ដូច​ខាងលិច​ពុំខាន មិនមែន​មាន​ត្រឹម​ទំនប់​ទឹក​នោះ​ទេ​។ ជាក់ស្តែង​កាលពីដើម​ឡើយ ទាំង​អ្នក​អភិរក្ស ទាំង​ប្រជាជន ទាំង​ភ្ញៀវ​មក​ទស្សនា គឺ​ចេញចូល​តែ​ខ្លោងទ្វារ​ខាងលិច​ប៉ុណ្ណោះ​។ លោក​បាន​សង្កត់ធ្ងន់​លើ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​ចេញ ចូល​ប្រាសាទអង្គរវត្ត​នា​បច្ចុប្បន្ន ដើម្បី​ទៅ​ធ្វើបុណ្យ​ឬ​ទៅ​ទស្សនា​ដោយ​ចូល​ពី​ច្រក​ខាងកើត​វិញ ។​

លោក សុខ​រិ​ទ្ធី ថា មក​ពី​ការ​ប្រញាប់ប្រញាល់ ពុំ​មានការ​គោរព​សណ្តាប់ធ្នាប់​ល្អ ភាព​ទំយើរ​របស់​មនុស្ស ចង់បាន​ស្រួល ចង់បាន​លឿន ទៅ​ធ្វើបុណ្យ​ដើម្បី​បង្គ្រប់​តែ​កិច្ច ពុំ​ទាន់​មាន​ទម្លាប់​ល្អ​ក្នុង​ការ​ចូល​ប្រាសាទ​ជាទី​សក្ការៈ​។ បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​ជិតខាង​ដែល​គេ​គោរព​សាសនាព្រះពុទ្ធ​ដូច​យើង​ដែរ ឃើញ​ថា​គេ​មាន​ទម្លាប់​ល្អ មានការ​គោរព​ទី​សក្ការៈ មាន​សណ្តាប់ធ្នាប់ ពេល​គេ​ចេញចូល​ទស្សនា​ប្រាសាទ​ទៅ​គោរព​បូជា​និង​ធ្វើបុណ្យ​។ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​កំពុង​រៀបចំ​សណ្តាប់ធ្នាប់ បង្កើត​ជាទី​លាន​ចំណត​នៅ​ខាងលិច កន្លែង​លក់ដូរ​។​ល​។​និង​។​ល​។ ដោយ​សង្ឃឹមថា​សណ្តាប់ធ្នាប់​ល្អ​នឹង​ត្រូវ​បាន​ចូលរួម​អនុវត្ត​ជា​បណ្តើរ​ៗ​។

លោក សុខ​រិ​ទ្ធី បាន​លើក​ឡើង​ថា អង្គរវត្ត គឺជា​អត្តសញ្ញាណ​ជាតិ ប្រ​ដិ​ស្ឋ​នៅ​លើ​ទង់ជាតិ​ខ្មែរ ហើយ​ដែល​គ្មាន​នរណា​អាច​បង្អាប់​ជាន់ឈ្លី​បាន​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ខ្មែរ​យើង​គួរ​នាំ​គ្នា​ចូលរួម​គោរព​និង​លើកតម្កើង​។ វា​ជា​ការ​ល្អ​ណាស់ បើ​មនុស្ស​ទូទៅ​ដើរទៅ​ទស្សនា​ប្រាសាទ​ឬ​ទៅ​ធ្វើបុណ្យ​ដោយ​ឆ្លង​ច្រក​ខាងលិច កាត់​តា​មក​សិន្ធុ ស្លៀក​ហូល ផាមួង អាវ​ស អាវប៉ាក់ កាន់​ចានស្រាក់ រែក​អង្រែ​ក​ម្ហូបអាហារ មាន​ផ្លែ​ឈើ នំអន្សម​ទៅ​ធ្វើបុណ្យ​នោះ វា​សម​នឹង​ភាព​ផូរផង់​នៃ​វប្បធម៌​ខ្មែរ​ត​ពី​បុរាណ​ដែល​មាន​តម្លៃ​ដ៏​ខ្ពង់ខ្ពស់​។

វា​ដូច​គ្នា​នឹង​ប្រទេស​ជិតខាង​មាន​ទ្បា​វ ភូមា ថៃ​ជាដើម ដែល​ពុទ្ធបរិស័ទ​ជ្រះថ្លា​នឹង​សាសនា គោរព​ប្រណិប័តន៍​ប្រពៃណី វត្ត​អារាម និង​បុរាណ​ដ្ឋា​ន​ដែរ​។ បើ​អាច​មាន​ដូច្នេះ​មែន រូបភាព​មនុស្ស​ចេញចូល​អង្គរ​កាលពី​សម័យ​មុន​ៗ ដែល​យើង​តែង​ចែករំលែក​គ្នា​តាម​បណ្តាញ​សង្គម​នោះ​នឹង​មាន​ពិតមែន ហើយ​បន្ត​រស់​រវើក​ដល់​ឥ​ទ្បូ​វ និង​មិនមែន​ជា​រូបភាព​គ្រាន់​ជា​អនុស្សាវរីយ៍​ទៀត​ទ្បើ​យ​។ នោះ​យើង​អាច​ការពារ​រក្សា​បាន​នូវ​ទេសភាព​វប្បធម៌ ជួយ​ដល់​បរិស្ថាន បន្ថយ​ផ្សែង​ពុល លើក​តម្លៃ និង​ការ​អភិរក្ស​ប្រាង្គ​ប្រាសាទ​ផង តាម​រយៈ​បន្ថយ​ទម្ងន់​សង្កត់ បន្ថយ​លំ​ញ័រ ភាព​កកស្ទះ​នៃ​ចរាចរណ៍​នាំ​ប៉ះពាល់​រចនា​សម្ពន្ធ​ប្រាសាទ​។​យើង​ក៏​បាន​ជួយ​រក្សា​តម្លៃ​រតនវត្ថុ​ដែល​ដូនតា​ខ្មែរ​បន្សល់​ទុក​ឱ្យ​និង​បន្ត​ទៅ​មនុស្ស​ជំនាន់​ក្រោយ​ៗ​ទៀត​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9690221