ខេត្តកំពង់ធំ ៖ ផ្ទះ១ខ្នង និងរោងសិប្បកម្មមួយកន្លែងត្រូវភ្លើងឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង៣ និង៣០នាទី ព្រឹកថ្ងៃទី១៨ កក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ភ្លើងបានផ្ទះ១ខ្នងនោះសង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារមានទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រ និងរោងសិប្បកម្មមួយទៀតមានទំហំ៨ម៉ែត្រគុណនឹង២០ម៉ែត្រ។ ម្ចាស់ផ្ទះនិងរោងសិប្បកម្មខាងលើឈ្មោះ ចេង សារឿន ភេទប្រុស អាយុ៥០ឆ្នាំ មានប្រពន្ធឈ្មោះ សុខ សាន អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះ បណ្តាលឱ្យរងការខូចខាតរួមមាន ផ្ទះ១ខ្នង និងឆេះរោងសិប្បកម្ម១ខ្នង ម៉ូតូ១គ្រឿង ម៉ាស៊ីនច្រៀកឈើចំនួន៥គ្រឿង ឈើធ្វើផ្ទះចំនួន៥ម៉ែត្រគូប និងសម្ភារមួយចំនួនទៀតត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ។
រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៏ និងស្រុកសន្ទុកបានចុះមកជួយអន្តរាគមន៍ចំនួន២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន៥រថយន្ត ស្មើនឹង២០ម៉ែត្រគូប ទើបភ្លើងរលត់ទៅវិញទាំងស្រុង មិនឱ្យបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងដទៃទៀត៕ ត្នោត