Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើ​របរជាងថតរូបសម័យបច្ចុប្បន្ន​​អាច​រក​​ប្រាក់​​បានប៉ុណ្ណាដែរ ?

រាជធានី​ភ្នំពេញ ៖ ស្ថិតនៅ​លើ​កំពូលភ្នំ​អដ្ឋរស្ស​ ហៅ​ភ្នំ​ឧដុង្គ ​ឬ​ភ្នំ​ព្រះរាជ​ទ្រព្យ ជាង​ថត​រូប​១​ក្រុម មាន​គ្នា​មិន​ក្រោម​ពី​៣០​នាក់​នោះ​ទេ ស្ពាយកាមេរ៉ា​ថត​ទំនើប​ៗ​កំពុង​ឈរ​ហៅ​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​ទៅ​លេង​កម្សាន្ត​នៅ​លើកំពូលភ្នំ​នោះ ជា​ពិសេស​អ្នក​ដែល​ទៅ​គោរព​បូជាព្រះ​បរម​សរី​រិ​ក​ធាតុ ព្រះសម្មាសម្ពុទ្ធ​នៅ​ព្រះ​សក្យមុនី​ចេតិយ ព្រម​ទាំង​បូជនីយដ្ឋាន​នានា​ជា​ច្រើន​ទៀត​ថតរូប​ ដើម្បី​បាន​កម្រៃ​ប្រចាំ​ថ្ងៃ ។ នេះ​គឺជាមុខ​របរ​អាជីព​ដែល​អ្នកខ្លះ​មាន​រយៈពេល​១០​ឆ្នាំ និង​អ្នកខ្លះ​ទៀត​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ ។

នៅ​ពេល​លោក​អ្នក​ឡើង​ទៅ​ដល់​លើ​កំពូលភ្នំ​ព្រះរាជ​ទ្រព្យ​នោះ ​លោក​អ្នក​និង​បាន​ឃើញ​​ជាង​ថត​ទាំងនោះ​ស្ពាយ​ម៉ា​សុ​ី​ន​ថតរូប​ម្នាក់​១​គ្រឿង ឈរ​ពង្រាយ​គ្នា ដូច​កងទ័ព​ដាក់​ខ្សែត្រៀម​ប្រយុទ្ធ​អុ​ី​ចឹ​ង ដោយ​អ្នកខ្លះ​ឈរ​នៅ​ក្បែរ​ព្រះ​ចេតិយ​ អតីត​ព្រះ​មហា​ក្សត្រ​ ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ និង​ខ្លះ​ទៀត ឈរ​នៅ​ច្រកចូល​ព្រះ​សក្យ​មុនី​ចេ​តិយ​ ដែល​តម្កល់​ព្រះ​បរម​សរី​រិ​ក​ធាតុ​ព្រះសម្មាសម្ពុទ្ធ​ជា​អម្ចាស់ ឬ​ក៏​ឈរ​នៅ​ក្នុង​បរិវេណ​ព្រះ​សក្យមុនីចេតិយ​តែ​ម្ដង ។ ស្ថិត​នៅ​ក្រោម​កម្ដៅថ្ងៃ​ហែង ទោះបីជា​មាន​អ្នក​ជួល​ឲ្យ​ពួក​គាត់​ថតរូប​ឲ្យ ​ឬ​គ្មាន​ក៏​ដោយ តែ​សម្រាប់​ក្រុម​ជាង​ថតរូប​ទាំងនោះ នៅ​តែ​មាន​ទឹកមុខ​ញញឹម​រីករាយ ​និង​មាន​ភាព​រួសរាយ​រាក់ទាក់​ជា​និច្ច​ជាមួយ​ភ្ញៀវ ដែល​បាន​ទៅ​ដល់​លើ​បូជនីយដ្ឋាន​ខាងលើ ។

មិនតែប៉ុណ្ណោះ​ ពួក​គាត់​ក៏​បាន​និយាយ​ទៅ​កាន់​ភ្ញៀវ​ថា «​សូម​មេត្តា​ដោះ​ស្បែកជើង​និង​មួក​ចេញ​សិន​ចាំ​ចូល​ទៅ​កាន់​ព្រះ​សក្យមុនីចេតិយ​ព្រោះ​ជា​បម្រាម​» ខណៈ​ដែល​នៅ​ទីនោះ​ ក៏​មាន​ដាក់​ស្លាក​បម្រាម​ស្រាប់​ផង ។ បន្ទាប់​មក​ទៀត ទើប​ពួក​គាត់​សួរ​ទៅ​កាន់​ភ្ញៀវ ដោយ​ការ​គោរព​ថា «​លោកយាយ​លោកតា និង​លោកពូ​អ្នក​មីង បងប្អូន​ថតរូប​ដែរ​ទេ ? ថត​ភ្លាម​បាន​ភ្លាម​ហើយ​រូបភាព​ពណ៌​ធម្មជាតិ​ល្អ​និង​តម្លៃ​សមរម្យ​» ។ នេះ​គឺជា​វិធីសាស្ត្រ​ឱនលំទោន​អន្ទង​ចិត្ត​ភ្ញៀវ​ ដើម្បី​បាន​ថតរូប​ហើយ​ពួក​គាត់​ក៏​ទទួល​បាន​ប្រាក់​កម្រៃ​ផង​ដែរ ។ សម្រាប់​ភ្ញៀវ​មួយ​ចំនួន​ បន្ទាប់​ពី​បានឮ​ពាក្យ​សម្ដី និង​កាយវិការ​គួរសម​នេះ​ហើយ​ក៏​យល់ព្រម ហើយ​បាន​ប្រមូល​ក្រុម​គ្រួសារ​ថតរូប​ជុំ​គ្នា​ទុកជា​អនុស្សាវរីយ៍ ដោយ​ភ្ញៀវ​ទាំងនេះ បាន​ចំណាយ​ប្រាក់​ត្រឹមតែ​៥​ពាន់ ​ទៅ​១​ម៉ឺន​រៀល ឬ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ទទួល​បាន​រូបថត​ពណ៌​ធម្មជាតិ​ស្រស់​ស្អាត​យក​ទៅ​ដាក់​តាំងនៅ​គេហដ្ឋាន​របស់​ខ្លួន​ហើយ ។

ប៉ុន្តែ​ទន្ទឹម​និង​នេះ​ ក៏​មាន​ភ្ញៀវ​ភាគច្រើន​ទៀត​មិន​បាន​ឲ្យ​ក្រុម​ជាង​ថត​ទាំងនោះ​ថត​ឲ្យ​ឡើយ ដោយ​ពួក​គាត់​បាន​នាំ​គ្នា​ប្រើ​ទូរស័ព្ទ​ដៃ​ថតរូប ឬ​ថត​សែ​ល​ហ្វុ​ី​ជុំ​គ្នា​ដោយ​ខ្លួនឯង ។ នេះ​គឺជា​សិទ្ធិ​សេរីភាព និង​មិន​ចង់​ចំណាយ​ប្រាក់​លើ​ការ​ថតរូប ហើយ​ការ​ថត​តាម​ទូរស័ព្ទ​ក៏​អាច​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​ផ្សេង​ៗ​បាន​ដែរ ជា​ពិសេស​ សង្គម​ហ្វេ​ស​ប៊ុ​ក​តែ​ម្ដង ។

ក្រុម​ជាង​ថតរូប​ខាងលើ​ សុទ្ធតែ​បាន​និយាយ​ដូច​ៗ​គ្នា​ថា កាលពី​ជាង​១០​ឆ្នាំ​ឬ​១៥​ឆ្នាំ​មុន ភ្ញៀវ​ ដែល​បាន​ទៅ​លេង​កម្សាន្ត​លំហែកាយ និង​គោរព​បូជា​នៅ​បូជនីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ​នេះ​ចំនួន​៨០​ភាគរយ បាន​ចំណាយ​លុយ​ក្នុង​ម្នាក់​ៗ​យ៉ាង​ហោច​ណាស់​ក៏​១​ម៉ឺន​រៀល ទៅ​២​ម៉ឺន​រៀល​ដែរ ដើម្បី​នាំ​គ្នា​ថតរូប ដែល​បាន​ធ្វើ​ឲ្យ​មុខរបរ​ថតរូប​នេះ​កាក់កប​អាច​រក​ប្រាក់​កម្រៃ​បាន​ច្រើន​គួរសម​ដែរ ។ ក្នុង​នោះ​ សម្រាប់​ជាង​ថតរូប​ម្នាក់​អាច​រក​ប្រាក់​ក្នុង​១​ថ្ងៃ បាន​ចាប់ពី​១០​ទៅ​១៥​ម៉ឺន​រៀល ហើយ​អាច​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន ដោយ​ងាយស្រួល ។ ម្យ៉ាងទៀត​ ក៏​អាច​ហ៊ាន​ទិញ​កាមេរ៉ា​ថ្លៃ​ៗ ដេញជើង​រវាង​ជាង​ថតរូប​ដូច​គ្នា​សម្រាប់​ថតរូប​ជូន​ភ្ញៀវ​ថែម​ទៀត​ផង ។

ប៉ុន្តែ​ផ្ទុយ​ស្រឡះ​ពី​អំឡុង​ពេល​នោះ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ចំណូល​ដែល​បាន​មក​ពី​ការ​ថតរូប​ឲ្យ​ភ្ញៀវ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​បំផុត ដែល​ថ្ងៃ​ខ្លះ អាច​រកបាន​ត្រឹមតែ​២​ទៅ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​ក៏​មាន​ថ្ងៃ​ខ្លះ​ទៀត សូ​ម្បី​តែ​១​រៀល​ក៏​គ្មាន​ផង ។ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ការ​ធ្លាក់​ចុះ​ចំណូល​ពី​ការ​ថតរូប​នេះ​ដោយសារ​ការ​ប្រឈម​២​យ៉ាង​គឺ​៖

ទី​១-​ព្រោះតែ​បច្ចេកវិទ្យា​ជឿនលឿន មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទំនើប​ៗ​ដ៏​សម្បូរ​បែប​ហូរ​ចូល​ក្នុង​ប្រទេស​យើង ហើយ​គ្រប់​ស្មា​ត​ហ្វូ​ន​សុទ្ធតែ​មាន​ភ្ជាប់​កាមេរ៉ា ដែល​អាច​ថតរូប​បាន​គ្រប់​ស្ថានភាព​ទាំងអស់ មិនតែប៉ុណ្ណោះ​អ្នកខ្លះ​ប្រើ​រហូត​ដល់​២​ទៅ​៣​គ្រឿង​ម្នាក់ឯង​ទៀត​ផង ។ បញ្ហា​នេះ​បាន​ប្រឈម​មក​យូរ​ឆ្នាំ​មក​ហើយ ដោយ​បាន​ធ្វើ​ឲ្យ​ចំណូល​ពី​ការ​ថតរូប​របស់​ពួក​គាត់​មានការ​ធ្លាក់​ចុះ​បន្តិច​ម្ដង​ៗ រហូត​ម​ដល់​បច្ចុប្បន្ន​ស្ទើរតែ​សូន្យ ព្រោះ​ភ្ញៀវ​ទេសចរ​ស្ទើរតែ​៨០​ភាគរយ​លែង​ត្រូវការ​ជួល​ថត​ទៀត​ហើយ ។ ភ្ញៀវ​បាន​នាំ​គ្នា​ប្រើ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ថតរូប ព្រោះ​មិន​ចាំបាច់​ចំណាយ​លុយ​ក្នុង​ការ​ថតរូប​ដូច​ពី​មុន​ទៀត​ឡើយ ហើយ​ចង់​ថត​សែ​ល​ហ្វុ​ី ឬ​បែប​ណា​រាប់​សិប​ប៉ុស្តិ៍​ក៏​បាន​ដែរ ។ ពិសេស​ថែម​ទៀត​នោះ​អាច​យក​រូប​នោះ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឬ​បណ្ដាញ​នានា​តាម​ចិត្ត​ទៀត​ផង ។

ចំណែក​ភ្ញៀវ​ទេសចរ​ប្រមាណ​២០​ភាគរយ​ទៀត​នៅ​តែ​ត្រូវការ​រូបភាព ពី​ម៉ា​សុ​ី​ន​ថត​របស់​ជាង​ថត​ដដែល ទោះជា​មាន​ទូរស័ព្ទ​ទំនើប​ៗ កាន់​ក្នុង​ដៃ​ហើយ​ក្ដី ព្រោះ​គាត់​ត្រូវការ​យក​រូបថត​ពេល​ដើរ​លេង​ទៅ​ដាក់​តាំង​នៅផ្ទះ ។ ដូច្នេះ​ពួក​គាត់​មិន​ខ្លាច​និង​ចំណាយ​លុយ​ថ្លៃ​ថតរូប​ទេ ។ ភ្ញៀវ​ទាំងនេះ​ហើយ គឺជា​ប្រភព​នៃ​ប្រាក់​ចំណូល​ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ជាង​ថតរូប​ទាំងអស់ ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ចំណែក​បញ្ហា​ប្រឈម​គឺ​៖

ទី​២-​ស្រប​ពេល​ប្រាក់​ចំណូល​កំពុង​ធ្លាក់​ចុះ ព្រោះ​មិនសូវ​មាន​អ្នក​ថតរូប​ស្រាប់​ផង ស្រាប់តែ​មានរឿង​នឹក​ស្មាន​មិន​ដល់​មួយទៀត​បាន​កើតឡើង​ដ៏​កក្រើក​ពិភពលោក​រួម​ទាំង​កម្ពុជា​យើង​ផង​ដែរ នោះ​គឺ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ COVID-19 ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។ កាលពី​ចាប់ផ្ដើម​កើត​ជំងឺ​នេះ​ដំបូង​នោះ​នៅ​រមណីយដ្ឋាន​ភ្នំ​ឧដុង្គ​ស្ទើរតែ​គ្មាន​អ្នក​ទៅ​លេង​ទាំងស្រុង​តែ​ម្ដង ។ក្នុង​ដំណាក់​កាលនោះ​ មិន​ថា​តែ​ពួក​គាត់​ដែល​ជា​ជាង​ថតរូប​ប៉ុណ្ណោះ​ទេ ដែល​ជួប​បញ្ហា​បាត់ប្រាក់​ចំណូល សូ​ម្បី​តែ​អ្នក​លក់ដូរ​ផ្សេង​ៗ​ដូច​ជា​អ្នកលក់​បាយ ម្ហូបអាហារ ឬ​វត្ថុ​អនុស្សាវរីយ៍​ដ៏​ទៃ​ៗ​ទៀត​ក៏​គ្មាន​ប្រាក់​ចំណូល​ដូច​គ្នា​ដែរ ខណៈនោះ​ម្នាក់​ៗ​អង្គុយ​ស្ងាប​មើល​តែ​មុខ​គ្នា​ឡេ​ង​ឡង់​ៗ​រក​និយាយ​អ្វី​មិន​ចេញ​ឡើយ ។ ប៉ុន្តែ​យើង​ក៏​មានភ័ព្វ​សំណាង​ខ្លាំង​ណាស់ ដែល​ប្រទេស​យើង​មាន​កើត​ជំងឺ​នេះ​ដែរ ប៉ុន្តែ​តិចតួច​ហើយ​គ្មាន​អ្នក​ស្លាប់​ទៀត ព្រោះ​បាន​រាជរដ្ឋាភិបាល​មាន​វិធានការ​ទប់ស្កាត់​មិន​ឲ្យ​មានការ​រីក​រាលដាល​ឡើយ ហើយ​រហូត​មក​ដល់​ពេល​នេះ ទោះបីជា​ជំងឺ​នេះ​មិន​ទាន់​វិនាស​ខ្ចាត់ខ្ចាយ​ពី​ភព​ផែនដី​ក្ដី ប៉ុន្តែ​មាន​អ្នក​មក​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​នេះ​វិញ​ខ្លះ​ៗ​ហើយ ដែល​បង្ក​លក្ខណៈ​ឲ្យ​ពួក​គាត់​អាច​រក​ចំណូល​ពីមុខ​របរ​ថតរូប​នេះ​បាន​ខ្លះ​អត់​ខ្លះ​ឡើង​វិញ​ដែរ ។ ប៉ុន្តែ​ក៏​គ្មាន​សង្ឃឹមថា​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ដូច​កាលពី​១០​ឬ​១៥​ឆ្នាំ​មុន​នោះ​ឡើយ ។

បើ​តាម​បុរស​ជា​ជាង​ថតរូប​ម្នាក់​ឈ្មោះ​ភាព អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្រះ​ពោធិ៍​ខាងជើង ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្ដាល បាន​និយាយ​ថា អ្នករក​សុ​ី​ថតរូប នៅ​លើ​កំពូលភ្នំ​ព្រះ​រាជ្យទ្រព្យ​នេះ​មាន​ចំនួន​រហូត​ដល់​ទៅ​ជាង​៣០​នាក់​ឯណោះ ។ ដោយឡែក​រូប​លោក​បាន​ប្រកប​របរ​មួយ​នេះ​អស់​រយៈពេល​១០​ឆ្នាំ​កន្លង​មក​ហើយ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែល​មាន​ប្រពន្ធ​និង​កូន​៣​នាក់ ។ ក្រៅពី​មុខរបរ​ជា​ជាង​ថតរូប​គាត់​បាន​ចាប់​យកមុខ​របរ​អាជីព មួយទៀត​គឺ​ធ្វើស្រែ​ផង​ដែរ ។ ចំពោះ​តម្លៃ​រូបថត​ដែល​គាត់​ថត​ជូន​ភ្ញៀវ គឺ​ថត​ភ្លាម​បាន​ភ្លាម​ក្នុង​នោះ​រូបថត​ទំហំ​១៣​ស​ង្ទី​មែ​៉​ត្រ​គុណ​នឹង​១៨​ស​ង្ទី​មែ​៉​ត្រ​ក្នុង​១​សន្លឹក​ថ្លៃ​៥​ពាន់​រៀល និង​ទំហំ​២០​ស​ង្ទី​រ​ម៉ែត្រ​គុណ​នឹង​៣០​ស​ង្ទី​រ​ម៉ែត្រ​ក្នុង​១​សន្លឹក​ថ្លៃ​១​ម៉ឺន​រៀល ។

លោក​ភាព​បាន​បន្ត​ថា ជា​រៀងរាល់ថ្ងៃ​ក្រោយ​ពី​ភ្ញាក់ពីដេក​បន្ទាប់​ពី​ធ្វើ​ការងារ​ផ្ទះ​រួច ទើប​គាត់​ចាក​ចេញពីផ្ទះ​ឡើង​ទៅ​លើ​ភ្នំ​ឈរ​រង់ចាំ​ភ្ញៀវ​នៅ​មាត់​ច្រកចូល​ព្រះ​សក្យមុនីចេតិយ ឬ​ក្បែរ​ព្រះ​ចេតិយ​ព្រះបាទ​ស្រី​សូ​រិ​យោ​ពណ៌​ជាមួយ​និង​អ្នក​ថតរូប​ដ៏​ទៃ​ៗ​ទៀត​ដែរ ។ មិនតែប៉ុណ្ណោះ​រយៈពេល​១០​ឆ្នាំ​នៃ​ការ​ប្រកបរ​បរជា​ជាង​ថតរូប​នេះ​គាត់​បាន​ប្រើ​ម៉ា​សុ​ី​ន​ថត​(​កាមេរ៉ា​) អស់​ចំនួន​៥​គ្រឿង​ហើយ ។ ចំណែក​អ្នក​ផ្សេង​ក៏​ដូច​គាត់​ដែរ ដោយ​អ្នកខ្លះ​អស់​៣​ឬ​៤​គ្រឿង​ហើយ​ដែរ ។

និយាយ​រួម​មក​កាលពីមុន​ស្រួល​រក​លុយ​ណាស់ ព្រោះ​អាច​បាន​ក្នុង​១​ថ្ងៃ​ចន្លោះ​ពី​១០​ទៅ​១៥​ម៉ឺន​រៀល ហើយ​នៅ​ពេល​ម៉ា​សុ​ី​ន​ថត​រាង​ចាស់​បន្តិច​ថតរូប​មិនសូវ​ស្អាត​គឺ​បាន​ទិញ​ថ្មី​ប្ដូរ​ភ្លាម និង​ទិញ​ដេញ​ស៊េរី​ដេញ​ម៉ាក​គ្នា​ថែម​ទៀត​ផង ។ ប៉ុន្តែ​ចូល​មក​ដល់​សព្វ​ថ្ងៃនេះ គ្មាន​លទ្ធភាព​ប្ដូរ​ម៉ា​សុ​ី​ន​ថត​ថ្មី​ឡើយ ព្រោះតែ​ថ្ងៃ​ខ្លះ​រកបាន​ត្រឹមតែ​២​ម៉ឺន​ទៅ​៣ម៉ឺន​រៀល និង​ច្រើន​បំផុត​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​ក៏​មាន​ថ្ងៃ​ខ្លះ​ទៀត រក​អត់​បាន​សូ​ម្បី​តែ​១​រៀល​ក៏​មាន​ដែរ ។

គាត់​ថា ប៉ុន្តែ​គាត់​មិន​ដែល​ចុះចាញ់​ឬ​គិត​ថា​និង​បោះបង់​ចោល​មុខរបរ​មួយ​នេះ​ទេ ព្រោះ​យល់​ថា​កា​រក​សុ​ី​គឺ​បែប​នេះឯង ជួនកាល​ក៏​បាន​ច្រើន​គ្រាន់បើ ថ្ងៃ​ខ្លះ​ក៏​បាន​តិច ហើយ​ជួន​ថ្ងៃ​ខ្លះ​ក៏​អត់​បាន​សោះ​ក៏​មាន​ដែរ ។ គាត់​ថា​នេះ​គឺជា​រឿង​ធម្មតា​ទៅ​ហើយ ម្យ៉ាងទៀត​ប្រសិនបើ​គាត់​បោះបង់​ចោល​មុខរប​នេះ​ទៅ ក៏​ពុំ​ដឹង​ថា​អាច​ទៅ​រក​សុ​ី​អ្វី​ទៀត បាន​នោះ​ឡើយ ។ គាត់​ថា​កាលពីមុន​គាត់​បាន​ចាត់​ទុក​ថា​មុខរបរ​ជាង​ថតរូប​ជា​គោល ជា​អាជីព ប៉ុន្តែ​ពេល​នេះ​ចាត់​ទុក​វា​លែង​ជា​អាជីព​ទៀត​ហើយ គឺ​ទុក​ថា​ជា​មុខរបរ​បន្ទាប់បន្សំ​ពី​ការ​ធ្វើស្រែ​តែ​ប៉ុណ្ណោះ ៕​ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9690166