លោកមហាសេដ្ឋីវ៉ារេន បាហ្វេត (Warren Buffett) ដែលបច្ចុប្បន្នមានអាយុ ៩០ឆ្នាំ មានទ្រព្យសម្បត្តិរួមប្រមាណ៨១ប៊ីលានដុល្លារ។ មួយផ្នែកធំនៃទ្រព្យសម្បត្តិរបស់លោកត្រូវបានរកបានបន្ទាប់ពីខួបគម្រប់អាយុ ៥០ឆ្នាំរបស់លោក។
ប៉ុន្តែអ្នកដែលបានតាមដានលោកបាហ្វេតភាគច្រើនមើលរំលងចំណុចមួយដែលជាកត្តានាំយកភាពជោគជ័យឲ្យលោកបាហ្វេតអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ លោកបាហ្វេតបានចាប់ផ្តើមវិនិយោគតាំងពីពេលលោកមានអាយុ ១០ឆ្នាំ ហើយនៅអាយុ ៣០ឆ្នាំ លោកមានប្រមាណ១លានដុល្លារទៅហើយ ឬ ៩.៣លានដុល្លារបើគិតតាមអតិផរណា។ ប៉ុន្តែប្រសិនបើលោកជាមនុស្សទូទៅដែលចំណាយពេលនៅវ័យក្មេងដើរលេង និងរកអ្វីដែលខ្លួនចង់ធ្វើនោះ លោកប្រហែលជាមិនមាន ១លានដុល្លារនៅអាយុ ៣០ឆ្នាំទេ។
ទោះជាលោករកបានការងារដែលផ្តល់ប្រាក់ខែច្រើនពិតមែនក្តីក៏លោកប្រហែលជាមិនអាចមានឱកាសរកបានទ្រព្យសម្បត្តិស្តុកស្តម្ភដូចសព្វថ្ងៃដែរ។ មានន័យថាទ្រព្យសម្បត្តិដែលលោកបាហ្វេតរកបានគឺកើតមានឡើងព្រោះតែទ្រព្យសម្បត្តិដែលលោកបានខិតខំកសាងតាំងពីក្មេងមក។
សម្រាប់បុគ្គលដែលមានជំនួយពីក្រុមគ្រួសារ ចំណុចនេះប្រហែលជាមិនសំខាន់ខ្លាំងសម្រាប់អ្នកទេ ប៉ុន្តែសម្រាប់បុគ្គលដែលត្រូវកសាងទ្រព្យសម្បត្តិដោយខ្លួនឯង វាអាចជាមេរៀនដ៏មានតម្លៃមួយសម្រាប់ការសន្សំ និងព្យាយាមកសាងទ្រព្យសម្បត្តិទាន់ខ្លួននៅវ័យក្មេង។
ក្រៅពីនេះហើយ មេរៀនដែលអ្នកអាចរៀនពីបទពិសោធន៍របស់លោកបាហ្វេតគឺ ការវិនិយោគដែលល្អមិនតែងតែរកចំណូលឲ្យអ្នកបានច្រើនក្នុងមួយរំពេចទេ ព្រោះការវិនិយោគទាំងនេះភាគច្រើនកើតមានឡើងតែម្តង ហើយមិនអាចកើតមានឡើងម្តងទៀតបានទេ។
ផ្ទុយមកវិញ ការវិនិយោគដែលល្អគឺការវិនិយោគដែលរកប្រាក់ចំណេញឲ្យអ្នកបានសមរម្យក្នុងរយៈពេលវែងទៅវិញ ដែលតម្រូវឲ្យអ្នកមានភាពអត់ធ្មត់និងរងចាំដល់ឱកាសល្អមកដល់ក្នុងដៃ។ នេះគឺជាយុទ្ធសាស្ត្រដែលលោកបាហ្វេតបានប្រើសម្រាប់ការវិនិយោគដែរ។
បើមើលពីប្រាក់ចំណូលដែលបានពីការវិនិយោគលើភាគហ៊ុន លោកបាហ្វេតមិនរកបានច្រើនទេពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែលោកនៅតែអត់ធ្មត់និងបន្តរងចាំរហូតដល់ឱកាសល្អក្នុងការលក់វាចេញពេលដែលឡើងថ្លៃខ្ពស់ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព