ខេត្តសៀមរាប ៖ រថយន្តម៉ាក CRV មួយគ្រឿង សង្ស័យអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងជោកបានបុករថយន្ត៣គ្រឿងផ្សេងទៀតក្នុងទិសដៅបញ្ច្រាសគ្នា រួចរថយន្តម៉ាក CRV នោះជ្រុលធ្លាក់ប្រឡាយដោយខ្លួនឯង នៅក្បែរស្ពាននាគ កណ្តាលក្រុងសៀមរាប ក្នុងហេតុការណ៍នេះបណ្តាលឱ្យរថយន្តទាំង៤គ្រឿងរងការខូចខាតធ្ងន់ស្រាល និងបណ្តាលឱ្យគ្រូពេទ្យម្នាក់រងរបួសធ្ងន់ ព្រមទាំងបង្កការកកស្ទះចរាចរណ៍មួយសន្ទុះធំផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចខាងកើតស្ពាននាគ តាមបណ្តោយវិថី សម្ដេចវិបុលបញ្ញាសុខអាន (៦០ម៉ែត្រ) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
បើតាមការបញ្ជាក់ពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរ
បាលខេត្តសៀមរាបបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០នេះថា រថយន្តទាំង៤គ្រឿងខាងលើរួមមាន ១-រថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខសៀមរាប២C-៨៦៤៨ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ២-រថយន្ដ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ (ខ.ម ៦២.៨៣.០៤) បើកបរដោយ ឈ្មោះ ភួង ភឿង ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរយោធា រស់នៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
៣- រថយន្ដម៉ាកកាមរី ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ខេមរភូមិន្ទ (ខ.ម.០២.២.២៤.៤២)បើកបរដោយឈ្មោះ វ៉ា រក្សា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរយោធា រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប និង៤-រថយន្ដម៉ាករ៉េហ្វ័រ ពាក់ស្លាកលេខ ភ្នំពេញ ២R-៤០១៤ បើកបរដោយ ឈ្មោះ សុខ សាលា ភេទស្រី អាយុ៤៥ឆ្នាំ ជាគ្រូពេទ្យ រស់នៅភូមិតាវៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
តាមប្រភពខាងលើបានឱ្យដឹងបន្តថា ករណីគ្រោះថ្នាកចរាចរណ៍រវាងរថយន្តបុកជាមួយនឹងរថយន្ដក្នុងទិសដៅបញ្ច្រសគ្នាខាងលើនោះ គឺបង្កឡើងដោយរថយន្តម៉ាក CRV បើកបរក្នុងស្ថានភាពស្រវឹងជោក ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតទៅបុករថយន្ដចំនួន៣គ្រឿងជាបន្តបន្ទាប់ ខណៈរថយន្តទាំង៣គ្រឿងនោះកំពុងធ្វើដំណើរមកពីទិសខាងលិចទៅកើត បណ្ដាលឱ្យរងរបួសគ្រូពេទ្យម្នាក់រងរបួសធ្ងន់ ។ ចំណែករថយន្តទាំង៤គ្រឿងបានរងការខូចខាតធ្ងន់ស្រាល ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញចុះវាស់វែង និងអូសយករថយន្តទាំង៤គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីដោះស្រាយតាមផ្លូវច្បាប់។
បច្ចុប្បន្ន កម្លាំងជំនាញបានហៅភាគីម្ចាស់រថយន្តទាំង៤គ្រឿង ឱ្យចូលមកដោះស្រាយ សម្របសម្រួលគ្នាតាមនីតិវិធី ពេលនោះអ្នកបើកបររថយន្តម៉ាក CRV បានព្រមព្រៀង សងបញ្ចប់រឿង។ រីឯអ្នកគ្រូពេទ្យម្នាក់ដែលរងរបួសនោះត្រូវបានទទួលសំណងទាំងថ្លៃព្យាបាល និងការជួសជុលរថយន្ត ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព