បងប្អូនពីរនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅស្រុក Bang Sao Thong ពីបទប្រើប្រាស់ក្រដាសប្រាក់ក្លែងក្លាយ។
ការចាប់ខ្លួននេះត្រូវបានធ្វើឡើង បន្ទាប់ពីប៉ូលិសបានទទួលពាក្យបណ្តឹងជាច្រើនពីប្រជាពលរដ្ឋដែលបាននិយាយថា ជនបោកប្រាស់ទាំងពីរនាក់បានប្រើក្រដាសប្រាក់ ៥០០ បាតក្លែងក្លាយដើម្បីទិញទំនិញផ្សេងៗ។
ប៉ូលិសបានរកឃើញថា ជនល្មើសទាំងពីរនាក់ធ្វើការជាសន្តិសុខនៅរោងចក្រមួយក្នុងសង្កាត់ Bang Sao Thong ព្រមទាំងទទួលបានដីកាពីតុលាការខេត្ត Samut Prakan សម្រាប់ការចាប់ខ្លួនជនល្មើស។ ជនល្មើសទាំងពីរមានឈ្មោះ Boonmee Kerddee អាយុ ៤៩ ឆ្នាំនិង Veerawat អាយុ ៣៩ ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងបន្ទប់ជួលមួយក្នុងសង្កាត់ Bang Sao Thong កាលពីថ្ងៃអាទិត្យវេលាម៉ោង ៧ និង ៣០ នាទីយប់។ ប៉ូលិសបានរកឃើញក្រដាសប្រាក់ ៥០០ បាតចំនួន ២១ សន្លឹក និងក្រដាសប្រាក់ ១០០ បាតចំនួន ១០ សន្លឹកនៅក្នុងកាបូបរបស់ជនល្មើសទាំងពីរ។
ជនល្មើសឈ្មោះ Boonmee បាននិយាយថា រូបគេមិនបានដឹងអ្វីអំពីក្រដាសប្រាក់ក្លែងក្លាយនៅក្នុងកាបូបនោះទេ ព្រមទំាងបានអះអាងថា ប្រាក់ក្នុងកាបូបនោះគឺមិនបានដកយកមកប្រើប្រាស់អស់រយៈពេលជាយូរមកហើយ។
លើសពីនេះជនល្មើសលោក Veerawat បាននិយាយថា រូបគេបានរកឃើញក្រដាសប្រាក់ដែលនៅក្រោមស្ពាន Bang Sao Thong និងមិនដឹងថាជាលុយក្លែងក្លាយនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ជនល្មើសទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីបទកាន់កាប់និងប្រើប្រាស់ក្រដាសប្រាក់ក្លែងក្លាយ។ ប្រសិនបើប៉ូលិសរកឃើញថាជនល្មើសទាំងពីរប្រើប្រាស់ក្នុងគោលបំណងចេតនា នោះជនល្មើសទំាងពីរអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post