ខេត្តស្ទឹងត្រែង ៖ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ ៩ ពីខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តព្រះវិហារ ភ្នំឈ្ងោក ស្ថិតនៅខាងស្តាំដៃ ត្រង់បង្គោលថ្មលេខ ៥០៣ មានផ្លូវក្រាលគ្រួសក្រហម បត់ចូលរួចបន្តដំណើររហូតទៅដល់ភ្នំឈ្ងោក (ជិតដល់ភ្នំមានផ្លូវលំបាកបន្តិច តែរថយន្តអាចទៅបាន សូមកុំបោះបង់រួចបន្តដំណើរប្រមាណ២០០ម៉ែត្រ អ្នកនឹងទៅដល់)។ នៅពេលទៅដល់ មានអ្នកភូមិនៅរង់ចាំស្វាគមន៍យ៉ាងរាក់ទាក់ ហើយពួកគាត់ជាយុវជនជនជាតិដើមភាគតិច(កួយ)។ គាត់នឹងជូនទៅកន្លែងសំខាន់ៗដូចខាងលើ។
ភ្នំនេះជាប្រភេទភ្នំថ្មស (កំបោរ) និងជាកន្លែងទាក់ទាញសម្រាប់អ្នកចូលចិត្តធម្មជាតិ និងវប្បធម៌ និងឡើងភ្នំ។ ការអញ្ជើញមកភ្នំនេះរបស់បង ប្អូនជនរួមជាតិគឺ មានន័យណាស់ក្នុងការជួយលើកស្ទួយជីវភាពរបស់សហគមន៍តំបន់នោះ នៅក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងចូលរួមដល់ការអភិរក្សធម្មជាតិ។
ភ្នំនេះមានអត្តសញ្ញាណពិសេសរបស់ខ្លួនរួមមាន៖
១.ទេសភាពសមុទ្រឈើបីដំណាក់៖ ដំណាក់ខ្ពស់បំផុតនៅលើកំពូលភ្នំដែលអាចមើលឃើញទេសភាព៣៦០អង្សារ និងភ្នំធំ , ២.ជ្រលងភ្ជាប់និស្ស័យ, ៣.ល្អាងអូន, ៤.ល្អាងបង, ៥.ល្អាងទឹកចេញ , ៦.ល្អាងសត្វប្រចៀវ , ៧.ល្អាងខ្លាកូនក្រមុំ(មាន នាងក្រមុំម្នាក់ថែរក្សាកូនខ្លាក្នុងល្អាងនោះ) , ៨.ពពួកសត្វដូចជាប្រចៀវ ស្វា និង៩.ពពួករុក្ខជាតិដូចជា ដើមស្រឡៅ ចន្ទភ្នំ រកា ជ្រៃ ដំបងយក្ស ពោធិ៍ រលួស សំរោង។
ភ្នំឈ្ងោកស្ថិតនៅត្រង់ចំណុចដែលមានរយៈទទឹង (១៣° ៤៦’ ៣៨.៥២៩៨៣៩០០”) និងរយៈបណ្តោយ(១០៥° ៤៤’ ៥៤.២២៣៤៣៩៩៩”) ស្ថិតក្នុងភូមិសាស្ត្រភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង ប្រមាណ៤៤ គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង។
សូមជម្រាបថា មានបងប្អូនជនជាតិដើមភាគតិចកួយប្រមាណជាង៣០០គ្រួសាររស់នៅក្បែរភ្នំនេះ ហើយចងក្រងជាសហគមន៍មើលថែរក្សា និងការពារធនធានធម្មជាតិនៅតំបន់ភ្នំនេះរួមទាំងភ្នំឱ្យបានគង់វង្ស។
យោងតាមក្រុមការងារក្រសួងបរិស្ថាន បានថតនៅថ្ងៃទី០៩.០៩.២០២០ និងសូមបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ឱ្យពលរដ្ឋកម្ពុជាគ្រប់រូបទាំងក្នុង និងក្រៅប្រទេសជួប តែសុខភាពល្អ ចៀសផុតពីជំងឺកូវីដ-១៩ និងមានសុភមង្គលកុំបីឃ្លៀងឃ្លាត៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព