រាជធានីភ្នំពេញ៖ តារាចម្រៀងស្រីជួរមុខនៅកម្ពុជា អ្នកនាង ឱក សុគន្ឋកញ្ញា បានធ្វើអោយមហាជនមានការរំជួលចិត្តមែនទែន ក្រោយពីរូបអ្នកនាងបានរៀបរាប់ទាំងអួលដើម.ក ទៅកាន់អ្នកម្តាយជាអ្នកស្រលាញ់នៅក្នុងថ្ងៃខួបកំណើត។
គ្រាន់តែឈានចូលដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះភ្លាម ដែលត្រូវជាថ្ងៃកំណើតរបស់តារាចម្រៀងស្រីរូបនេះ អ្នកនាងបានបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុកជាមួយនឹងរូបថតកាលពី៣០ឆ្នាំជាមួយនឹងអ្នកម្តាយ និងបានរៀបរាប់យ៉ាងរំជួលចិត្តថា «ថ្ងៃនេះ កាលពីជាង៣០មុន មនុស្សស្រីម្នាក់នេះ កំពុងតែទ្រាំនូវការឈឺចាប់ អារម្មណ៍ភ័យខ្លាចត្រូវបង្កើតកូនដំបូងម្នាក់ បន្ទាប់មកត្រូវមានទំនួលខុសត្រូវ បីបាច់ថែរក្សា ស្រឡាញ់ ថ្នាក់ថ្នម ការពារគ្រប់កាលៈទេសៈ បារម្ភខ្លាចកូនមិនល្អ រឹងមាំមិនគ្រប់គ្រាន់ នៅក្បែរ កំដរកូនគ្រប់ពេល ហើយធ្វើជាអ្នកគាំទ្រតែម្នាក់បើទោះជាពេលនោះគ្មានអ្នកណា ក៏មិនបង់ចោលដែរ មនុស្សស្រីម្នាក់នេះជាម្ដាយ ដែលបានបង្កើតក្មេងស្រីម្នាក់ជា ឱក សុគន្ឋកញ្ញា ម្នាក់នេះ អរគុណអ្នកម្តាយដែលតែងតែផ្តល់នូវអ្វីៗគ្រប់យ៉ាងដល់កូន អរគុណអ្នកម្ដាយតែងតែធ្វើអ្វីៗទាំងអស់ដើម្បីតែកូន ជីវិតនេះអ្នកលំបាកពេកហើយ សង្ឃឹមថាយើងនិងបានជួបជុំគ្នាវិញឆាប់ៗ»។
បន្ទាប់ពីបង្ហោះសារនោះរួចមក ក៏មានមហាជន និងអ្នកគាំទ្រ បានលើកពាក្យសរសើរពីអ្នកម្តាយអ្នកនាង ឱក សុគន្ឋកញ្ញា ដែលបានមើលថែរក្សាយ៉ាងល្អ រហូតអ្នកនាងក្លាយជាកំពូលតារាចម្រៀងស្រីមួយរូបដែលមានមហាជនស្គាល់ទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរថា មិនត្រឹមតែសរសេរសារយ៉ាងមានអត្ថន័យទៅកាន់អ្នកម្តាយ ដែលបានផ្តល់កំណើតដល់រូបអ្នកនាងនោះទេ ដោយនៅក្នុងនោះមហាជនសង្កេតឃើញថា តារាចម្រៀងស្រីរូបនេះក៏បានបង្ហោះរូបចាស់ៗរបស់នាងកាលពីប៉ុន្មានឆ្នាំមុន ជាច្រើនផងដែរ ។
កន្លងមកអ្នកនាង ឱក សុគន្ធកញ្ញា ធ្លាប់បានលាតត្រដាងនូវរឿងរ៉ាវជាច្រើនដែលអ្នកនាងបានហែលឆ្លងកាត់តស៊ូ ដែលអ្នកនាងគិតថា នោះគឺជាបរាជ័យក្នុងជីវិតរបស់នាង គឺការបែកបាក់គ្រួសារ រហូតនាងត្រូវតស៊ូជម្នះនូវឧបស័គ្គជាច្រើនទម្រាំមានថ្ងៃចែងចាំងមួយនេះ ។
អ្នកនាងធ្លាប់បង្ហើបឲ្យដឹងថា នាងធ្លាប់រងនូវពាក្យរិះគន់ពេបជ្រាយពីមនុស្សមួយចំនួនជុំវិញអាជីពរបស់នាងជាអ្នកចម្រៀង តែអ្នកនាងតែងតែប្រកាន់ខ្ជាប់នូវអ្វីអ្នកម្តាយរបស់នាងប្រៀនប្រដៅ នោះគឺថា «លុយពិតជាសំខាន់ តែលុយមិនអាចទិញកិត្តិយសបានទេ» ដូច្នេះអ្នកនាងត្រូវតែរឹងមាំ និងរកស៊ីពេញដោយកិត្តិយស ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព