រាជធានីភ្នំពេញ ៖ អ្នកបើករថយន្តដឹកស៊ីម៉ង់តិ៍ធន់ធំមួយគ្រឿងស្រវឹងស្រាជោកជាំ រួចក៏បើករថយន្តលឿនដូចហោះអ៊ីចឹង ដោយខ្វះការប្រុងប្រយ័ត្នក៏ទៅបុកម៉ូតូកង់បីឥណ្ឌាដែលមានដឹកភ្ញៀវស្រីម្នាក់កំពុងឈប់រង់ចាំភ្លើងស្តុបពីក្រោយពេញទំហឹងតែម្តង បណ្តាលឱ្យម៉ូតូកង់បីកៀបជាប់ក្រោមរថយន្ត រួចក៏រុញច្រានទៅបុកគូទរថយន្ត hilux revo មួយគ្រឿងទៀត។ ចំណែករថយន្ដបង្កមិនព្រមឈប់ដោះស្រាយ បែរជាបន្ថែមល្បឿនបើករត់គេចខ្លួនទាំងម៉ូតូកង់បីកៀបជាប់ក្រោមរថយន្ត បណ្តាលឲ្យអ្នកនៅក្នុងម៉ូតូកង់បីបាត់បង់ជីវិតទាំង2នាក់តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង11យប់ ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2020 នៅចំណុចស្តុបប្រចាំការ24ម៉ោង ផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
រថយន្តបង្កខាងលើជារថយន្តសណ្តោងរ៉ឺម៉កដឹកស៊ីម៉ង់តិ៍ធន់ធំមួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ3A-3667 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោកជាំ។
យោងតាមប្រភពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុ គឺមានម៉ូតូកង់បីឥណ្ឌា ពណ៌ស មួយគ្រឿង មិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ រួចក៏មានដឹកភ្ញៀវស្រីម្នាក់ផងដែរ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ពីត្បូងទៅជើង លុះមកដល់ភ្លើងស្តុបកើតហេតុ ក៏ឈប់ម៉ូតូកង់បីដើម្បីរង់ចាំភ្លើងស្តុប ដែលនៅពីក្រោយរថយន្ត hilux revo មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BG-6001 បើកបរនិងរួមដំណើរដោយបុរសស្ត្រី២នាក់នៅក្នុងរថយន្តនោះ។
ប្រជាពលរដ្ឋបន្តថា ខណៈនោះក៏មានរថយន្តដឹកស៊ីម៉ង់តិ៍ធន់ធំមួយគ្រឿង ជារថយន្តបង្ក ខាងលើ បានធ្វើដំណើរស្របទិសគ្នាពីក្រោយមកក្នុងល្បឿនយ៉ាងលឿន ដោយតៃកុងស្រវឹងស្រាជោកជាំ ហើយខ្វះការប្រុងប្រយ័ត្នក៏ទៅបុកពីក្រោយម៉ូតូកង់បីឥណ្ឌាពេញទំហឹង រហូតធ្វើឱ្យម៉ូតូកង់បីកៀបជាប់ពីក្រោមរថយន្តបង្កតែម្តង ។
ប្រជាពលរដ្ឋបន្តថា នៅមិនទាន់អស់ល្បឿន រថយន្តបង្កក៏រុញទៅបុកផ្ទប់គូទក្រោយរថយន្ត hilux revo ចំណែករថយន្ដ hilux revo នោះក៏ខ្ទាតទៅមុខទទឹងកណ្ដាលផ្លូវ ក៏ស្រាប់តែត្រូវរថយន្តមួយគ្រឿងផ្សេងទៀតម៉ាកតូយ៉ូតាព្រូស ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2BH-2135 បើកបរជាលក្ខណៈគ្រួសារ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាមក បុកចំពាក់កណ្តាលរថយន្ត hilux revo នោះ បណ្តាលឲ្យរងការខូចខាតបន្ថែមទៀត ។
ក្រោយបង្កហេតុរួច រថយន្ដបង្កមិនបានឈប់រថយន្ដដើម្បីដោះស្រាយនោះទេ បែរជាបានបន្ថែមល្បឿនរថយន្តបើករត់គេចខ្លួនទាំងម៉ូតូកង់បីនៅកៀបជាប់ពីក្រោមរថយន្ត ដោយបើកអូសប្រមាណ៣០០ម៉ែត្ររហូតទៅដល់មុខធនាគារជាតិក៏ត្រូវសមត្ថកិច្ចប្រចាំការនៅកន្លែងកើតហេតុនោះ ប្រដេញតាមឃាត់ខ្លួនរថយន្តបង្កបានភ្លាមៗ និងឃាត់ខ្លួនតៃកុងនាំទៅកាន់អធិកាដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកម៉ូតូកង់បីខូចខាតទាំងស្រុងមើលលែងស្គាល់ រីឯអ្នកបើកកង់បីបោកក្បាលបែកក្បាលធ្លាយខួរហូរឈាន ពេញផ្លូវតែម្តង រួមជាមួយស្ត្រីជាភ្ញៀវម្នាក់ក៏ត្រូវកៀបជាប់ក្នុងកង់បីបាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុផងដែរ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តដឹកសពយកតម្កល់នៅវត្តទឹកថ្លាបណ្ដោះអាសន្ន រង់ចាំទាក់ទងរកសាច់ញាតិ ចំណែករថយន្តបង្ក និងរថយន្តរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញមូលដ្ឋានប្រគល់ទៅឱ្យសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ដើម្បីវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព