ខេត្តបន្ទាយមានជ័យ ៖ កម្ពុជា.ឡាវបានឯកភាពគ្នាបន្តសហការចាត់វិធានការម៉ឺងម៉ាត់ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែនប្រទេសទាំងពីរក្នុងកិច្ចប្រជុំលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២០ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ ក្នុងកិច្ចប្រជុំលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមមាសទី១ និងលើកទិសដៅការងារឆមាសទី២ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖
ខេត្តបន្ទាយមានជ័យរយៈពេល៧ខែ ឆ្នាំ២០២០នេះបង្ក្រាបបទល្មើសគ្រឿងញៀនបាន៣១៣ករណីឃាត់ខ្លួនបាន៦៩៥នាក់ ស្រី៣៩នាក់, ទទួលការព្យបាលបន្សាបអ្នកញៀនគ្រឿងញៀនមានចំនួន១,០១៩នាក់ស្រី៣៥នាក់, បានធ្វើសមាហរណកម្មទៅសហគមន៍វិញមានចំនួន៩២៨នាក់ ស្រី៤៨នាក់, កំពុងបន្សាបមានចំនួន៧៨៦នាក់ ស្រី១៦នាក់ និងបន្សាបតាមសហគមន៍១៣០នាក់ ស្រី០៧នាក់។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានបញ្ជាក់ថា៖ ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលដុតកម្ទេចចោលគ្រឿងញៀនទម្ងន់៩៣គីឡូក្រាម ត្រូវបានប្រមូលចំនួន៤ខេត្ត ជាប់ជាយដែនមាន៖
១.ខេត្តបន្ទាយមានជ័យមានគ្រឿងញៀនទម្ងន់២៣គីឡូក្រាម, ២.ខេត្តឧត្តរមានជ័យមានគ្រឿងញៀនទំងន់៩គីឡូក្រាម, ៣.ខេត្តសៀមរាបមានគ្រឿងញៀនទម្ងន់៥៨ គីឡូក្រាម, ៤.ខេត្តកំពង់ធំមានគ្រឿងញៀនទម្ងន់៦ក្រាម សរុបគ្រឿងញៀនដែលពិនិត្យផ្ទាងផ្ទាត់មានសរុបទម្ងន់៩៣គីឡូក្រាម។
មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា៖ ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីដើមខែមីនា ឆ្នាំ២០២០កន្លងទៅ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ភាគីកម្ពុជា.ឡាវ បានឯកភាពគ្នាបន្តសហការចាត់វិធានការម៉ឺងម៉ាត់ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន នៃប្រទេសទាំងពីរ ព្រមទាំងសហការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ទៅវិញទៅមកពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន ពិសេសជំរុញការបង្កើតភូមិ.ឃុំ និងសាលារៀនគ្មានគ្រឿងញៀននៅតាមបន្ទាត់ព្រំដែន៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព