រាជធានីភ្នំពេញ៖ បុរសចិនម្នាក់ខឹងសន្តិសុខហាមឃាត់ មិនឲ្យយកឆ្កែចូលបន្ទប់សណ្ឋាគារ ទាញកាំបិតបុ័ងតោកាប់របួសធ្ងន់។ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ ត្រូវបានលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង សម្រេចធ្វើការចោទប្រកាន់ជាផ្លូវការហើយ ពីបទ.ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ Zhao Long Wei ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរជាពាណិជ្ជករ ។ ចំណេកជនរងគ្រោះឈ្មោះ ចេវ សារួន ភេទប្រុស អាយុ៣៣ឆ្នាំ ជាសន្តិសុខឯកជន បម្រើការងារនៅសណ្នាគារមួយ ស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពបន្តថា យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា នៅចំណុចសណ្ឋាគារមួយ ក្នុងខណ្ឌចំការមន កើតមានអំពើហិង្សាមួយ ដែលដំបូងគឺជនបង្កឈ្មោះ Zhao Long Wei និងប្រពន្ធ បានមកពីក្រៅ លុះពេលមកដល់សណ្ឋាគារក៏មានកាន់កូនឆ្កែមួយក្បាលបម្រុងយកឡើងទៅបន្ទប់ដេកជាន់ទី២៨ នៃសណ្នាគារនោះ ។
ពេលឃើញដូច្នោះជនរងគ្រោះឈ្មោះ ចេវ សារួន ដែលជាសន្តិសុខ បានធ្វើការហាមឃាត់មិនជនជាតិចិន និងប្រពន្ធយកឆ្កែចូលសណ្ឋាគារនោះទេ ព្រោះជាបំរាមរបស់សណ្ឋាគារ ។ ក្នុងខណៈពេលជនសង្ស័យមានអាការស្រវឹងជោកជាំផងដែរ ពេលនោះជនបង្កមិនបានស្តាប់ការហាមឃាត់ពីសំណាក់សន្តិសុខឡើយ ក៏បាននាំកូនឆ្កែឡើងតាមជណ្តើរយន្តទៅបន្ទប់ស្នាក់នៅជាន់ទី២៨បាត់។
ពេលនោះជនរងគ្រោះ និងសន្តិសុខផ្សេងទៀត បានស្ទុះទៅឃាត់ជនសង្ស័យ មិនយកឆ្កែឡើងចូលបន្ទប់ឡើយ ទើបបណ្តាលជនបង្កខឹង ហើយក៏រត់ចូលយកបានកាំបិត ប៉័ងតោមួយ មកកាប់លើជនរងគ្រោះចំចង្កេះខាងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
ចំណែកជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធីតែម្តង។ ត្នោត