ខេត្តព្រៃវែង៖ ចោរស្ទើរភ្លើងម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកស្វាយអន្ទរស្ទាក់ចាប់ខ្លួនបាន កាលពីម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមាត់លូប្រឡាយចិន ស្ថិតក្នុងភូមិព្រៃឆ្លុង ឃុំពានរោង ស្រុកស្វាយអន្ទរ ។
លោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ បានឱ្យដឹងថា អំពើប្លន់នេះបានកើតឡើងកាលពីម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី១៨ កក្កដា នៅចំណុចភូមិព្រៃសំលាញ់ ឃុំសំរោង ស្រុកស្វាយអន្ទរ។ ជនសង្ស័យបានប្រើល្បិចហៅជនរងគ្រោះឱ្យដឹករូបគេចេញពីឃុំស្តៅកោង ស្រុកបាភ្នំ ឆ្ពោះទៅកាន់ចំណុចរង្វង់មូលស្វាយអន្ទរ ប៉ុន្តែពេលមកដល់កន្លែងកើតហេតុ ដែលជាកន្លែងស្ងាត់ ជនសង្ស័យក៏ប្រើល្បិចឱ្យម្ចាស់ម៉ូតូឈប់ ដើម្បីឱ្យរូបគេចុះនោម រួចក៏ប្រើដំបងវាយជនរងគ្រោះពីក្រោយត្រូវ១ដំបង រីឯជនរងគ្រោះពេលត្រូវគេវាយដឹងថា ជាចោរ ដោយភ័យពេកក៏លោតចេញពីម៉ូតូរត់យករួចខ្លួន ហើយជនសង្ស័យក៏យកម៉ូតូជនរងគ្រោះ ជិះរត់គេចខ្លួនទៅបាត់។
លោកអធិការបន្តទៀតថា ពេលចោរយកម៉ូតូទៅបាត់ ជនរងគ្រោះក៏បានរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ ហើយលោកក៏បានបញ្ជាឱ្យកម្លាំងនគរបាលស្រុក ចេញស្ទាក់គ្រប់ច្រក រហូតប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូដែលប្លន់បាននៅតាមផ្លូវប្រឡាយចិន ក្នុងភូមិព្រៃឆ្លុង ក៏ធ្វើការឡោមព័ទ្ធតែម្តង ។
ភ្លាមនោះផងដែរ ពេលដឹងថា ត្រូវសមត្ថកិច្ចព័ទ្ធជាប់ទៅណាលែងរួច ជនសង្ស័យរូបនេះក៏យកម៉ូតូទៅប្លុងចោលក្បែរព្រៃ ហើយរត់ទៅសំងំពួននៅក្នុងលូប្រឡាយចិន និងក៏ត្រូវសមត្ថកិច្ចព័ទ្ធជាប់ចាប់បាននៅទីនោះតែម្តង។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ ប្រុស ដេត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិស្តៅកោង ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ចំណែកជនរងគ្រោះឈ្មោះ សរ លឿង ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង មានមុខរបរជាអ្នករត់ម៉ូតូឌុប និងត្រូវជនសង្ស័យវាយមួយព្រនង់ចំខ្នង បណ្តាលឱ្យរងរបួសស្រាល។
បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដើម្បីបញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមនីតិវិធី៕ ត្នោត