រាជធានីភ្នំពេញ ៖តាមការជូនដំណឹងរបស់នាយកដ្ឋនានព័ត៌មានវិទ្យា របស់ក្រសួងមហាផ្ទៃបានជូនដំណឹងនៅថ្ងៃទី ១៨ កក្កដា ឆ្នាំ២០២០ បានណែនាំបងប្អូន ឲ្យប្រុងប្រយ័ត្ន ចំពោះ «សារទទួលបានលុយ កំពុងតែវាយលុកអ្នកប្រើប្រាស់កម្មវិធី Telegram» ។
នាយកដ្ឋានព័ត៌មានវិទ្យាបានបញ្ជាក់ថា មានការចែករំលែកសារបន្តគ្នាក្នុងកម្មវិធី Telegram អំពីការទទួលបានប្រាក់ចន្លោះពី ១០០ ទៅ ១៥០ ដុល្លារអាមេរិក ដោយគ្រាន់តែចុចតំណភ្ជាប់ និងធ្វើតាមការណែនាំផ្សេងៗ។ សារនោះមានខ្លឹមសារថា “Hi. I am earning from $100 to $150 on “myxfreelance.cc” You need log in via Telegram and do what written in site”។
ប្រភពដដែលបានបញ្ជាក់ថា «បន្ទាប់ពីការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថា សារដែលបានចែករំលែកនោះគឺជាល្បិចបញ្ឆោតរបស់ឧក្រិដ្ឋជនបច្ចេកវិទ្យា ក្នុងគោលបំណងជាច្រើនដូចជា៖
១ – អូសទាញជនរងគ្រោះចុចលើតំណភ្ជាប់ និងធ្វើការ Login ចូលក្នុងកម្មវិធី Telegram ដោយប្រើប្រាស់គណនី Telegram ផ្ទាល់របស់ជនរងគ្រោះ » ។
២- ប្រើប្រាស់ Session នៃកម្មវិធី Telegram របស់ជនរងគ្រោះដើម្បីធ្វើការចែករំលែកសារឆបោកបន្ត ទៅកាន់មិត្តភ័ក្រ និងជាពិសេសទៅកាន់ Group ទាំងអស់ដែលជនរងគ្រោះនៅក្នុងនោះ ។
៣ – ណែនាំជនរងគ្រោះធ្វើការទាញយកកម្មវិធីកុំព្យូទ័រ ដើម្បីទទួលបានប្រាក់រង្វាន់ចំនួន ១៥ ដុល្លារអាមេរិកបន្ថែម ដែលកម្មវិធីនោះមានឈ្មោះថា “apc_apcsite-apcsite.exe” ដែលជាប្រភេទមេរោគ TrojanHorse។ បន្ទាប់ពីចុចលើ File មេរោគនេះ ជនអនាមិកនឹងធ្វើការគ្រប់គ្រង់ម៉ាស៊ីនកុំព្យូទ័ររបស់ជនរងគ្រោះពីចម្ងាយតែម្តង ។
៤ – ឧក្រិដ្ឋជនក៏បានបញ្ឆោតជនរងគ្រោះ បញ្ចូលលេខគណនី Credit/Debit Card ដើម្បីភ្ជាប់គណនីទទួលប្រាក់រង្វាន់ តាមពិតគឺជា Phishing លួចព័ត៌មាន Credit / Debit Card របស់ជនរងគ្រោះប៉ុណ្ណោះ។
នាយកដ្ឋានបច្ចេកវិទ្យាបានអំពាវនាវថា «ដើម្បីការពារខ្លួនពីល្បិចបញ្ឆោតខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំចុចតំណភ្ជាប់ដែលទទួលបាន ជៀសវាងការទាញយក File មេរោគ និងមេត្តាកុំបញ្ចូលព័ត៌មាន Credit / Debit Card របស់ខ្លួន» ។
ក្នុងករណីអ្នកបាន Login ចូលកម្មវិធី Telegram តាមតំណភ្ជាប់របស់ឧក្រិដ្ឋជន សូមអនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖
១-ចូលកម្មវិធី Telegram -> Settings -> Privacy and Security -> លុប Sessions ដែលសង្ស័យ ។
២-ធ្វើការកំណត់ 2FA ដោយចូល Settings -> Privacy and Security -> Two-Step Verification -> Turn On -> វាយបញ្ចូលលេខសម្ងាត់របស់អ្នក ដើម្បីការពារគណនី Telegram ៕ ត្នោត