កាលព្រះសម្មាសម្ពុទ្ធទ្រង់ប្រឈួនខ្លាំង ហៀបនឹងរំលត់ខន្ធចូលកាន់ព្រះនិព្វាន គ្រានោះព្រះអានន្ទជាពុទ្ធុបដ្ឋាកៈ ដែលនៅជាសេក្ខបុគ្គលនៅឡើយ បានក្រាបបង្គំទូលថា ពីដើមរៀងមក ពួកភិក្ខុពុទ្ធសាវកតែងតែមកគាល់ ធ្លាប់ឃើញព្រះអង្គជាញឹកញយ គេមានចិត្តជ្រះថ្លារីករាយណាស់ តែកាលណាព្រះអង្គទ្រង់បរិនិព្វានទៅហើយ មិនបានឃើញព្រះអង្គដូចដើម គេនឹងស្រងេះស្រងោចណាស់ ។
គ្រានោះព្រះអង្គក៏ទ្រង់ប្រតិស្ឋាននូវសំវេជនីយដ្ឋានគឺទីកន្លែងគួរឱ្យសង្វេគ៤ទៅតាំងសម្រាប់ពុទ្ធសាវកណាប្រាថ្នាចង់ឃើញព្រះអង្គ ទៅពិចារណាធម្មសង្វេគនៅកន្លែងទាំង៤នោះណាមួយក៏ទុកដូចបានជួប បានឃើញតថាគតផ្ទាល់ដែរ និងនាំឱ្យបានមគ្គផលជាអនេក ។ ទីឋានគួរសង្វេគទាំង៤កន្លែងនោះគឺៈ
១-កន្លែងដែលព្រះសាស្តាប្រសូតនាព្រៃលុម្ពិនី នគរកបិលពស្តុ ។
២-កន្លែងដែលតថាគតត្រាស់ដឹងនូវសម្ពោធិញ្ញាណ នាតំបន់ពុទ្ធគយា ។
៣-កន្លែងដែលព្រះបរមគ្រូប្រទានបឋមទេសនា នាព្រៃឫស្សី នគរពារាណសី ។
៤-កន្លែងដែលតថាគតបរិនិព្វាននាសាលវ័នឧទ្យាននគរកុសិនារា ។
សាធុជនណាមួយដែលបានទៅកាន់ទីចារឹកនៃកន្លែងទាំង៤នោះណាមួយក៏មានចិត្តជ្រះថ្លា កើតសង្វេគ ហើយគោរពបូជា លុះបែកធ្លាយរាងកាយទៅកាលណា ពួកជនទាំងនោះនឹងបានទៅសោយសុខក្នុងឋានមនុស្សនិងទេវលោកអស់សែននៃកប្ប ។ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព