រាជធានីភ្នំពេញ ៖ ព័ត៌មានបឋមបានឲ្យដឹងថា ពលរដ្ឋកម្ពុជាសរុបចំនួន១៤៣នាក់ទៀត នឹងត្រូវធ្វើដំណើរឆ្លងកាត់ទីក្រុងគូឡាឡាំពួរ ឆ្ពោះមកកាន់ប្រទេសកម្ពុជា នៅវេលាម៉ោង ១២:០០នាទី ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២០ តាមជើងយន្តហោះពិសេស របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីមួយ ហើយ នឹងទៅដល់រាជធានីភ្នំពេញនៅវេលាម៉ោង១៣:០០នាទី។
ពលរដ្ឋកម្ពុជាសរុបចំនួន១៤៣នាក់ គឺក្នុងនោះរួមមាន សិក្ខាកាមយោធា៩៨នាក់ និស្សិត១នាក់ និងពលរដ្ឋជាប់គាំង១នាក់ មកពីប្រទេសរុស្ស៊ី ព្រមទាំងនិស្សិត៤៣នាក់ មកពីប្រទេស អេហ្ស៊ីប ដែលត្រូវធ្វើដំណើរឆ្លងកាត់ទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទៅប្រទេសកម្ពុជា នឹងចាកចេញ នៅវេលាម៉ោង ១២:០០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ តាមជើងយន្តហោះពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី លេខ MH754 ហើយដែលនឹងទៅដល់រាជធានីភ្នំពេញនៅវេលា ម៉ោង១៣:០០នាទី ថ្ងៃដដែល។
បើតាមការដកស្រង់សម្តីរបស់លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ដែលបានប្រាប់ឲ្យទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា «ការធ្វើមាតុភូមិ និវត្តន៍នេះ ធ្វើឡើងក្រោមកិច្ចសហការរវាងស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី និងស្ថានទូត កម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ដោយស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីជាអ្នកជួយ សម្របសម្រួល និងរៀបចំជើងយន្តហោះតភ្ជាប់ពីទីក្រុងគូឡាឡាំពួទៅរាជធានីភ្នំពេញ»។
សិក្ខាកាមយោធា និងនិស្សិត ទាំងនេះ មួយចំនួនបានបញ្ចប់ការសិក្សា មួយចំនួនត្រូវទៅធ្វើកម្មសិក្សានៅប្រទេសកម្ពុជា ហើយមួយ ចំនួនត្រូវសម្រាកវិស្សមកាលរយៈពេលយូរ។
បើតាមការបញ្ជាក់របស់ លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានបន្ថែមថា គិតចាប់តាំងពីការរីករាលដាលនៃជម្ងឺកូវីដ១៩ រហូតមកដល់ពេលនេះ ស្ថានឯកអគ្គទូត កម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានសម្របសម្រួល និងជួយរៀបចំការវិលត្រឡប់របស់ប្រជាពលរដ្ឋ ពលករ-ពលការនី និងសិស្ស-និស្សិត រួមទាំងពលរដ្ឋកម្ពុជាជាប់ឃុំឃាំងបានចំនួន៧លើក សរុបមាន ចំនួន៨៩៨នាក់ ដែលក្នុងនោះបានសហការបញ្ជូនពលរដ្ឋកម្ពុជាជាប់ឃុំឃាំងចំនួន១៣២នាក់៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព