ខេត្តសៀមរាប ៖ បុរសម្នាក់ជំនាញខាងជិះម៉ូតូឆក់ដ៏សកម្មនៅក្នុងក្រុងសៀមរាប បានជាច្រើនដងត្រូវអស់ល័ក្ខ ប៉ូលិសក្រុងសៀមរាបឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដែលហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញានេះ ស្ថិតនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
បើតាមការឱ្យដឹងពីលោកឧត្តម សេនីយ៍ ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឱ្យលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដឹកនាំកម្លាំងធ្វើការឃ្លាំមើលផ្ទះជនសង្ស័យដែលសមត្ថកិច្ចស្គាល់ស្រាប់ ក៏ឃើញរូបគេគេចចូលសំងំក្នុងផ្ទះ ហើយសមត្ថកិច្ចធ្វើការហ៊ុំព័ទ្ធផ្ទះរបស់ជនសង្ស័យ និងឃាត់ខ្លួនយកមកធ្វើការសាកសួរ ព្រមទាំងដកហូតបានវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ មួយគ្រឿងម៉ាក iphone x ពណ៌ស ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ2017 ពណ៌ខ្មៅ មានស្លាកលេខសៀមរាប 1Y-6834 លេខតួ និងលេខម៉ាស៊ីន 9847536 ដែលជារបស់ជនសង្ស័យជិះធ្វើសកម្មភាពផងដែរ។
លោកបានបញ្ជាក់ទៀតថា ដំណើររឿងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៣និង៥៣នាទីនៅចំណុចតាមផ្លូវមុខ បន្ទប់ជួលមួយកន្លែង ស្ថិតភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខណៈដែលជនរងគ្រោះឈ្មោះ នឹម សារ៉ែន ភេទស្រី អាយុ៣៣ឆ្នាំ កំពុងឈរចាក់សោរទ្វារចូលផ្ទះ ពេលនោះស្រាប់តែមានជនសង្ស័យម្នាក់ អាយុចន្លោះពី២០ ឆ្នាំ ទៅ៣០ ឆ្នាំជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះដែលស្ពាយជាប់ នឹងស្មា ពេលនោះជនរងគ្រោះបានប្រតាយប្រតប់ទាញបានកាបូបប្រាក់ និងទូរស័ព្ទដៃបានមកវិញ។
ចំណែកជនសង្ស័យយកបានកាបូបស្ពាយ ដោយនៅក្នុងកាបូបមានអាយផត ពណ៌ ផ្កាឈូក ជាឧបករណ៍ស្ដាប់ចម្រៀង០១គ្រឿង និងគ្រឿងសំអាងមានតម្លៃមួយចំនួនទៀតរួចគេចខ្លួនបាត់ ។
ក្រោយពីកើតហេតុ និងបន្ទាប់ពីទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក សហការណ៍ជាមួយនគរបាលផ្នែកព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ទោ នួន សក្តិ ចំរើនរិទ្ធ អធិការរងទទួល ការងារព្រហ្មទណ្ឌបានចុះដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវ និងកំណត់បានមុខសញ្ញា និងភិនភាគម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព គឺម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Y-6834 ប៉ុន្តែជនសង្ស័យគេចខ្លួនបាត់ ។
លុះដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី ស្ថិតនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខណៈដែលជនរងគ្រោះឈ្មោះ នី បូរីន ភេទស្រី អាយុ២៤ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនមួយ មានទីលំនៅបច្ចុប្បន្ន ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម កំពុងជិះម៉ូតូនិយាយទូរស័ព្ទ តាមផ្លូវ ត្រូវបានជនសង្ស័យម្នាក់ ភេទប្រុស ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះដែលកំពុងនិយាយ ពេលនោះជនរង គ្រោះបានឃើញ និងចំណាំស្លាកលេខម៉ូតូរបស់ជនសង្ស័យ ដែលមានស្លាកលេខ1Y-6834។
ក្រោយពេលធ្វើការស្តាប់ចម្លើយជនសង្ស័យឈ្មោះ មឿ សាម៉ាច អាយុ២៦ ឆ្នាំបានឆ្លើយសារភាពថា រូបគេពិតជាបានប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀន និងបានធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទដៃរបស់ជនរងគ្រោះទាំងពីរ ករណីខាងលើពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បី ផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព