កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា ដែលបានធ្វើឡើង កាលពីពេលថ្មីៗនេះ តាមរយៈខ្សែវីដេអូពីចម្ងាយរវាងភាគីទាំងពីរ បានឈានដល់ការព្រមព្រៀងគ្នាយ៉ាងទូលំទូលាយ ហើយប្រទេសទំាងពីរមានក្តីរំពឹងថា អាចនឹងត្រូវចុះហត្ថលេខាឆាប់ៗ នៅក្នុងឆ្នាំ២០២០នេះ។
នៅក្នុងកិច្ចសម្ភាសន៍លោក ជា មុនីឫទ្ធិ ដែលជាប្រធាននាយកដ្ឋានផែនការ និងគម្រោង នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងឱកាសខួបទី៦២ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន បានឱ្យដឹងថា មិត្តភាពនៃប្រទេសទាំងពីរ បានឈានចូលដំណាក់កាលថ្មី នៃប្រវត្តិសាស្ត្រ។ ហើយគិតមកដល់ឆ្នាំ២០២០នេះ គឺជាខួប៦២ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
កន្លងមកនេះ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជា បានកើនឡើងដល់៩,៤២ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ហើយនៅឆ្នាំ២០១៩នេះ ប្រទេសចិន បានវិនិយោគនូវទឹកប្រាក់ចំនួន ៦៩០លានដុល្លារអាមេរិកនៅកម្ពុជា។
គិតត្រឹមចុងឆ្នាំ២០១៩ ការវិនិយោគសរុបរបស់ចិន នៅកម្ពុជាបានកើនឡើងដល់៧,៩៦ពាន់លាន ដុល្លារអាមេរិក។ ក្នុងនោះគម្រោងសំខាន់ៗមានដូចជា៖ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដំណាក់កាលទី២ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងជំនួយកសាងពហុកីឡដ្ឋានជាតិ គម្រោង “ខ្សែក្រវាត់ ផ្លូវមួយ”និងគម្រោង សម្រាប់ផលប្រយោជន៍ប្រជាជនជាច្រើនទៀត។
ជាមួយគ្នានេះ ប្រទេសកម្ពុជានិងចិនសុទ្ធសឹងតែជាប្រទេស ដែលមានអរិយធម៌ដ៏យូរលង់ណាស់ មកហើយ ក្នុងទ្វីបអាស៊ី។ ទំនាក់ទំនងកម្ពុជាចិន ក៏មានប្រវត្តិយូរអង្វែងណាស់ផងដែរយ៉ាងហោច ណាស់ប្រទេសទាំងពីរ អាចតាមដានស្វែងរកឫសគល់ បានដល់ជាង២០០០ឆ្នាំមុន៕ ដោយ៖ ឃួន លក្ខិណា