មនុស្សជាច្រើនកំពុងតែរកការងារក្នុងពេលដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងការផ្ទុះជំងឺកូវីដ ១៩ ។ ប្រសិនបើអ្នកស្ថិតក្នុងចំណោមមនុស្សទាំងនេះ អ្នកមិនគួររងចាំយូរទេ ។ ដើម្បីបង្កើនឱកាសជោគជ័យរបស់អ្នកក្នុងការការងារពេលដែលសេដ្ឋកិច្ចកំពុងមានបញ្ហា អ្នកអាចសាកល្បងអនុវត្តតាមគន្លឹះខាងក្រោមនេះបាន ៖
១. កុំចាំជិតដល់ថ្ងៃបិទការទទួលពាក្យ
ជាទូទៅស្ថាប័នការងារនីមួយៗតែងតែទុកពេលវេលាសម្រាប់ឲ្យបេក្ខជនដាក់ពាក្យប្រហែលជា៧ថ្ងៃទៅពីរសប្តាហ៍ជាដើម ។ ប៉ុន្តែប្រសិនបើអ្នកចង់បង្កើនឱកាសជោគជ័យនោះ អ្នកមិនត្រូវរងចាំរហូតដល់ជិតដល់ថ្ងៃឈប់យកពាក្យទេ ។
២. សរសេរប្រវត្តិរូបសង្ខេបឲ្យបានល្អ
ប្រវត្តិរូបសង្ខេបរបស់អ្នកមានសារៈសំខាន់ណាស់ព្រោះវាជួយឲ្យអ្នករើសយល់ដឹងពីសមត្ថភាពរបស់អ្នក ។ ដូច្នេះអ្នកត្រូវតែមានការប្រុងប្រយ័ត្នក្នុងការសរសេរ ។ អ្នកគួរតែជ្រើសរើសទម្រង់ដែលងាយមើល និងងាយយល់ ។
៣. លើកឡើងពីជំនាញទន់ដែលអ្នកមាន
គុណសម្បត្តិរបស់អ្នកមិនត្រឹមតែជាកិច្ចការដែលអ្នកបានសម្រេចនៅកន្លែងការងារមុនទេ ។ វារួមមានជំនាញទន់ដែលអ្នកបានរៀនមកផងដែរ ដូចជាសមត្ថភាពក្នុងការធ្វើការជាក្រុម ជំនាញទំនាក់ទំនង និងការជំរុញលើកទឹកចិត្តខ្លួនឯងជាដើម ។ ជំនាញទាំងនេះមានតម្លៃព្រោះវាត្រូវបានរៀនពីការធ្វើ ចំណែកឯជំនាញបច្ចេកទេសផ្សេងៗអាចរៀនពីការហ្វឹកហាត់បាន ។
៤. រៀបជំនាញថ្មីដែលពាក់ព័ន្ធនឹងការងាររបស់អ្នក
ប្រសិនបើអ្នកមានពេលវេលា និងថវិកាដើម្បីវិនិយោគលើខ្លួនឯងនោះ អ្នកគួរតែចំណាយ ។ អ្នកអាចចូលទៅមើលជំនាញដែលស្ថាប័នការងារដែលអ្នកចាប់អារម្មណ៍ត្រូវការ និងព្យាយាមពង្រឹងជំនាញទាំងនោះ និងរៀនបន្ថែមតាមរយៈវគ្គខ្លីៗជាដើម ។
៥. រកមើលវិស័យដែលកំពុងលូតលាស់ខ្លាំង
មិនមានការងារមួយណាដែលមិនទទួលបានការប៉ះពាល់ពីបញ្ហាដែលសេដ្ឋកិច្ចកំពុងជួបប្រទះទេ ប៉ុន្តែមានវិស័យមួយចំនួនដែលត្រូវបានគិតថានឹងលូតលាស់បានក្នុងរយៈពេលវែង ។ អ្នកអាចជ្រើសរើសវិស័យដែលអាចនឹងមានតម្រូវការកើនឡើងក្នុងរយៈពេលវែងទៅមុខ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព