ការផ្ទុះនូវជំងឺកូវីដ ១៩ បានផ្លាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សជុំវិញពិភពលោក ហើយក្នុងពេលដែលពិភពលោកកំពុងតែព្យាយាមសម្របខ្លួនទៅនឹងបរិស្ថានថ្មីនេះ អ្នកដឹកនាំអាជីវកម្មក៏ត្រូវការការណែនាំដើម្បីសម្របខ្លួនដែរ។
កូវីដ ១៩ ប្រៀបបានជាឱកាសល្អមួយសម្រាប់ស្ថាប័នការងារគ្រប់កន្លែងចាប់ផ្តើមសារជាថ្មីដើម្បីពង្រឹងដល់ដំណើរការ និងគោលដៅដែលពួកគេចង់សម្រេច។ ខាងក្រោមគឺជាជំនាញដឹកនាំសំខាន់ៗដែលនឹងមានតម្រូវការខ្ពស់បន្ទាប់ពីកូវីដ ១៩ ត្រូវបានកម្ចាត់។
១. ការរៀបចំក្រុមការងារ
ការមានម៉ោងធ្វើការនៅការិយាល័យពីព្រឹកដល់ល្ងាចអាចនឹងមានការផ្លាស់ប្តូរបន្ទាប់ពីនេះ ហើយស្ថាប័នការងារជាច្រើននឹងចាប់ផ្តើមឲ្យតម្លៃលើការផ្តល់ភាពបត់បែនដល់បុគ្គលិកក្នុងការប្រកបការងាររបស់ពួកគេដោយការធ្វើការពីចម្ងាយជាដើម។ ក្នុងស្ថានការនេះ អ្នកដឹកនាំក្រុមត្រូវមានសមត្ថភាពក្នុងការដឹកនាំក្រុមពីចម្ងាយផងដែរ។
ជំនាញផ្សេងៗដែលអ្នកដឹកនាំក្រុមត្រូវរៀនមានដូចជា ការទំនាក់ទំនងដែលមានប្រសិទ្ធិភាព ការកសាងទំនាក់ទំនងផ្ទាល់ខ្លួន និងការរៀបចំកិច្ចប្រជុំអនឡាញជាដើម។
២. ការបត់បែន
ប្រសិនបើមិនមានវ៉ាក់សាំងទេ ចំនួនមនុស្សដែលឆ្លងកូវីដ ១៩ នៅតែកើតមានឡើងរហូតដែរ ដូច្នេះអ្នកដឹកនាំក្រុមត្រូវតែមានភាពបត់បែនដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។ ដើម្បីជួយឲ្យអ្នកធ្វើការសម្រេចចិត្តបានត្រឹមត្រូវក្នុងកំឡុងពេលដែលពោរពេញទៅដោយភាពមិនប្រាកដប្រជានេះ អ្នកគួរតែពង្រឹងសមត្ថភាពផ្នែកវិភាគទិន្នន័យដើម្បីអាចមើលទិន្នន័យដោយមិនលំអៀង។
៣. ការយល់ដឹងពីបរិស្ថានការងារ
បច្ចុប្បន្ននេះជាពេលដែលមនុស្សម្នាក់ៗស្ត្រេសទាំងអស់គ្នា ហើយអ្នកដឹកនាំក្រុមត្រូវតែដឹងពីចំណុចនេះដើម្បីអាចដឹកនាំក្រុមបានល្អ។ អ្វីដែលអ្នកត្រូវផ្តល់តម្លៃលើគឺការយល់ចិត្តសមាជិកក្រុមដទៃ និងការជំរុញទឹកចិត្តគ្នាទៅវិញទៅមកដែរ ៕ ផ្ដល់សិទិ្ធដោយ៖ កោះសន្តិភាព