រាជធានីភ្នំពេញ ៖ ក្រុមចោរចូលគាស់ផ្ទះប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យយកអស់សម្ភារៈមួយចំនួន ខណៈពលរដ្ឋអំពាវនាវឱ្យសមត្ថកិច្ចបង្កើនសកម្មភាពល្បាតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។ ករណីនេះស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រុមចោរហារយ ចូលកាត់ចម្រឹងដែកចូលយកអស់ទ្រព្យសម្បត្តិមួយចំនួន នាយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅមូលដ្ឋាននេះបានអំពាវនាវឱ្យសមត្ថកិច្ច បង្កើនសកម្មភាពល្បាត ដើម្បីសន្តិសុខសុវត្ថិភាពនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។
លោក នី សុជិន្លី ជាមន្ត្រីអគ្គិសនីកម្ពុជា ដែលជាម្ចាស់ផ្ទះដែលត្រូវក្រុមចោរចូលគាស់ផ្ទះខាងលើបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ត្រឡប់មកដល់ផ្ទះនៅម៉ោង១២យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោកបានឃើញផ្ទះរបស់លោកខុសប្រក្រតី ដោយមានការកាត់បង្អួច និងសម្ភារផ្សេងៗរប៉ាត់រប៉ាយ ។ ករណីចោរកម្មនេះ លោកសន្និដ្ឋានថា អាចធ្វើឡើងនៅចន្លោះមុនម៉ោង១២ កណ្តាលអធ្រាត្រ។
លោកបានបញ្ជាក់ទៀតថា បន្ទាប់ពីកាត់ចម្រឹងបង្អួច ក្រុមចោរបានលួចយកកុំព្យូទ័រចំនួន២គ្រឿង កាមេរ៉ាទំនើបមួយគ្រឿង និងសម្ភារមួយចំនួនទៀត ។ លោកបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសំរោងក្រោម ដោយស្នើឱ្យជួយស្រាវជ្រាវ ដើម្បីចាប់ខ្លួនក្រុមចោរទាំងនេះមកផ្តន្ទាទោសទៅតាមច្បាប់ ដើម្បីផ្តល់ទំនុចចិត្តដល់ប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ ជាពិសេសនៅសង្កាត់សំរោងក្រោមនេះតែម្តង ក៏បានសម្តែងពីការព្រួយបារម្ភអំពីភាពអសន្តិសុខ តាមរយៈសកម្មភាពចោរគាស់ផ្ទះជាបន្ទបន្ទាប់ ហើយអំពាវសុំឱ្យសមត្ថកិច្ចបង្កើនសកម្មភាពល្បាត ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព