រដ្ឋ Bahia នៅប្រេស៊ីល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ Sputnik V របស់រុស្ស៊ី ដំណាក់កាលទី ៣ និងត្រៀមទិញដល់ទៅ ៥០លានដូស ដើម្បីប្រើប្រាស់ក្នុងទីផ្សារប្រទេសខ្លួន។ នេះបើតាមការអះអាងពីមន្ត្រីជាន់ខ្ពស់រដ្ឋ Bahai។
វ៉ាក់សាំងប្រឆាំងកូវីដ ១៩ របស់រុស្ស៊ី បានចាប់ផ្តើមអភិវឌ្ឍដោយក្រុមអ្នកវិទ្យាសាស្រ្ត នៃវិទ្យាស្ថានស្រាវជ្រាវ Gamaleya ក្នុងទីក្រុងម៉ូស្គូ និងទទួលសិទ្ធិចែកចាយលើទីផ្សារពិភពលោក ដោយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី RDIF ហើយកាលពីខែមុន ក៏បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋ Paraná ប្រទេសប្រេស៊ីល ដើម្បីតេស្តលើប្រសិទ្ធភាពវ៉ាក់សាំងរុស្ស៊ីផងដែរ។
យោងតាម RDIF រដ្ឋាភិបាលរុស្ស៊ី នឹងលក់វ៉ាក់សាំងប្រឆាំងកូវីដឈ្មោះ Sputnik-V របស់ខ្លួនចំនួន ៥០លានដូស ទៅឲ្យរដ្ឋ Bahia។
លោក Rui Costa អភិបាលរដ្ឋ Bahia ក៏បាននិយាយដែរថា លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងសប្តាហ៍នេះ តម្រូវឲ្យមានការសាកល្បងជាមុន ដោយរដ្ឋរបស់លោក នឹងទទួលវ៉ាក់សាកល្បង ៥០០ដូស ក្នុងពេលឆាប់ៗខាងមុខ សម្រាប់ធ្វើតេស្តពីប្រសិទ្ធភាពឲ្យបានច្បាស់លាស់។
តាមការគ្រោងទុក វ៉ាក់សាំងដែលប្រេស៊ីលទិញពីរុស្ស៊ី នឹងចាប់ផ្តើមដឹកជញ្ជូនទៅរដ្ឋ Bahai ចាប់ពីខែវិច្ឆិកាតទៅ ក្រោយទទួលបានការយល់ព្រមពីការិយាល័យនិយតករប្រទេសនេះ។ នេះបើតាមការបញ្ជាក់បន្ថែមពីសំណាក់ មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី RDIF៕ ដោយ៖ ត្នោត