ខេត្តកំពត ៖ បុរសវ័យ ៣៧ឆ្នាំ ឈ្មោះ ភេន ប្រុស រស់នៅភូមិស្រែ ក្រសាំង ឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃ ១៧ កក្កដា ដាក់ពាក្យបណ្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋាន ភូមិអង្គស្វាយ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ប្តឹងទៅលើ ឈ្មោះ ជន ថន ភេទប្រុស អាយុ ៥៥ឆ្នាំ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកូនស្រីខ្លួន ដែលទើបមាមវ័យ ១៣ឆ្នាំ ជាច្រើនដង ហើយអ្វីគួរឲ្យតក់ស្លុត ក្មេងស្រីរូបនេះ ត្រូវជាចៅបង្កើតជនសង្ស័យតែម្តង។
ក្រោយពីទទួលបានពាក្យបណ្តឹងនោះ សមត្ថកិច្ចក៏ទៅនាំក្មេងស្រីអាយុ ១៣ឆ្នាំ មកសាកសួរពីដំណើររឿង ដែលឪពុកបានប្តឹងជីតា ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈជាបន្តបន្ទាប់ច្រើនដង អំឡុងពេលម្តាយឪពុក បានផ្ញើកូនឲ្យជីតាមើល ដើម្បីចេញទៅរកស៊ីស្រុកគេ។
ក្មេងស្រីនោះបានប្រាប់ថា ពិតជាមានរឿងដូច្នោះមែន ប៉ុន្តែអ្វីដែលកើតឡើងកន្លងមក នាងមិនហ៊ានប្តឹងទេ ព្រោះសព្វថ្ងៃនាងរស់នៅជាមួយតា ដោយសារម៉ែឪបានលែងលះគ្នា ទៅធ្វើការនៅស្រុកថៃ និងនៅខេត្តឧត្តរមានជ័យ ទើបនាងបង្ខំចិត្តទ្រាំរស់ទាំងការឈឺចាប់។
ប៉ុន្តែបើទោះបីមានពាក្យបណ្តឹងពីឪពុក និងការប្រាប់របស់ក្មេងស្រីអាយុ ១៣ឆ្នាំ ដែលជាចៅ នឹងជាជនរងគ្រោះ បានចោទប្រកាន់ថា ត្រូវជីតារំលោភសេពសន្ថវៈជាបន្តបន្ទាប់យ៉ាងណាក្តី នៅចំពោះមុខសមត្ថកិច្ចបុរសវ័យចំណាស់ បានបដិសេធ និងប្រកែកថា មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ។
ទោះបីជាលោកតាប្រកែក ប៉ុន្តែសាក្សីដូចជាប្រពន្ធគាត់ និងមនុស្សរស់នៅក្នុងផ្ទះ ដឹងរឿងលោកតានេះទាំងអស់ គ្រាន់តែគេមិនហ៊ាននិយាយ ដូច្នោះករណីខាងលើនេះ ទើបតម្រូវឲ្យសមត្តកិច្ចឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីដោះស្រាយតាមនីតិវិធី៕ ដោយ៖ ត្នោត