សហគ្រិនទទូចឱ្យរាជរដ្ឋាភិបាលកាត់បន្ថយការនាំចូលអ្វីដែលអ្នកក្នុងស្រុកអាចផលិតបាន
រាជធានីភ្នំពេញ ៖ ក្នុងគោលបំណង ជំរុញដល់ការផលិត និងរកទីផ្សារសម្រាប់ផលិតផល ក្នុងស្រុកសហគ្រិនក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម បានស្នើសុំឱ្យរាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ កាត់បន្ថយនូវការនាំចូលទំនិញ ដែលអាច ផលិតក្នុងស្រុកបាន ។ ធ្វើបែបនេះ នឹងអាចជួយជំរុញដល់អ្នកក្នុងស្រុក មានទឹកទឹកចិត្ត ក្នុងការផលិតហើយនឹងមានទីផ្សារសម្រាប់ផលិតផលផលិតក្នុងស្រុកផងដែរ ។
លោក លាង ឡេង ម្ចាស់សិប្បកម្មផលិតទឹកត្រី ទឹកស៊ីអ៊ីវ នៅម្ដុំជ្រោយចង្វារបានឱ្យ ដឹងថា បច្ចុប្បន្ននេះ ផលិតផលក្នុងស្រុកពិបាកក្នុងការប្រកួតប្រជែងជាមួយអ្នកក្រៅស្រុក ដោយសារតែទំនិញរបស់យើងផលិតឡើងដោយប្រើដើមទុនច្រើនជាងទំនិញ នាំចូល ហើយទំនិញ នាំចូលក៏មិនដឹងប្រភពច្បាស់លាស់ តែគេមានតម្លៃទាបជាងទំនិញក្នុងស្រុក ។
លោកបន្តថា បើសិនមានការកាត់បន្ថយការនាំចូលពីខាងក្រៅ វានឹងធ្វើឱ្យអ្នកក្នុង ស្រុកមានទឹកចិត្តផលិតបន្ថែម ហើយនឹងអាចផ្គត់ផ្គង់បានលើទីផ្សារ ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក៏មានភាពងាយស្រួលក្នុងការត្រួតពិនិត្យទំនិញរបស់អ្នកក្នុងស្រុក ព្រមទាំងអាចធា នាបាននូវគុណភាពសម្រាប់អ្នកប្រើប្រាស់ផងដែរ ។ ម្យ៉ាងទៀត ពលរដ្ឋក្នុងស្រុកជាច្រើន នឹងទទួលបានទំនិញដែលផលិតពីក្នុងស្រុកប្រើប្រាស់កាន់តែច្រើន ។ ជាពិសេសនោះនឹង ធ្វើឱ្យការផលិតកាន់តែច្រើនបង្កើតការងារកាន់តែច្រើន និងអាចរួមចំណែកក្នុងការផ្ដល់ ប្រាក់បៀរវត្សរ៍ដល់ពលរដ្ឋកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចកាន់តែបានច្រើនផងដែរ ។
លោកឧកញ៉ា តែ តាំងប៉រ បានធានាអះអាងថា បើសិនជារដ្ឋាភិបាលអាចធ្វើបាន ដោយកាត់បន្ថយ និងឈានដល់បញ្ឈប់ការនាំចូលទំនិញ ដែលអាចផលិតក្នុងស្រុកបាន នោះ កម្ពុជានឹងមិនខ្វះខាតផលិតផលសម្រាប់ប្រើប្រាស់នោះឡើយ ដោយសារតែ សហគ្រិនក្នុងស្រុកជាច្រើនបាននិងកំពុងពង្រីកអាជីវកម្ម និងសហគ្រាសរបស់ខ្លួនកាន់តែ ច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។ តែអ្វីដែលសហគ្រិនក្នុងស្រុកពិបាកនោះ គឺការប្រកួតប្រជែងពីផលិតផលខាងក្រៅ ។
លោកឧកញ៉ាបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេច តេជោជាប្រមុខ បានដាក់ចេញរួចហើយឱ្យជំរុញការកែច្នៃការផលិតនៅក្នុងស្រុក និងកាត់ បន្ថយការនាំចូលទំនិញពីបរទេស ដោយទុកលទ្ធភាពឱ្យអ្នកក្នុងស្រុក ផលិតសម្រាប់ផ្គត់ ផ្គង់លើទីផ្សារវិញ ។ ប៉ុន្តែមន្ត្រីថ្នាក់ក្រោមនៅតែបន្តបើកដៃឱ្យឈ្នួញនាំចូលទំនិញដែល កម្ពុជាអាចផលិតបានមកចែកចាយដដែល ដោយមិនអនុវត្តន៍តាមអនុសាសន៍របស់ សម្ដេចឱ្យបានខ្ជាប់ខ្ជួននោះឡើយ ។
នៅក្នុងវិស័យកសិកម្មឃើញថា រដ្ឋាភិបាលបានអនុវត្តន៍បណ្ដើរៗហើយនូវការកាត់ បន្ថយរបស់ដែលផលិតបានដោយខ្លួនឯង ប៉ុន្តែនាំចូលដើម្បីតែបង្គ្រប់ទីផ្សារប៉ុណ្ណោះជាក់ ស្ដែងដូចជាជ្រូករស់ មាន់ ទា ជាដើម ។
ធ្វើដូច្នេះវានឹងជំរុញឱ្យតម្លៃកសិផលក្នុងស្រុកកើន ឡើងមួយកម្រិត ដើម្បីឱ្យកសិករអាចរកប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ។ ជា លទ្ធផលវិស័យកសិកម្មបានដើរតួនាទីសំខាន់ក្នុងដំណាក់កាលកូវីដ ១៩ នេះ ដោយវិស័យ នេះបាននិងកំពុងពង្រីកវិសាលភាពកាន់តែធំឡើងថែមទៀត ហើយបានជួយដល់ប្រជា កសិករកាន់តែច្រើន រកប្រាក់ចំណូលក្រៅពីការងារដែលធ្លាប់ទទួលបានមុនកូវីដ ១៩ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព