ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១១ កញ្ញា ឯកឧត្តមជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ច្រាំងទន្លេវ៉ៃគោផ្នែកខាងត្បូងប្រវែង១៥៤ម៉ែត្រ តភ្ជាប់ពីខាងលិចធ្វើរួចរាល់ប្រវែង៩៧៥ម៉ែត្រ(ទំនប់តាណេង) ស្ថិតនៅភូមិ មេភ្លើងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាព នានាក្នុងខេត្ត លោកនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត តំណាងកងកម្លាំងទាំង៣ លោកអភិបាលក្រុងស្វាយរៀង និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត។
សូមបញ្ជាក់ថា ច្រាំងទន្លេដែលត្រូវក្រុងពាលីស្ថាបនាពេលនេះ មានប្រវែង១៥៤ម៉ែត្រ ផ្នែកខាងត្បូង បន្ថែមពីលើច្រាំងផ្នែកខាងលិចមានប្រវែង៩៧៥ម៉ែត្រ ហើយនៅជំហានបន្ទាប់ខាងរដ្ឋបាលខេត្តនឹងរៀបចំក្រាលការ៉ូឡា បំពាក់ភ្លើងបំភ្លឺ សួនច្បារ ដាំដើមឈើលម្អរ កន្លែងហាត់ប្រាណ ព្រមទាំងមានរៀបចំវេទិកាសម្រាប់ប្រារព្ធពិធីប្រណាំងទូក ហើយការអភិវឌ្ឍ និងកែលម្អច្រាំងទន្លេវ៉ៃគោនេះ គឺជាគម្រោងផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពក្នុងក្រុង និងជាកន្លែងកម្សាន្ត លំហែអារម្មណ៍ ហាត់កីឡា ព្រមទាំងជាផ្នែកមួយចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនិងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ហើយក៏ជាសំណង់ដៃប្រត្តិសាស្ត្រសំរាប់ខេត្តស្វាយរៀងផងដែរ។
ចំពោះគម្រោងអភិវឌ្ឍនេះ រដ្ឋបាលខេត្ត សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងក្រុងស្វាយរៀង នឹងអបអរសាទរទទួលយកសមិទ្ធថ្មីដែលជាប្រយោជន៍រួមនេះដោយក្ដីរីករាយ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព