ខេត្តតាកែវ ៖ លោកប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ ហៅកាត់ (ក.ប.បខេត្ត) សហការជាមួយនិងមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងសមត្ថកិច្ច បានចុះពិនិត្យលើគ្រឿងឧបភោគ-បរិភោគមួយចំនួន៣មុខ នៅក្នុងផ្សារធំតាកែវនៅថ្ងៃទី១១ កញ្ញា ស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ដោយបានរកឃើញសារធាតុគីមីបូរ៉ាក់ ទៅលើប្រភេទទំនិញពពុះសណ្តែកជាង២០គីឡូក្រាម ព្រមទាំងដកហូតយកមកបំផ្លាញចោលផងដែរ ។
បើតាមលោកប៉ោ លាងគង់ បានឱ្យដឹងថា ការចុះពិនិត្យរបស់មន្ត្រីជំនាញ ក.ប.ប ក្នុងថ្ងៃ នេះ គឺយើងបានធ្វើតេស្តបឋមជាច្រើនមុខ ទៅលើប្រភេទចំណីអាហារនឹងពិនិត្យរកឃើញពីទំនិញដែលខូចគុណភាពផងដែរ ។ ក្នុងនោះ មន្ត្រីជំនាញបានរកឃើញសារធាតុគីមីប៉ូរ៉ាក់លើពពុះសណ្តែក ដែលប្អូនអាជីករក្នុងផ្សារធំតាកែវ បានដាក់លក់នៅក្នុងរដូវកាលកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ។ ហើយពពុះសណ្តែកនេះដែរ ភាគច្រើនគឺបងប្អូនប្រជាពលរដ្ឋ ទម្លាប់ទិញយកទៅធ្វើម្ហូបច្រើន ជាហេតុដែលធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរសម្រាប់អ្នកប្រើប្រាស់ ពិសេសអាចប៉ះពាល់សុខភាពទៅដល់ព្រះសង្ឃ ។
លោកប្រធានសាខា កបបខេត្ត បន្តថា ក្រៅពីការចុះពិនិត្យប្រភេទទំនិញប្រភេទជាគ្រឿងកំប៉ុង និងចំណីអាហារ ក្នុងនោះយើងក៏បានចុះត្រួតពិនិត្យគ្រឿងសាដកសម្រាប់ប្រគេនព្រះសង្ឃក្នុងរដូវភ្ជុំបិណ្ឌផងដែរ ។ និងពិនិត្យរកទឹកដោះគោប្រភេទម្សៅដែលមានឈ្មោះNutrilatt ដែលក្រសួងពាណិជ្ជកម្ម បានហាមមិនអោយលក់ផងដែរ ប៉ុន្តែរកពុំឃើញមានវត្តមានម្សៅទឹកដោះគោប្រភេទនេះឡើយ ពិសេសគឺគ្រឿងសាដកក៏ពុំមានទំនិញខូចគុណភាពឬហួសកាលបរិច្ឆេទផងដែរ ។
លោក ប៉ោ លាងគង់ ក៏បានធ្វើការសំណូមពរដល់បងប្អូនអាជីវករ ទាំងអស់ ត្រូវលក់ទំនិញណាដែលមានគុណភាព ស្តង់ដារត្រឹមត្រូវ ជូនបងប្អូនយើង ដែលជាអ្នកប្រើប្រាស់ ដើម្បីកុំមានការប៉ះពាល់ដល់សុខភាព និងចូលរួមស្កាត់អោយបានទាំងអស់គ្នានូវទំនិញដែលគ្មានគុណភាព នឹងគ្មានអនាម័យព្រោះសុខភាពជាចំបង ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព