ពលរដ្ឋរស់នៅក្រោមស្ពានស្ទឹងមានជ័យមួយចំនួន បារម្ភពីរឿងគ្មានលុយធ្វើផ្ទះនៅលើដីថ្មី ខណៈពេលរុះរ៉ើចេញ
ពលរដ្ឋរស់នៅក្រោមស្ពានស្ទឹងមានជ័យ មួយចំនួនធំ គ្រោងរុះរ៉ើចេញពីលំនៅដ្ឋានរបស់ខ្លួន នៅចុងខែកក្តដានេះ ដើម្បីនាំគ្នាទៅរស់នៅលើដីថ្មីកម្មសិទ្ធស្របច្បាប់ ដែលផ្តល់ជូនដោយអាជ្ញាធរដែនដី និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ប្រជាពលរដ្ឋបានលើកឡើងថា ផ្ទះដែលស្ថិតនៅក្រោមស្ពានស្ទឹងមានជ័យនេះ គឺជាផ្ទះបណ្តោះអាសន្ន ដែលរៀបចំឡើងដោយអាជ្ញាធរដែនដី។ ហើយពួកគេក៏ស្ម័គ្ររុះរ៉ើចេញពីទីនេះ ខណៈពេលមានការធានាអះអាងពីអាជ្ញាធរថា ពួកគេនិងទទួលបានដី ដែលមានប្លង់កម្មសិទ្ធស្របច្បាប់ យ៉ាងប្រាកដនោះ។
ប្រជាពលរដ្ឋ រស់នៅក្រោមស្ពានស្ទឹងមានជ័យ ម្នាក់បានត្រៀមប្រមូលសម្ភារៈរបស់ខ្លួន ដើម្បីរុះរ៉ើចេញទៅរស់នៅលើដីថ្មី ដែលស្ថិតតាមបណ្តោយប្រឡាយលូ ទឹកស្អុយស្ទឹងមានជ័យ ឈមជា មួយនឹងស្ពានស្ទឹងមានជ័យផងដែរ។ “ដោយសារតែអាជ្ញាធរនៅតំបន់នោះ បានប្រកាសថា ដីដែលត្រៀមឱ្យប្រជាពលរដ្ឋស្របច្បាប់នោះ គឺបានបែងចែករួចរាល់អស់ហើយ ដូច្នេះតម្រូវឱ្យអ្នករស់ នៅទីនេះ គឺត្រូវតែរ៉ើចេញ”។
ប្រជាពលរដ្ឋរស់នៅ ក្រោមស្ពានស្ទឹងមានជ័យម្នាក់ទៀត បានឱ្យដឹងដែរថា អ្នករស់នៅទីនេះមួយចំនួនធំ ក៏បានសង់ផ្ទះលើដី ដែលរដ្ឋាភិបាលផ្តល់ឱ្យនាពេលកន្លង។ ដូច្នេះប្រជាពលរដ្ឋ ដែលបាន ទទួលដីស្របច្បាប់រួចហើយ និងអ្នកដែលបានសង់ផ្ទះរួចហើយ គឺត្រូវតែរ៉ើចេញទៅរស់នៅលើដីថ្មីរបស់ពួកគេ។”ប្រព័ន្ធទឹកនិងភ្លើងជាតម្រូវការចាំបាច់ ដូច្នេះអាជ្ញាធរគួរតែរៀបចំរឿងនេះ ឱ្យបានមុន នៅលើដីថ្មីរបស់ពួកខ្ញុំ”។
ស្រដៀងគ្នាផងដែរ ពលរដ្ឋរស់នៅក្រោមស្ពានស្ទឹងមានជ័យម្នាក់ទៀត បានប្រាប់ដែរថា អាជ្ញាធរបានប្រកាសឱ្យអ្នកមួយចំនួនធំ ដែលរស់នៅទីនេះ គឺត្រូវរ៉ើចេញនៅចុងខែកក្តដា និងដើមខែសីហា ខណៈដីនិងផ្ទះរបស់ពួកគេ ត្រូវបានសង់រួចរាល់ផងដែរ។ អជ្ញាធរបានជួយជាតង់និងសម្ភារស្នាក់នៅមួយចំនួនទៀត សម្រាប់អ្នកដែលមិនទាន់សាងសង់ផ្ទះរួច។ “អ្វីដែលជាផលលំបាករបស់គ្រួសារខ្ញុំ គឺយើងអត់មានលុយសង់ផ្ទះ និងមិនអាចខ្ចីធនាគារ ព្រោះការខ្ចី ត្រូវមានទ្រព្យបញ្ចាំ ប៉ុន្តែខ្ញុំគ្មានទ្រព្យទាំងនោះទេ”។
ដោយឡែកស្រ្តីវ័យចំណាស់ម្នាក់ទៀតបាននិយាយថា គាត់មានផ្ទះកូនៗ ដូច្នេះគាត់អាចស្នាក់នៅជាមួយកូនបាន ដោយមិនចាំបាច់បោះតង់ ទៅរស់នៅលើដីថ្មី ដែលមិនទាន់សង់ផ្ទះរួចរាល់ ។ “ ខ្ញុំ សូមអំពាវនាវឱ្យរដ្ឋាភិបាល និងអាជ្ញាធរជួយរៀបចំយ៉ាងណាឱ្យមានប្រព័ន្ធទឹកភ្លើង ចូលទៅដល់មុន ព្រោះនេះគឺជាតម្រូវការចាំបាច់របស់អ្នករាល់គ្នា ដែលត្រៀមទៅរស់នៅទីនោះ”។
ជុំវិញរឿងនេះ មានប្រជាពលរដ្ឋមួយចំនួនទៀត បានធ្វើការរិះគន់ថា សម្រាប់តំបន់អភិវឌ្ឍស្ទឹងមានជ័យនេះ អាចនឹងប្រឈម ក្លាយទៅជាកន្លែងអាណាធិបតេយ្យសារជាថ្មីម្តងទៀត ខណៈប្រជាពល រដ្ឋមួយចំនួនទៀត ដែលគ្មានថវិកាគ្រប់គ្រាន់ ដើម្បីសង់ផ្ទះនៅលើដីថ្មី ដែលអាជ្ញាធរចែកឱ្យឡើយ។
ទាក់ទងរឿងនេះ អាជ្ញាធរនៅតំបន់ខាងលើ នៅមិនទាន់បញ្ជាក់ប្រាប់ពីដំណោះស្រាយ ជូនប្រជាពលរដ្ឋនៅតំបន់ខាងលើនេះទេ ដោយសារតែលោកឡុង ង៉ែត អភិបាលរងខណ្ឌស្ទឹងមានជ័យ មិន អាចធ្វើការពន្យល់ជុំវិញរឿងបានទេ ព្រោះលោកជាប់រវល់ប្រជុំ។
ទោះបីជាយ៉ាងក្តី បើតាមប្រជាពលរដ្ឋរស់នៅតំបន់កើតហេតុខាងលើ ក៏បានបន្ថែមដែរថា ការផ្តល់ជូនដីនៅតំបន់ខាងលើ ទៅឱ្យប្រជាពលរដ្ឋមាន៤ដំណាក់កាល។ ប្រជាពលរដ្ឋដែលស្ថិត នៅក្នុង ដំណាក់កាលទីមួយ ទីពីរ និងទីបី គឺត្រូវរុះរ៉ើចេញពីផ្ទះបណ្តោះអាសន្ន ក្រោមស្ពានស្ទឹងមានជ័យ នៅចុងខែកក្តដា និងដើមខែសីហានេះ។ រីឯអ្នកដែលស្ថិតនៅក្នុងដំណាក់កាលទី៤ គឺអាចតាំងលំនៅដ្ឋានបណ្តោះអាសន្ន នៅក្រោមស្ពានដដែល ព្រោះពួកគេនៅមិនទាន់ទទួលបានបណ្ណកាន់កាប់ដីស្របច្បាប់ នៅឡើយទេ។
សូមបញ្ជាក់ថា ការតម្រូវឱ្យប្រជាពលរដ្ឋរស់នៅបណ្តោះអាសន្ន នៅក្រោមស្ពានស្ទឹងមានជ័យនេះ គឺដោយសារតែអាជ្ញាធរចង់ប្រែក្លាយតំបន់អាណាធិបតេយ្យមួយកន្លែង ដែលស្ថិតនៅក្បែរស្ពានស្ទឹង មានជ័យ ទៅជាតំបន់អភិវឌ្ឍន៍ ដើម្បីទប់ស្កាត់ភាពអសកម្មផ្សេងៗ និងបង្កើនសោភណ្ឌភាពក្នុងទីក្រុងផងដែរ៕ ដោយ៖ ឃួន លក្ខិណា