ខេត្តក្រចេះ៖ ស្របពេលដែលក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះ គេសង្កេតឃើញថា ព័ត៌មានមនុស្សស្លាប់កើតមានជាបន្តបន្តាប់។ ក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ រន្ទះបាញ់ស្លាប់មនុស្សអស់៣នាក់ នៅខេត្តផ្សេងៗពីរគ្នា។
នៅខេត្តក្រចេះ បាតុភូតគ្រោះធម្មជាតិរន្ទះបាញ់មួយ បានសម្លាប់ជីវិតមនុស្សចំនួន២នាក់ នៅរសៀលថ្ងៃទី១៦ កក្កដា ស្ថិតទីនៅតាំងផ្សេងគ្នា តែក្នុងពេលតំណាលគ្នា។
ប្រភពឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ម្នាក់គឺកំពុងលេងបាល់ និងម្នាក់ទៀតកំពុងជ្រកភ្លៀងនៅក្នុងខ្ទមចម្ការជាមួយប្រពន្ធ។ ជនរងគ្រោះទាំងពីរនាក់ រស់នៅឃុំផ្សេងគ្នា ក្នុងស្រុកព្រែកប្រសព្វ តែបានជួបគ្រោះរន្ទះបាញ់ក្នុងពេលដូចគ្នា ។
ប្រភពបន្តថា ជនរងគ្រោះទី១-ឈ្មោះឡាន លី អាយុ១៨ឆ្នាំ មានទីលំនៅភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ លេងបាល់ទាត់ជាមួយមិត្តភក្កិ ខណៈមេឃកំពុងភ្លៀងនិងមានផ្គររន្ទះ។ រីឯជនរងគ្រោះម្នាក់ទៀត ឈ្មោះ ញ វុទ្ធី អាយុ២៣ឆ្នាំ រស់នៅភូមិកំពង់ដ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ជ្រកភ្លៀងក្នុងខ្ទមចម្ការជាមួយប្រពន្ធ។
ចំណែកនៅខេត្តសៀមរាបឯណោះវិញ បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ខណៈកំពុងភ្ជួរស្រែក្នុងពេលភ្លៀងធ្លាក់ កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចខាងជើងស្រែដំណាក់ ស្ថិតភូមិរំចេក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
នៅថ្ងៃទី១៤ កក្កដា ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះហេតុការណ៍ ខ្យល់កន្ត្រាក់ ផ្គរ រន្ទះលាយឡំជាមួយភ្លៀង អាចនឹងកើតឡើងនៅអំឡុងថ្ងៃទី ១៥ ដល់ថ្ងៃទី២១ ខែកក្កដានេះផងដែរ៕ ត្នោត